ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ព្រ.មា.ន​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​អាស៊ី​បូព៌ា​កុំ​ប៉ះ​ពាល់​កូរ៉េ​ខាង​ជើង​បើ​ចង់​សុខ​ខ្លួន

2 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​រុស្ស៊ី​ចាប់​ផ្ដើម​ចេញ​សារ​​ព្រមាន​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​ក្រើន​រំលឹក​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​អាស៊ី​បូព៌ា​ដែល​មាន​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម​កុំ​ធ្វើ​ជ្រុល​ដៃ​ពេក​ដែល​អាច​ប៉ះ​ពាល់​សន្តិ​សុខ​ជាតិ​កូរ៉េ​ខាង​ជើង​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​ម៉ូស្គូ និង​ព្យុង​យ៉ាង​បាន​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​មិត្ត​ភាព​-​សហ​ការ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​​យោធា​ និង​សេដ្ឋ​កិច្ច​។ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ មាន​ចំណុច​មួយ​និយាយ​ថា​ភាគី​ហត្ថ​លេខី​ត្រូវ​បញ្ជូន​កង​ទ័ព ឬ​អាវុធ​ទៅ​ជួយ​ភាគី​មួយ​ទៀត​ដែល​ជាប់​ដៃ​ធ្វើ​សង្គ្រាម…

ទី​ក្រុង​ម៉ូស្គូ៖ ​រុស្ស៊ី​ចាប់​ផ្ដើម​ចេញ​សារ​​ព្រមាន​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​ក្រើន​រំលឹក​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​អាស៊ី​បូព៌ា​ដែល​មាន​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម​កុំ​ធ្វើ​ជ្រុល​ដៃ​ពេក​ដែល​អាច​ប៉ះ​ពាល់​សន្តិ​សុខ​ជាតិ​កូរ៉េ​ខាង​ជើង​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​ម៉ូស្គូ និង​ព្យុង​យ៉ាង​បាន​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​មិត្ត​ភាព​-​សហ​ការ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​​យោធា​ និង​សេដ្ឋ​កិច្ច​។

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ មាន​ចំណុច​មួយ​និយាយ​ថា​ភាគី​ហត្ថ​លេខី​ត្រូវ​បញ្ជូន​កង​ទ័ព ឬ​អាវុធ​ទៅ​ជួយ​ភាគី​មួយ​ទៀត​ដែល​ជាប់​ដៃ​ធ្វើ​សង្គ្រាម ឬ​រង​ការ​វាយ​ប្រហារ​។ ថ្ងៃ​នេះ​ ប្រមុខ​ការ​ទូត​រុស្ស៊ី​ លោក​ឡាវ​រ៉ូស (Lavrov) ថ្លែង​ថា​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​មិនត្រូវ​បង្កើត​សម្ព័ន្ធ​ត្រី​ភាគី​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កូរ៉េ​ខាង​ជើង​នោះ​​ទេ​។ ការ​ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​បំពេញ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ជើង​ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់​ទំនង​យោធា និង​កិច្ច​សហ​ការ​​​ការ​នៅ​ក្នុង​វិស័យ​ដទៃ​ទៀត​។​

លោ​កឡាវ​រ៉ូស​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​វុន​សាន (Wonsan) ​​​នៅ​​​ភាគ​ខាង​កើត​ដើម្បី​ជួប​សមភាគី​របស់​លោក​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​ទំនាក់​ទំនង​​​ប្រទេស​ទាំង​២​​រីក​លូត​លាស់​ដូច​ផ្កា​ត្រូវ​ទឹក​សន្សើម​។ កូរ៉េ​ខាង​ជើង​ក៏​ប្រកាស​ទទួ​ល​ស្គាល់​រួច​ហើយ​ថា​ខ្លួន​ពិត​ជា​បាន​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​រុស្ស៊ី​នៅ​តំបន់​ខឺស (Kursk) និង​ជួយ​អាវុធយុទ្ធ​ភ័ណ្ឌ និង​គ្រាប់​រំសេ​វ​ក៏​មិន​តិច​ដែរ​។ ជា​ថ្នូរ​ត្រឡប់​មកវិញ រុស្ស៊ី​ជួយ​បំពេញ​បន្ថែម​បច្ចេក​វិទ្យា​ដែល​កូរ៉េ​ខាង​ជើង​ខ្វះ​ខាត និង​ជួយ​ផ្នែក​សេដ្ឋ​កិច្ច​​។

​នេះ​មិន​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​កូរ៉េ​ខាង​ត្បូង​ និង​សម្ព័ន្ធ​មិត្ត​។ ដ្បិត​អី​ពួក​គេ​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​ចែក​រំលែក​បច្ចេក​​វិទ្យា​យោធា​សំខាន់​ៗ​។ ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ កូរ៉េ​ខាង​ជើង​មិន​ទាន់​ឈាន​ដល់​ផលិត​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​បំពាក់​នៅ​លើ​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​សម្រាប់​បាញ់​បាន​ឆ្ងាយ​ៗ​រហូត​ដល់​ជាង​មួយ​ម៉ឺន​គីឡូ​ម៉ែត្រ​នៅ​ឡើយ​ទេ​។ បើ​រុស្ស៊ី​ជួយ​បំពេញ​បន្ថែម​ត្រង់​ចំណុច​នេះ​នឹង​ក្លាយ​ជា​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​សម្រាប់​ក្រុម​ប្រឆាំង​។​

ងាក​មក​កិច្ច​ជំនួប​រវាង​ប្រមុខ​ការ​ទូត​រុស្ស៊ី  និង​កូរ៉េ​ខាង​ជើង​នៅ​ទី​ក្រុង​វុន​សាន​​ លោក​ឡាវ​រ៉ូស​បាន​ឆ្លៀត​យក​ឱកាស​នោះ​ចោទ​ប្រកាន់​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ថា​ពួក​គេ​កំពុង​កសាង​កម្លាំង​យោធា​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​កូរ៉េ​ខាង​ជើង​។ ដូច្នេះ​លោក​សូម​ព្រមាន​ថា​ពួក​គេ​មិន​ត្រូវ​ឆ្លៀត​បង្កើត​​សម្ព័ន្ធ​ភាព​នេះ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋ​ដទៃ​ឡើយ ​រួម​ទាំង​កូរ៉េ​ខាង​ជើង​ និង​រុស្ស៊ី​ផង​ដែរ​។​

ការ​ថ្លែង​របស់​ប្រមុខ​ការ​ទូត​រុស្ស៊ី​ចំ​ពេល​ដែល​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ទ្រង់​ទ្រាយ​ធំ​​កាន់​តែ​ញឹក​ញាប់​ជាង​មុន​នៅក្នុង​​​អ្វី​ដែល​ពួក​គេ​អះ​អាង​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​ប្រហារ​ដោយ​នុយ​ក្លេ​អ៊ែរ​ពី​សំណាក់​កូរ៉េ​ខាង​ជើង​។ ការ​ធ្វើ​សមយុទ្ធ​នេះ​ត្រូវ​គេ​បក​ស្រាយ​ផ្សេង​គ្នា​។ ថ្វី​ដ្បិត​សម្ព័ន្ធ​មិត្ត​ត្រី​ភាគី​​អះ​អាង​ថា​​ជា​សមយុទ្ធ​ការ​ពារ​ខ្លួន​ ប៉ុន្តែ​ទី​ក្រុង​ព្យុង​យ៉ាង​យល់​ថា​នេះ​ជា​ការ​គំរាម​កំហែង​មក​លើ​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​ និង​ជា​ការ​ហាត់​សម​ដើម្បី​ត្រៀម​វាយ​ប្រហារ​ទៅ​លើ​ខ្លួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ