ខេត្តត្បូងឃ្មុំ ៖ ឡកែច្នៃកៅស៊ូក្រែបមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងឃុំក្រែក ស្រុកពញាក្រែក និងត្រូវបានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចេញទៅអន្តរាគមន៍ និងបាញ់ទឹកពន្លត់ជាបន្ទាន់។ នៅក្នុងនៅហេតុការណ៍នេះ ពុំមាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះទេ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដានេះថា ដំបូងឡើយ គេបានឃើញផ្សែងហុយចេញពីឡកៅស៊ូក្រែប ដោយមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៀតផង។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចក្រុមហ៊ុន រោងចក្រជ័រ ( ថុងតុងរ៉ាប់ប៊ឺរ ) ស្ថិតក្នុងភូមិជីពាំង ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពដដែល បន្តឲ្យដឹងទៀតថា ជាមួយគ្នានោះ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ដែលបានឲ្យរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ប្រចាំការ២៤ម៉ោង មួយគ្រឿង ប្រញាប់ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ ដើម្បីទប់ស្កាត់ ក្រែងអណ្ដាតភ្លើងឆាបឆេះទៅកន្លែងផ្សេងទៀត ឬក៏ប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះជាដើម។

សកម្មភាពសហការរបស់កម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក និងប្រជាពលរដ្ឋ ព្រមទាំងកម្មកររោងចក្រ បានសហការគ្នាជួយពន្លត់ភ្លើងរលត់ទៅវិញបានទាន់ពេលវេលា។ ដោយគ្រាន់តែបណ្តាលឱ្យខូតខាតសម្ភារៈមួយចំនួនដូចជា ៖ ១- ខូចខាតឡចម្អិនជ័រក្រែបកៅស៊ូទាំងស្រុង ដែលគិតទឹកប្រាក់ប្រហែល ៥០០០០ដុល្លាសហរដ្ឋអាមេរិក, ២- ខូចខាតជ័រក្រែប ចំនួន១០តោន ស្មើនឹងទឹកប្រាក់ចំនួន ១៥៥០០ដុល្លាសហរដ្ឋអាមេរិក និងសម្ភារៈមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ខូចខាតអស់ចំនួន ៦៥៥០០ដុល្លារ ហើយប្រើប្រាស់រថយន្តទឹកអស់ចំនួន១គ្រឿង ។ ចំណែកឯមនុស្សវិញ មិនមានរណាម្នាក់របួសនោះទេ ។

សូមបញ្ជាក់ផងដែរថា រោងចក្រកើតហេតុខាងលើនេះ នៅពេលដែលកែច្នៃចេញជាកៅស៊ូក្រែបហើយនោះ គឺនាំចេញទៅកាន់ប្រទេសជិតខាង។ ហើយបើតាមដំណឹងបានឱ្យដឹងថា ទីតាំងខាងលើនេះ គឺមានភាគហ៊ុនអាជីវករពីរទៅបីនាក់ ដែលបានដំណើរការកិនកៅស៊ូក្រែបជាច្រើនខែមកហើយ មិនដែលជួបបញ្ហាបែបនេះឡើយ។




ចែករំលែកព័តមាននេះ