ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៥ ក្រោយពីជនសង្ស័យទាំងនោះ នាំគ្នាធ្វើសកម្មភាពលួចនាំសត្វគោឆ្លងដែនពីថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ ប្រមាណជិត៣០ក្បាល។

លោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើនោះ រួមមាន ១-ឈ្មោះ ភ័ណ្ឌ ផេង ភេទប្រុស អាយុ៣៥ឆ្នាំ ២- ឈ្មោះ ផេង ថៃ ភេទប្រុស អាយុ២០ឆ្នាំ និង៣- ឈ្មោះ ស្រប នៀត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។

លោកបានបញ្ជាក់ថា ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានដាក់វិធានការទប់ស្កាត់ទំនិញដែលលួ.ចនាំចូលពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា មានដូចជា ៖ បន្លែ ផ្លែឈើ និងត្រី សាច់ ព្រឹមទាំងសត្វពាហណៈ។ ហើយកម្លាំងចម្រុះ ក៏បានចេញល្បាតតាមបន្ទាត់ព្រំដែន និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដោយក្នុងនោះ មានជនសង្ស័យ២នាក់ បានលួ.ចនាំចេញសត្វគោពីប្រទេសថៃ ក្នុងភូមិសាស្គ្រស្រុកម៉ាឡៃចំនួន៨ក្បាល និងជនសង្ស័យម្នាក់ទៀត លួ.ចនាំចេញសត្វគោពីប្រទេសថៃ មកកម្ពុជា ស្ថិតក្នុងភូមិសាស្គ្រស្រុកថ្មពួក ចំនួន១៨ក្បាល កាលពីយប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៥ នៅចំណុចព្រំដែន ស្ថិតក្នុងភូមិសាស្គ្រភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។

លោកអនុសេនីយ៍ឯក ង៉ាម គឹមឆាត បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធករណីលួ.ចនាំសត្វគោឆ្លងដែនពីថៃចូលមកម្ពុជា ប្រមាណជិត៣០ក្បាលដោយខុសច្បាប់នោះរួចមក កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងស្រុកថ្មពួក បាននាំយកមករក្សាទុកនៅសាលាស្រុកម៉ាឡៃ និងស្រុកថ្មពួក ហើយនាំជនសង្ស័យទៅសាកសួរ ។ បើតាមចម្លើយសារភាព និងវត្ថុតាងដែលនាំចូលសត្វគោពីប្រទេសថៃដោយខុសច្បាប់នោះ ត្រូវបានអនុវត្តន៍តាមច្បាប់ហើយ៕

ចែករំលែកព័តមាននេះ