រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោមរូបភាពវិនិយោគតាមអនឡាញ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដានេះថា តាមបញ្ជាដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្ក្រាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ តាមអនឡាញ ដោយទទួលបានប្រាក់ចំនេញច្រើន ក្នុងរយៈពេលខ្លី នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ប.ច ភេទប្រុស ជនជាតិខ្មែរ ។
តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីធនាគារ ដើម្បីទទួលប្រាក់ពីជនរងគ្រោះ ដែលជាផល នៃបទល្មើស និងបានផ្ទេរប្រាក់បន្ដទៅកាន់គណនីផ្សេងៗទៀត ព្រមទាំងបានប្តូរទៅជារូបបីយប័ណ្ណឌីជីថល (USDT) ថែមទៀតផង ។ រូបិយប័ណ្ណឌីជីថល USDT គឺជាប្រភេទរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) មួយដែលគេហៅថា Stablecoin ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាអោយបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ ៕


ចែករំលែកព័តមាននេះ