ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​សម្រេចចិត្ត​លើ​ការ​បញ្ចប់​តំណែង​លោក វេ​ង សា​ខុន ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ហើយ​ស្នើ​សភា ដើម្បី​គាំទ្រ​បេក្ខភាព​លោក ឌិ​ត…

ការ​សម្រេចចិត្ត​លើ​ការ​បញ្ចប់​តំណែង​លោក វេ​ង សា​ខុន ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ហើយ​ស្នើ​សភា ដើម្បី​គាំទ្រ​បេក្ខភាព​លោក ឌិ​ត ទីណា ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ទៅ​កាន់​តំណែង​រដ្ឋមន្ត្រី​ជំនួស​លោក​វេ​ង សា​ខុន គឺជា​ដំណើរការ​ចាប់ផ្តើម​បញ្ជ្រាប​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​។​ពេល​នេះ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​តែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​បរិស្ថាន​ម្នាក់ និង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ម្នាក់​ប៉ុណ្ណោះ ដែល​ជា​ឈាម​ថ្មី ។

លោក ឌិ​ត ទី​ណា ត្រូវ​បាន​គេ​ដឹង​ថា លោក គឺជា​កូនប្រុស​លោក ឌិ​ត មុន្ទី ប្រធាន​តុលាការ​កំពូល ហើយ​លោក​ក៏​ជា​សាច់ថ្លៃ​នឹង​លោក​សាយ សំ​អាល់​ផង​ដែរ​។​អនាគត​រដ្ឋមន្ត្រី​ថ្មី និង​រដ្ឋមន្ត្រី​បរិស្ថាន​ដោយ​រួម​ទាំង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​គឺ​សុទ្ធតែ​ជា​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​លោក​ទាំង​៣​មាន​អាយុ ក្រោម​៤៥ ឆ្នាំ ដែល​ជា​វ័យ​ពោរពេញ​ដោយ​សក្តានុពល​ការងារ ហើយ​ម្យ៉ាងវិញទៀត លោក​ទាំង​បី គឺ​សុទ្ធតែ​ជា​បញ្ញា​វ័​ន្ត​វ័យក្មេង​ដែល​ទទួល​ការ​អប់រំ​មក​ពី​ក្រៅប្រទេស​។

ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការ​បញ្ចប់​ដំណែង​លោក វេ​ង សា​ខុន សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២ នា​ពិធី​ចែក​សញ្ញាប័ត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា លោក វេ​ង សា​ខុន មិន​មាន​កំហុស​ធ្ងន់ធ្ងរ​ណា​នោះ​ទេ ហើយ​លោក​ក៏​បាន​ទទួល​ការ​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​។​រីឯ​ការ​ផ្លាស់​ប្តូរ​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ជំរុញ​ការ​អភិ​វ​ឌ្ឈ​ន៍​វិស័យ​កសិកម្ម​កម្ពុជា​តែ​ប៉ុណ្ណោះ​។

សម្តេច​តេ​ជោ មិន​បាន​និយាយ​ខ្លាំង​ៗ​ទាក់ទង​នឹង​រឿង​នៅ​ពីក្រោយ​ការ​បញ្ចប់​តំណែង​លោក វេ​ង សា​ខុន និង​ការ​តែងតាំង​រដ្ឋមន្ត្រី​ថ្មី​ជំនួស​នោះ​ទេ ប៉ុន្តែ​វា​ទំនងជា​មានរឿង​របស់​វា​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​បែប​នេះ​ខណៈ​ដែល​លោក វេ​ង សា​ខុន ក៏​ធ្លាប់​ទទួល​បានការ​រិះគិត​ពី​សម្តេច​ផង​ដែរ កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រុម​អ្នកវិភាគ​បាន​អះអាង​ថា ការ​សម្រេចចិត្ត​នេះ គឺ​ស្រប​តាម​ទស្សនៈវិស័យ​នៃ​ការ​ផ្លាស់​ប្តូរ​របស់​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល​សមាជិក​គណរដ្ឋមន្ត្រី​ភាគច្រើន​ដែល​កំពុង​តែ​កាន់​តំណែង​ខ្លះ​មាន​អាយុ​ជាង​៧០​ឆ្នាំទៅ​ហើយ​នោះ ហើយ​ខ្លះ​មាននៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តាំង​តែ​ពី​ទស្ស​វត្ស៍​ឆ្នាំ​១៩៩០​មក​។

កន្លង​មក​និន្នាការ​នៃ​ការ​បញ្ជ្រាប​ឈាម​ថ្មី​របស់​គណបក្សកាន់អំណាច​ត្រូវ​បាន​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​គិតគូ​ជា​យូរ​មក​ហើយ​។​ក្រោយមក​នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សំបូរ​ដោយ​មន្ត្រី​វ័យ​ចំណាស់​ក៏​ចាប់ផ្តើម​បញ្ចូល​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មី​ពោល គឺជា​ឈាម​ថ្មី​ដែល​សុទ្ធតែ​ជា​អ្នកជំនាញ​វ័យក្មេង ហើយ​នៅ​ឆ្នាំ​២០១៨ ក៏​បាន​ពង្រីក​សមាជិក​គណកម្មាធិការ​កណ្តាល​ឡើង​ដល់​៨៦៥​នាក់ ដោយនៅ​ក្នុង​ចំណោម​អ្នក​ដែល​បញ្ចូល​ថ្មី ទាំង​៣៤២​នាក់ ភាគច្រើន​សុទ្ធតែ​ជា​អ្នកមាន​សមត្ថភាព និង​មាន​វ័យក្មេង​មាន​សក្តានុពល​ការងារ ហើយ​សុទ្ធតែ​ជា​បញ្ញា​វ័​ន្ត​ដែល​ទទួល​ការ​អប់រំ​នៅ​ក្រៅ ប្រទេស​សឹង​ទាំងអស់​ដោយ​ពួក​គេ​មាន​ទាំង​បទ​ពិសោធន៍ និង​ជំនាញ​។

ក្រៅពី​នេះ​កាលពី​ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ នៅ​ពេល​ដែល​គណរដ្ឋមន្ត្រី​របស់​សម្តេច បាន​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជាង​ពាក់កណ្តាល​អណ​ត្តិ​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ មក​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​បាន​ព្រមាន​គណរដ្ឋមន្ត្រី​របស់​សម្តេច​ម្តង​រួច​មក​ហើយដោយ​បាន​លើក​ឡើង​ថា សម្រាប់​អណ​ត្តិ​ក្រោយ​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​នៅ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស គណរដ្ឋមន្ត្រី​ថ្មី​មួយ​ដែល​កើតឡើង​ដោយ​ឈាម​ថ្មី​របស់​គណបក្ស​អាច​នឹង​ត្រូវ​រៀបចំ​ដោយ​សមាជិក​គណរដ្ឋមន្ត្រី​ថ្មី​ទាំងអស់​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​។

ការ​សម្រេចចិត្ត​របស់​សម្តេច​នៅ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ផង និង​នៅ​ក្នុង​តួនាទី​ជា​ប្រធាន​គណបក្សកាន់អំណាច​ផង ការ​សម្រេចចិត្ត​ថ្មី​ៗ​នេះ អាច​ជា​ការ​វាស់​ឬ​ស្ទាបស្ទង់​ថ្លឹងថ្លែង​និន្នាការ​សង្គម​មួយ​មុន​នឹង​មានការ​ផ្លាស់​ប្តូរ​បញ្ចេញ​ឈាម​ចាស់​បញ្ចូល​ឈាម​ថ្មី​មក​ជំនួស ពោល គឺ​អនុវត្ត​ដោយ​សន្សឹម​ៗ​មិន​បង្ខំ ដើម្បី​បន្សាំ​នឹង​ច​លករ​សង្គម ដើម្បី​បង្ការ​ថា នៅ​ពេល​ដែល​មានការ​ផ្លាស់​ប្តូរ​ភ្លាម​នឹង​អាច​កើត​មាន​បញ្ហា​នៅ​ក្នុង​សង្គម​បាន​។​ប៉ុន្តែ​ខណៈ ដែល​ការ​សម្រេច​នេះ​ដំណើរការ​ទៅ​មុខ​បណ្តា​សមាជិក​គណរដ្ឋមន្ត្រី​បច្ចុប្បន្ន​ចាប់ពី​ពេល​នេះ​តទៅ​គួរតែ​បង្កើន​សកម្មភាព និង​ជំរុញ​ការ​ទទួលខុសត្រូវ​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន ហ្មត់ចត់ ប្រសិនបើ​មិន​ដូច្នេះ​ទេ​ឈាម​ថ្មី​អាច​នឹង​ត្រូវ​ដាក់​បញ្ចូល​ជំនួស​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​អនាគត ទោះបីជា​ការ​បោះ​ឆ្នោត​នឹង​មក​ដល់​នៅ​ខែកក្កដា ឆ្នាំ​ក្រោយ​ក៏​ដោយ​ចុះ​។

សរុបសេចក្តី​ទៅ​ឈាម​ចាស់​ដែល​បាន​កំពុង​តែ​ដឹកនាំ​ក្រសួង និង​ស្ថាប័ន​នានា របស់​រាជរដ្ឋាភិបាល​ក្រោម​ខ្សែរ​បន្ទាត់ និង​ដែន​នៃ​អំណាច​ស្របច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយ​កើត​ចេញពី​ការ​បោះ​ឆ្នោត កាលពី​ឆ្នាំ​២០១៨ គួរតែ​សកម្ម​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ឆ្លើយ​តប និង​តម្រូវការ​ក៏​ដូច​ជា ផលប្រយោជន៍​របស់​រាស្ត្រ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​។​បើ​មិន​ដូច្នេះ​ទេ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​ឈាម​ថ្មី​ទំនងជា​អាច​នឹង​បន្ត​កើត​មាន​បន្ថែម​ទៀត មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ទៅ​ទៀត​។

គេ​រំពឹង​ថា សមាជិក​ចាស់​ៗ​គណបក្ស​ប្រជាជន​កម្ពុជា​ទំនងជា​យល់​ថា ពួក​គេ​ដល់​ពេល​ចូល​និវត្តន៍​ហើយ​បើកផ្លូវ​អោយ​មនុស្ស​ជំនាន់​ថ្មី​ចូល​កាន់​តំណែង​។ ឧទាហរណ៍​ដ៏​ច្បាស់លាស់​មួយ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ហើយ​ថា នឹង​អោយ​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​កងទ័ពជើងគោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​វេ​ណ​។​ប៉ុន្តែ​ពេលវេលា​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​។​ខណៈ​ដែល​សម្តេច​តេ​ជោ ធ្លាប់​មាន​ប្រសាសន៍​ថា សម្តេច​នឹង​នឹង​បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ទៀត​នៅ​ឆ្នាំ​២០២៣ នោះ​គេ​រំពឹង​ថា វាសនា​របស់​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទំនងជា​កើត​មាន​ក្រោយ​ឆ្នាំ​២០២៣​។

ពេល​នោះ លោក ហ៊ុន ម៉ា​ណែ​ត ទំ​នឹង​ជា​នឹង​រៀបចំ​គណរដ្ឋមន្ត្រី​មួយ​ដែល​សុទ្ធតែ​ឈាម​ថ្មី​ឬ​មនុស្ស​វ័យក្មេង​ដែល​ពេញកម្លាំង​កាយ និង​ពោរពេញ​ដោយ​ចំណេះដឹង​។​ដំណើរការ​នេះ​នឹង​ត្រូវ​គេ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​៕ អត្ថបទ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ