ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោងទ្វារ​ខាងកើត​នៃ​អគារ​ព្រះ​ឥសូរ គ្រោង​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ឡើង​វិញ​ហើយ

1 ឆ្នាំ មុន
  • សៀមរាប

ខ្លោងទ្វារ​អគារ​ព្រះ​ឥសូរ ដែល​ស្ថិត​នៅ​ជ្រុង​ឥ​សាន នៃ​ប្រាង្គ​កណ្តាល របស់​ប្រាសាទព្រះខ័ន គ្រោង​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លងកាត់​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក​ដំណើរការ​មួយ​រយៈពេល ដើម្បី​ធ្វើ​ការងារ​ជួសជុល

ខេត្តសៀមរាប ៖ ខ្លោងទ្វារ​អគារ​ព្រះ​ឥសូរ ដែល​ស្ថិត​នៅ​ជ្រុង​ឥ​សាន នៃ​ប្រាង្គ​កណ្តាល របស់​ប្រាសាទព្រះខ័ន គ្រោង​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លងកាត់​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក​ដំណើរការ​មួយ​រយៈពេល ដើម្បី​ធ្វើ​ការងារ​ជួសជុល​។

លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ និង​ជា​ប្រធាន​ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​អគារ​ព្រះ​ឥសូរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្នកជំនាញ​បាន​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ខ្លោងទ្វារ​នេះ តាំងពី​អំឡុង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២១ មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមការងារ​បាន​បញ្ចប់​ការ​ជួសជុល​ហើយ​។

លោក​បន្ត​ថា ការ​ជួសជុល​ចាប់ផ្តើម​ពី​ការ​សិក្សា​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​កិច្ចការ​អភិរក្ស​កន្លង​មក ធ្វើ​សម្រង់​ប្លង់ ចុះ​ប​ញ្ជើ​ថ្ម ស្វែងរក​ថ្ម រៀប​ផ្គុំ​ថ្ម​សាកល្បង វាស់​ស្ទង់ សិក្សា​វា​.​យ​តម្លៃ​ស្ថានភាព​សំណង់​ដែល​រង​ការ​ខូចខាត ធ្វើ​វិភាគ ហើយ​កំណត់​នូវ​វិធីសាស្ត្រ​ដើម្បី​ជួសជុល​។ បន្ទាប់​មក​រៀបចំ​របាយការណ៍​ដាក់​ឆ្លង​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អង្គរ (ICC-Angkor)​។ ក្រោយ​ទទួល​បាន​អនុសាសន៍​ពី​អ្នក​ជំនាញការ Ad hoc នៃ​អង្គការ​យូ​ណេ​ស្កូ ក្រុមការងារ​ចាប់ផ្តើម​រុះរើ​ត្រង់​ផ្នែក​រង​ការ​ខូចខាត ហើយ​ប្រឈម​នឹង​ដួល​រលំ​។ ធ្វើ​កំណាយ​សិក្សា​ពិនិត្យ​ស្ថានភាព​គ្រឹះ ហើយ​ជួសជុល​ពង្រឹង​គ្រឹះ​និង​ជើង​តាង​។

លោក​បន្ត​ទៀត​ថា អគារ​នេះ​មាន​សសរ​ចំនួន​២៤ ហើយ​ស្រុត​ស្ទើរតែ​ទាំងអស់ ចំណែក​រចនាសម្ព័ន្ធ​សំណង់​ទ្រេត​ខ្លាំង ប្រឈម​នឹង​ដួល​រលំ​។ កិច្ចការ​បន្ត គឺ​ជួសជុល​ពង្រឹង​គ្រឹះ និង​ជើង​តាង (​ដូរ​ថ្ម​ដែល​ពុក​ផុយ ជំនួស​ដោយ​ថ្មបាយក្រៀម​ថ្មី ចំពោះ​ថ្ម​ដែល​មានគុណ​ភាពល្អ​រក្សា​ទុក​ដដែល​) បន្ទាប់​មក​រៀប​ផ្គុំ​សសរ ធ្នឹម និង​ដំបូល​។ លោក​បញ្ជាក់​ថា ក្រោយ​ពី​ការងារ​ជួសជុល​រួច អាជ្ញាធរ​ជាតិ​អប្សរា​រំពឹង​ថា នឹង​បើក​វង់​ទស្សនា​ឱ្យ​បាន​ទូលំទូលាយ​ជាង​មុន ព្រោះ​ពេល​កន្លង​មក អគារ​នេះ​ត្រូវ​បិទ​មិន​ឱ្យ​ភ្ញៀវ​ឆ្លងកាត់​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សំណង់​ខ្លោងទ្វារ​អគារ​ព្រះ​ឥសូរ មាន​លក្ខណៈ​ខុស​ប្លែក​ពី​សំណង់​ផ្សេង​ៗ​នៅ​ក្នុង​ប្រាសាទព្រះខ័ន មាន​ច្រកចេញ​បើកចំហរ​គ្រប់​ទិស គ្មាន​ជញ្ជាំង ហើយ​មាន​ដំបូល​គ្រប​ពីលើ​សសរ​ចំនួន​២៤​ដើម​។

សូម​ជម្រាប​ផង​ដែរ​ថា រចនា​សម្ពន្ធ​ខ្លោងទ្វារ​ខាងកើត​នៃ​អគារ​ព្រះ​ឥសូរ​ធ្លាប់​បាន​រៀបចំ​ទល់​ទ្រ ដោយ​ការ​ទល់​ទ្រនល់ និង​ធ្នឹម​អំពី​បេតុង​នៅ​ឆ្នាំ​១៩២៨ ដោយ​ក្រុម​អភិរក្ស​អង្គរ​នៃ​សាលា​បារាំង​ចុង​បូ​ពា៍ និង​នៅ​ឆ្នាំ​២០០២ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សិក្សា និង​ធ្វើការ​ទល់​ទ្រ នូវ​រចនាសម្ព័ន្ធ​ដែល​ប្រឈម​នឹង​ដួល​រលំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ