ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត និង​អាជ្ញាធរ​សង្កាត់​ចំនួន​៣ រៀបចំ​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី

1 ឆ្នាំ មុន
  • សៀមរាប

ព្រះ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​សៀមរាប សង្កាត់​សាលា​កំរើក សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រុង ខេត្តសៀមរាប មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​បាន​ផ្តួចផ្តើម​រៀបចំ​ពិធី​ប្រណាំងទូក

ខេត្តសៀមរាប ៖ ព្រះ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​សៀមរាប សង្កាត់​សាលា​កំរើក សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រុង ខេត្តសៀមរាប មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​បាន​ផ្តួចផ្តើម​រៀបចំ​ពិធី​ប្រណាំងទូក និង​បណ្តែតប្រទីប ដើម្បី​អបអរសាទរ​ថ្ងៃ​ចេញ​ព្រះ​វស្សា និង​ដើម្បី​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នកស្រុក​ភូមិ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ក្រោម​ការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ព្រះសង្ឃ ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​យុវជន សស​យក​ខេត្ត​ក្រុង អាជីវករ និង​សប្បុរសជន​នានា​បាន​បរិច្ចាគ ធនធាន​ផ្ទាល់ខ្លួន​ទៅ​តាម​សទ្ធា​ជ្រះថ្លា​នូវ​ថវិកា និង​ភេសជ្ជៈ​សម្រាប់​ជួយ​ទ្រទ្រង់​ឱ្យ​កម្មវិធី​ដំណើរការ​ទៅ​យ៉ាង​រលូន​។

ពិធី​ប្រណាំងទូក​លក្ខណៈ​ប្រពៃណី​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​១១ និង​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២២​នេះ នៅ​ចំណុច​ផ្លូវ​តា​អាំ ស្ថិត​ក្នុងភូមិ​ចុងស្រុក សង្កាត់​សៀមរាប ជា​ភូមិ​សាស្ត្រ​ជាប់​បឹង​ទន្លេសាប ដែល​កីឡាករ​សុទ្ធតែ​ជា​បងប្អូន​ក្នុង​មូលដ្ឋាន​នៃ​បណ្តា​សង្កាត់​នីមួយ​ៗ មាន​ទូក​សរុប​ចំនួន​៣០​ទូក ក្នុង​នោះ​ទូក​.​ង ចំណុះ​២២​នាក់ ចំនួន​៤​ទូក ជា​ទូក​កិត្តិយស និង​ទូកប្រណាំង​ដណ្តើម​ជ័យ​លា​ភី មាន​ចំនួន​២៦​ទូក ដែល​ទូក​នីមួយ​ៗ​មាន​ចំណុះ​៦​នាក់ ហើយ​ចំណាត់ថ្នាក់​ជ័យ​លា​ភី នឹង​ជ្រើស​យក​ពី​លេខ​១ ដល់​លេខ​៤ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​គណៈកម្មការ​រៀបចំ​ពិធី ក្នុង​ពេល​ប្រកាស​លទ្ធផល​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​បើក​ការ​ប្រណាំងទូក​នេះ លោក ម៉ៃ សា​មេ​ត ចៅសង្កាត់​សៀមរាប បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​ដែល​បាន​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង ព្រោះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​មិន​បាន​ជួបជុំ​ប្រារព្ធ​ពិធី​ជួបជុំ ឬ​ពិធីបុណ្យ​នានា​នោះ​ទេ ព្រោះ​ដោយសារ​ការ​ឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​អនុវត្ត​តាម​ការ​ណែនាំ​និង​វិធានការ​នានា​ទប់ស្កាត់​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។

លោក​បន្ត​ថា ដោយសារ​ការ​យកចិត្តទុកដាក់ និង​ការ​លះបង់​ខ្ពស់​របស់​ប្រមុខ​ថ្នាក់ ដឹកនាំ​រាជរដ្ឋា​ភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​បងប្អូន​គ្រប់​ទីកន្លែង​ដោយ​ឥត​គិតថ្លៃ តាំងពី​ដូ​ស​ជំរុញ​រហូត​ដូ​ស​មូលដ្ឋាន ទើប​ការ​ឆ្លង​នៃ​ជំងឺ​ដ៏​កា​.​ច​សាហាវ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ និង​សម្រេច​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ តាម​រយៈ​ការ​រៀន​រស់​តាម​បែប​គន្លង​ថ្មី​ជាមួយនឹង​កូ​វី​ដ​-១៩ ដូចនេះ ទើប​យើង​ទាំងអស់​គ្នា​មានឱកាស​ជួបជុំ និង​ប្រា​ព្ធ​ពិធី​ផ្សេង​ៗ ឡើង​វិញ​ក្រោម​ម្លប់​សុខ​សន្តិភាព​តែ​មួយ​។

លោក ម៉ៃ សា​មេ​ត បន្ត​ទៀត​ថា ព្រះរាជ​ពិធី​អុំទូក​នេះ​ធ្វើ​ឡើង គឺ​ដើម្បី​ដាស់តឿន​ឱ្យ​យើង​ទាំងអស់​គ្នា​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី និង​រំលឹក​មនុស្ស​ឱ្យ​ចេះ​ថែរក្សា​ការពារ​ទឹកដី​ឱ្យ​បាន​គង់វង្ស និង​ចេះ​ស្រឡាញ់​គោរព​ព្រះធរណី គង្គា ដោយ​ចូលរួម​សម្អាត​បរិស្ថាន​ឱ្យ​បាន​ស្អាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ