ទីក្រុងញូដេលី៖ ដឹងការពិតជាបណ្ដើរៗហើយជុំវិញសំណុំរឿងធ្លាក់យន្តហោះឥណ្ឌារបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែឥណ្ឌា (Air India) កាលពីថ្ងៃទី១២ ខែមិថុនាដែលបណ្ដាលឱ្យស្លាប់មនុស្ស២៦០នាក់ នៅរស់តែម្នាក់គត់។ លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាប្រព័ន្ធបង្ហូរប្រេងចូលទៅក្នុងម៉ាស៊ីនយន្តហោះត្រូវកាត់ផ្ដាច់ បណ្ដាលឱ្យម៉ាស៊ីនគាំងទាំងស្រុងលែងដំណើរការ។
អីចឹងហើយទើបបានជាយន្តហោះហើបកង់ផុតពីដីបានតែជាង៤០វិនាទីប៉ុណ្ណោះក៏នៅឆ្កឹងកណ្ដាលអាកាស រួចធ្លាក់ទៅលើដី និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ មិនតែប៉ុណ្ណោះនិស្សិតពេទ្យដែលស្នាក់នៅក្នុងអគារក្បែរនោះក៏ស្លាប់អស់ប៉ុន្មាននាក់ផងដែរ។ យន្តហោះនោះត្រូវចាកចេញពីទីក្រុងអាមេដាបាត (Ahmedabad) សំដៅទៅទីក្រុងឡុង ចក្រភពអង់គ្លេស។
រូបវីឌីអូឃ្លីបដែលទាញចេញពីកាមេរ៉ាសុវត្ថិភាពបង្ហាញថាបន្ទាប់ពីហោះឡើងភ្លាម យន្តហោះក៏ចាប់ផ្ដើមបញ្ចេញថាមពលស្តុកទុកនៅទួប៊ីនខ្យល់ (turbine)។ នេះជាសញ្ញាបង្ហាញថាប្រព័ន្ធបង្ហូរប្រេងត្រូវកាត់ផ្ដាច់។ ដូច្នេះម៉ាស៊ីនទាំងសងខាងមិនអាចដំណើរការតទៅទៀតបានឡើយ។ តាមរយៈសារជាសំឡេងដែលគេស្រាវចេញពីប្រអប់ខ្មៅ គេស្ដាប់ឮសំឡេងអាកាសយានិកម្នាក់ (នៅក្នុងចំណោម២នាក់) ស្រែកសួរអាកាសយានិកម្នាក់ទៀតថាហេតុដូចម្ដេចបានជាគាត់បិទប្រព័ន្ធបង្ហូរប្រេង។
នៅពេលឮសួរដូច្នេះ អាកាសយានិកម្នាក់ទៀតក៏ឆ្លើយតបទៅវិញថាគាត់មិនបានបិទទេ។ គេមិនទាន់ដឹងថាតើសំឡេងឆ្លើយឆ្លងគ្នានោះមួយណាជាសំឡេងរបស់អាកាសយានិកធំ និងមួយណាជាសំឡេងរបស់អាកាសយានិករងនោះទេ។ មុនពេលយន្តហោះធ្លាក់ដល់ដីតែបន្តិចប៉ុណ្ណោះ គេស្ដាប់ឮសំឡេងអាកាសយានិកម្នាក់និយាយថាអាសន្នដល់ហើយ! អាសន្នដល់ហើយ! អាសន្នដល់ហើយ!
អាកាសយានិកធំដែលបើកយន្តហោះនោះគឺលោកស៊ូមីត សាបាវ៉ាល់ (Sumeet Sabharwal) វ័យ៥៦ឆ្នាំ មានបទពិសោធបើកយន្តហោះជាង១ម៉ឺន ៥ពាន់ម៉ោង។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលឥណ្ឌា។ គាត់ក៏ជាគ្រូបង្ហាត់បើកយន្តហោះរបស់ក្រុមហ៊ុនអ៊ែឥណ្ឌាផងដែរ។ ចំណែកអាកាសយានិករងគឺលោកគ្លីវ ឃុនដឺ (Clive Kunder) វ័យ៣២ឆ្នាំ មានបទពិសោធបើកយន្តហោះជាង៣ពាន់ម៉ោង។
ក្រុមអ្នកជំនាញខាងវិស័យអាកាសចរណ៍អះអាងថាអាកាសយានិកមិនអាចកាច់កុងតាក់បិទ-បើកប្រេងដោយច្រឡំដៃបានទេ។ យន្តហោះគេផលិតមកមានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បំផុត។ នៅក្នុងករណីយន្តហោះឥណ្ឌា ឧបមាថាអាកាសយានិកម្នាក់ចុចកុងតាក់បិទប្រព័ន្ធបង្ហូរប្រេង។ សួរថាតើគាត់ធ្វើបែបនេះដើម្បីអ្វី? ខាងលើនេះជាចម្ងល់របស់លោកអានថូនី ប្រ៊ីកហាវ (Anthony Brickhouse) ជាអ្នកជំនាញខាងវិស័យអាកាសចរណ៍ជនជាតិអាមេរិកាំង។
ការកាច់កុងតាក់ផ្ដាច់ប្រព័ន្ធបង្ហូរប្រេងអាចធ្វើទៅបានតែនៅក្នុងករណីពិសេសៗ ឧទាហរណ៍ដូចជានៅពេលយន្តហោះចុះដល់ដីហើយ ឬនៅក្នុងគ្រាអាសន្ននៅពេលយន្តហោះឆេះកណ្ដាលអាកាស។ ប៉ុន្តែសម្រាប់ករណីយន្តហោះឥណ្ឌាហាក់ដូចជាគ្មានសញ្ញាថាយន្តហោះជួបនឹងបញ្ហារអាក់រអួល ឬបញ្ហាបច្ចេកទេសអ្វីទេមុនពេលកុងតាក់បង្ហូរប្រេងត្រូវបានកាច់ចុះខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ