ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យដារលាន​ទំនៀម​ជនជាតិ​ខ្មែរ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ «​បុណ្យដារលាន​» គឺជា​បុណ្យ​មួយ​ដែល​ជនជាតិ​ខ្មែរ ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ច្រូតកាត់ បោក​បែន និង​ជញ្ជូន​ផល​ស្រូវ​ទុក​ក្នុង​ជង្រុក​រួចរាល់ ។

លោក​ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

ខេត្តកំពង់ឆ្នាំង ៖ «​បុណ្យដារលាន​» គឺជា​បុណ្យ​មួយ​ដែល​ជនជាតិ​ខ្មែរ ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី​ច្រូតកាត់ បោក​បែន និង​ជញ្ជូន​ផល​ស្រូវ​ទុក​ក្នុង​ជង្រុក​រួចរាល់ ។

លោក​ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង កាលពី​ពេលថ្មី​ៗ​កន្លង​មក​លើក​ឡើង​ថា បុណ្យដារលាន​មាន​គោលបំណង​៣ធំ​ៗ ដែល​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ ៖

ទី​១-​ប្រជា​កសិករ​បាន​ជួបជុំ​គ្នា ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​ម្យ៉ាងវិញទៀត​ពួក​គាត់​បាន​ចូលរួម​សប្បាយ​រីករាយ​បន្ទាប់​ធ្វើការ​ហត់នឿយ​ក្នុង​ការ​បង្កបង្កើន​ផល​រយៈកាល​កន្លង​មក ។

ទី​២-​ដើម្បី​អប់រំ​ប្រជា​កសិករ​ឱ្យ​ចេះ​ស្រឡាញ់​ស្រូវ​ដូច​ជា​អ្នក​មានគុណ ព្រោះស្រូវ​កាលពី​ដូនតា បុរាណ​យើង​ជំនាន់​ដើម ចាត់ទុកជា «​ព្រះ​មេ​»  ហេតុនេះ​គឺ​ឱ្យ​ពួក​គាត់​ស្រឡាញ់​ស្រូវ​ដូច​ជា​ឪពុក​ម្តាយ និង​អាយុជីវិត​ខ្លួន​ដែរ ។

ទី​៣-​ចង់​អប់រំ​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​ស្គាល់​គុណ​របស់​ព្រះធរណី និង​ព្រះ​គង្គា ដែល​ជា​ប្រភព​ធនធាន​យ៉ាង​សំខាន់​ក្នុង​របរ​កសិកម្ម គឺ​ការ​ដាំ​ដុះ​ស្រូវ​នេះឯង ។ បើ​គ្មាន​ដី គ្មាន​ទឹក​ទេ គឺ​យើង​មិន​អាច​ធ្វើ​ស្រូវ​បាន​ទេ ។

ចំពោះ​បុណ្យដារលាន​ថ្នាក់​ជាតិ ឆ្នាំ​២០១៧​នេះ ធ្វើ​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​ក្រសួងកសិកម្ម​កំណត់​ធ្វើ​ម្តង​ក្នុង​មួយ​ឆ្នាំ តាម​ខេត្ត​វិល​ជុំ ។ សម្រាប់​ខេត្ត​កំពង់​ឆ្នាំ​បាន​ធ្វើ​កាលពី​ឆ្នាំ​២០១៦​រួច​ហើយ ។                                                                             

យោង​តាម​សៀវភៅ​ឯកសារ​ស្តី​ពី​បុណ្យដារលាន របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បញ្ជាក់​ថា «​ដារ​លាន​»​មាន​ន័យ​ថា «​ការ​ឆ្លង​ទីវាល​រលីង​» ។ បុណ្យដារលាន អ្នកស្រុក​បាន​ហៅ​ខុស​គ្នា​ទៅ​តាម​តំបន់ នីមួយ​ៗ ដូច​ជា​បុណ្យ បោសលាន បុណ្យ​សាមគ្គី បុណ្យ​កណ្តាល​ភូមិ និង​បុណ្យ​ដារ​បាត​លាន​ជាដើម​។ ទោះជា​ហៅ​បុណ្យ​នេះ ខុស​ៗ​គ្នា​យ៉ាងណា​ក្តី តែ​គោលបំណង​សំខាន់​បំផុត នៃ​បុណ្យដារលាន​នេះ គឺ​ដើម្បី​រំលឹក​នឹក​គុណ​ម្ចាស់​ទឹក ម្ចាស់​ដី ដែល​បាន​បន្សល់​ទុក​មរតក​ដ៏​ត្រកាល​នេះ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ប្រកប​របរ​ចិញ្ចឹមជីវិត ព្រោះ​ទឹក​និង​ដី មាន​សារ​ប្រយោជន៍ ដល់​ការ​ប្រកប​របរ​កសិកម្ម ជា​ពិសេស​គឺ​ផ្តល់​នូវ​ភោគផល​ស្រូវ​អង្ករ ដែល​បាន​ចិញ្ចឹមជីវិត​រស់នៅ និង​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជាតិ​យើង ។ បុណ្យ​នេះ​ដែរ​ក៏​ដើម្បី​សុំ​ខមាទោស​នូវ​អំពើ​ឆ្គាំឆ្គង​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត​ប៉ះពាល់​ក្នុង​រដូវ​បង្កបង្កើន​ផល ដូច​ជា​ការ​បន្ទោបង់​ទឹកមូត្រ ឬ​ដើរ​ជាន់​លើ​ទីវាល​ស្រែ​ជាដើម ៕