ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ភូមិ​កីឡា និង​ចំណត​យានយន្ដ​ត្រូវ​បាន​ត្រួតពិនិត្យ​បន្ថែម

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍
លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC)​បាន​ត្រួតពិនិត្យ​បន្ថែម​លើ​ការ​សាងសង់​ភូមិ​កីឡា​សម្រាប់​បម្រើ​ដល់​ការ​ស្នាក់​នៅ​របស់​ប្រតិភូ​កីឡាករ​កីឡាការិនី និង​ចំណត​យានយន្ត​សម្រាប់​ពិធី​បើក​បិទ​ជា​ផ្លូវការ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ក្នុង​ពេល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​លើក​ទី​៣២​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ឆ្នាំ​២០២៣​ឲ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ ។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ស្តី​ពី​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC​ដើម្បី​ពិភាក្សា​ការងារ​ពាក់​ព័ន្ធដំណើ​ការ​សាងសង់​អគារ​ហេដ្ឋារចនាសម្ព័ន្ធ​ធានា​ដល់​ការ​ស្នាក់​នៅ ហូប​ចុក និង​ដឹក​ជញ្ជូន ប្រតិភូ​កីឡា កីឡាករ កីឡាការិនី​ជាតិ​-​អន្តរជាតិ​នៅ​ភូមិ​កីឡា​(Sport Village)​និង​ការ​ជួសជុល​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​អម​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ការងារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដើម្បី​សម្រួល​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិតថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។

ឯកឧត្តម​វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ការ​រៀប​ចំការ​ស្នាក់​នៅ​ក្នុងភូមិ​កីឡា​សម្រាប់​ចំនួន
មនុស្ស​ជាង ៤.០០០​នាក់ ដោយ​អ្នកឧកញ៉ា សៀ រិ​ទ្ធីប្រធាន​ក្រុមហ៊ុន​សាងសង់​ភូមិ​កីឡា បាន​អះអាង​នៅ​ក្នុង​អង្គប្រជុំ​យ៉ាង​ជាក់ច្បាស់​ហើយ​ថា នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣ នឹង​ត្រូវ​បិទ​ការដ្ឋាន​សាងសង់​ហើយ​ត្រូវ​បំពាក់​ការ​តុបតែង​លម្អ​ដោយ​គណៈកម្មការ​រៀបចំ​បន្ទប់​ស្នាក់​នៅ ។ ការ​រៀបចំ​តុបតែង​បន្ទប់​នេះ សម្រាប់​ទទួល​ប្រតិភូ មន្ត្រី​កីឡា កីឡាករ កីឡាការិនី ក្នុង​រង្វង់​ជាង ៤.០០០​នាក់​។

ពេល​នេះ នៅ​ភូមិ​កីឡា គឺ​សម្រេច​បាន​ចំនួន ៣.៧០០​គ្រែ​ហើយ​ៗ​បន្ទប់​សម្រាប់​ការ​ហូប​ចុក​ស្នាក់​នៅ​នៃ​ចំនួន​នេះ​គឺ​១០០%​នឹង​ប្រគល់​ជូន​គណៈកម្មាធិការ​ជាតិ CAMSOC នា​ចុងខែ​ធ្នូ ឆ្នាំ​២០២២​។

បញ្ហា​សំខាន់​មួយទៀត​គឺ​ចំណតរថយន្ត​នៅ​ពហុ​កី​ឡ​ដ្ឋ​ន​ជាតិ​មរតក​តេ​ជោ ក្នុង​ពេល​ពិធី​បើក​បិទ​ស៊ី​ហ្គេ​ម​ជា​ផ្លូវការ​ដែល​មាន​មនុស្ស​ចំនួន​៦​ម៉ឺន​នាក់​ចូលរួម​ដោយ​ត្រូវ​កំណត់​ការ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ សម្រាប់​ចំណតរថយន្ត​របស់​មហាជន ភ្ញៀវ VIP និង​ចំណត​របស់​ប្រតិភូ​កីឡា ។ ពេល​នេះ​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន បាន​ត្រួតពិនិត្យ​លើ​គម្រោង​ចំណត​យានយន្ត​នេះ ឲ្យ​មាន​របៀបរៀបរយ និង​មាន​សោភ័ណ​ភាព​ផង​ដែរ​។

កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​មួយ​នេះ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​មួយ​ជំហាន​ទៀត​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ក្រៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ និង​ផ្នែក​ខាងក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ មុន​ពេល​១០០​ថ្ងៃ​នៃ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​។ នៅ​ក្នុង​ខែមករា ឆ្នាំ​២០២៣ កម្ពុជា​នឹង​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ​១០០​ថ្ងៃ​ដោយ​មាន​អ្នកជំនាញ​ការ​មក​ពី​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ប្រធាន​ក្រុម​ប្រតិភូ នៃ​ប្រទេស​នីមួយ​ៗ មក​ត្រួតពិនិត្យ​មើល​ផង​ដែរ​។

លោក វ៉ា​ត់ ចំរើន សង្កត់ធ្ងន់​ថា មុន​រយៈពេល​១០០​ថ្ងៃ នៃ​ស៊ី​ហ្គេ​ម ២០២៣​នេះ​ផង​ដែរ កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយ​នៃ​ការ​ត្រៀមខ្លួន​រួចរាល់ (CAMBODIA READY) គ្រប់​ទម្រង់ គ្រប់​ជ្រុងជ្រោយ​ទាំងអស់​ដើម្បី​ឲ្យ​អាស៊ី​អាគ្នេយ៍​ហ្នឹង​បាន​មើលឃើញ​ពី​ការ​ត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា​ដើម្បី
ជំរុញ​​ឲ្យ​ការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ២០២៣ ទទួល​បាន​ជោគជ័យ ។ ការ​ខិតខំ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ឆ្នាំ​២០២៣​ជា​ដំណាក់កាល​ៗ​នេះ គឺ​ដើម្បី​កិត្តិយស​សេចក្តី​ថ្លៃថ្នូររបស់​ជាតិ​យើង​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ