ខេត្តសៀមរាប ៖ គ្រួសារកសិករមួយរស់នៅភូមិខ្នាផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែតុលា បានទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានស្រែណូយ អំពីករណីចោរគាស់ក្រោលលួចគោរបស់គាត់អស់៣ក្បាលទាំងយប់ ។

ជនរងគ្រោះជាម្ចាស់គោខាងលើ ឈ្មោះ លី ស្រីពៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ អ្នកស្រីបានទៅប្តឹងសមត្ថកិច្ចថា នៅព្រឹកថ្ងៃទី១០ តុលា ប្តីរបស់គាត់ឈ្មោះ អឿន សំ អុល បានបញ្ចេញគោពីក្រោលចំនួន ១៨ក្បាលឲ្យទៅរកស៊ីស្មៅតាមវាលស្រែដូចធម្មតា ។ ហើយជាទម្លាប់ លុះដល់ពេលល្ងាច ប្តីគាត់ដេញគោទាំងហ្វូងនោះត្រឡប់មកបញ្ចូលក្រោលវិញហើយ ដោយរៀបចំមើលគ្រប់ជ្រុងជ្រោយ និងដុតភ្លើងភ្នក់រួចរាល់ អាចវេលាម៉ោង៩ កន្លះយប់ ទើបគាត់ទៅផ្ទះដែលមានចម្ងាយ ប្រហែល៥០០ម៉ែត្រ នៅពេលមកដល់ប្តីរបស់គាត់ក៏បានហូបបាយ រួច នាំគ្នា (ប្តីប្រពន្ធ) ចូលសម្រាកតែម្តងទៅ ។

លុះម៉ោងប្រហែល៧ និង៣០នាទីព្រឹកថ្ងៃទី១១ តុលា ប្តីគាត់បានងើបពីដំណេកមានបំណងដើរទៅមើលគោក្នុងទ្រុង ក៏ឃើញមានដានជើងមនុស្សចំនួន៣នាក់ ដើរសំដៅទៅក្រោលគោគាត់ ប្តីគាត់ក៏ដើរតាមស្នាមជើងនោះ រហូតទៅដល់ក្រោលគោ ទើបក្រឡេកមើលក្នុងក្រោលបាត់គោអស់៣ក្បាល ក្នុងនោះ គោឈ្មូល១ក្បាល សម្បុរ ស (គោបា) និងគោញី២ ក្បាល ពណ៌ក្រហម ១ក្បាល (កុតកន្ទុយ) សម្បុរចំប៉ា១ក្បាល ។

អ្នកស្រី លី ស្រីពៅ បន្តថា នៅពេលដឹងថាបាត់គោពីក្រោល៣ក្បាល ប្តីគាត់បានដើរតាមដានជេីងមនុស្ស ដែលសង្ស័យជាចោរ ដឹកគោទៅទិសខាងត្បូងឡើងរថយន្ត ដែលមានចម្ងាយពីក្រោល គោគាត់ប្រហែល៥០០ ម៉ែត្រ នៅចំណុចក្បែរចំការស្វាយស្ថិតភូមិខ្នារផ្ទោលឃុំស្រែណូយ ។
ក្រោយពីទទួលបានពាក្យបណ្តឹង នោះភ្លាម កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌបានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រែណូយ បើកការស៊ើបអង្កេត និងស្រាវជ្រាវដោយយ៉ាងយកចិត្តទុកដាក់ និងជាបន្ទាន់ ដើម្បីវែកមុខជនសង្ស័យ ជាមុខសញ្ញាចោរគាស់ក្រោលលួចគោ៣ក្បាលរបស់ប្រជាកសិករ យកមកអនុវត្តទោសតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ