ទីក្រុងកៀវ៖ កាលពីយប់មិញ រុស្ស៊ីបន្តប្រតិបត្តិការសឹកពិសេសរបស់ខ្លួនដោយផ្ដោតសំខាន់លើតំបន់ភាគខាងលិចបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច២នាក់នៅទីក្រុងឆឺននីវស៊ី (Chernivtsi) ដែលនៅជាប់នឹងព្រំដែនប្រទេសរ៉ូម៉ានី។ បណ្ដាទីក្រុងនៅភាគខាងលិចដូចជាល្វីវ (Lviv), លូត (Lutsk) និងឆឺននីវស៊ី (Chernivtsi) រងគ្រោះខ្លាំងជាងគេដោយសាររុស្ស៊ីវាយប្រហារផ្គួបគ្នារវាងដ្រូន និងមីស៊ីល។
ក្រៅពីនេះ ទីក្រុងតូចធំដទៃទៀតរបស់អ៊ុយក្រែនក៏មិនអាចនៅបានសុខឡើយ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកអានឌ្រី ស៊ីប៊ីហា (Andriy Sybiha)។ លោកបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថារុស្ស៊ីបន្តបើកយុទ្ធនាការបំភិតបំភ័យកាន់តែខ្លាំងឡើងៗ និងវាយប្រហារដោយដ្រូន និងមីស៊ីល។ ពួកគេវាយប្រហារជារលកចេញម្ដងៗទាំងផ្ទាំងៗ។ ទីតាំងរស់នៅរបស់ជនស៊ីវិលរងការខូចខាត, ជនស៊ីវិលស្លាប់ និងរបួសជាបន្តបន្ទាប់។
ប្រមុខការទូតអ៊ុយក្រែនសូមអំពាវនាវជាថ្មីម្ដងទៀតទៅក្រុមប្រទេសមហាអំណាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចឱ្យបានខ្លាំងក្លាបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី។ លោកថាក្នុងមួយថ្ងៃៗ គ្រឿងសព្វាវុធសម្រាប់ធ្វើសង្គ្រាមរបស់រុស្ស៊ីបង្កការភ័យខ្លាចរាប់រយកន្លែង។ ទំហំវាយប្រហារនេះមិនត្រឹមតែគំរាមកំហែងអ៊ុយក្រែនប៉ុណ្ណោះទេ។ ប៉ុន្តែតំបន់អន្តរអាត្លង់ទិចទាំងមូលនឹងមានអារម្មណ៍បែបនេះដូចគ្នា។
អភិបាលតំបន់ឆឺននីវស្គី (Chernivetskyi) លោករ៉ាស់ស្លាន់ ហ្សាប៉ារ៉ានិច (Ruslan Zaparaniuk) ថ្លែងថាមនុស្ស២នាក់ស្លាប់ និង១៤នាក់ទៀតរងរបួសដោយសារដ្រូន និងមីស៊ីលវាយប្រហារទីក្រុងដែលស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន-រ៉ូម៉ានី។ មន្ត្រីថ្នាក់មូលដ្ឋានថ្លែងបន្ថែមថានៅទីក្រុងនេះមានករណីផ្ទុះគ្រាប់កាំភ្លើងជាច្រើនកន្លែង។
អគារស្នាក់នៅរបស់ប្រជាជន និងអគាររដ្ឋបាលក៏រងការខូចខាតជាច្រើនផងដែរ។ ក្រឡេកទៅមើលទីក្រុងល្វីវដែលស្ថិតនៅជាប់នឹងព្រំដែនប្រទេសប៉ូឡូញឯណោះវិញ អគារធំៗ៤៦ខ្នង, អគារសាកលវិទ្យាល័យ, សាលាក្ដី និងហាងលក់ឥវ៉ាន់ខ្នាតតូច និងមធ្យមប្រហែលម្ភៃខ្នងរងការខូចខាត។ នេះបើយោងតាមការបញ្ជាក់ពីលោកអានឌ្រី សាដូយី (Andriy Sadovyi) ជាអភិបាលក្រុង៕
ចែករំលែកព័តមាននេះ