​អន្តរជាតិ » ព្រឹត្តិការណ៍អន្តរជាតិ

អីុស្រា​អែ​ល​គំរាម​កម្ទេច​ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី

ដោយ ៖ ខាន់ សុខឃន   

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៤:៣០   (20-03-2017 14:30)

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុ​ស្រា​អែ​ល លោក AVIGDOR LIEBERMAN បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៩ មីនា ថា កង​យន្តហោះ​អីុ​ស្រា​អែ​ល​នឹង​កម្ទេច​បណ្តា​ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី ប្រសិនបើ​កងទ័ព​របស់​លោក​បា​ចា អាល់​អាសា​ដ បាញ់​មី​ស៊ី​ល​ជា​ថ្មី ប្រឆាំង​បណ្តាយន្តហោះ​អីុ​ស្រា​អែ​ល ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​តាម​វិទ្យុជាតិ លោក LIEBERMAN ព្រមាន​ថា នា​ពេល​ខាង​មុខ ប្រសិនបើ​ពួក​ស៊ី​រី ប្រើប្រាស់​ប្រព័ន្ធ​ការពារ​អាកាស​ប្រឆាំង​យន្តហោះ​យើង​នោះ យើង​នឹង​កម្ទេច​ប្រព័ន្ធ​ទាំងនេះ ដោយ​ពុំ​មានការ​រារែក​ឡើយ ។

រដ្ឋមន្ត្រី​រូប​នេះ បាន​ធ្វើការ​ព្រមាន​បែប​នេះ​បន្ទាប់​ពី​ការ​វាយឆ្មក់​តាម​អាកាស​មួយ​របស់​អុ​ី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​១៧ មីនា នៅ​ស៊ី​រី ប្រឆាំង​ការ​ផ្ទេរ​អាវុធ​មួយ​ដែល​អុ​ី​ស្រា​អែ​ល​ថា ឱ្យ​ដល់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ លី​បង់ ។ ការ​វាយប្រហារ​នេះ​ញ៉ាំង​ឱ្យ​មានការ​តបត​វិញ​តាម​រយៈ​ការ​បាញ់​មី​ស៊ី​ល​របស់​ស៊ី​រី​ប្រឆាំង​យន្តហោះ​អុ​ី​ស្រា​អែ​ល​មួយ​គ្រឿង តែ​មី​ស៊ីល​នេះ ត្រូវ​ស្ទាក់​កម្ទេច ។

កងទ័ព​ស៊ី​រី​អះអាង​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​អុ​ី​ស្រា​អែ​ល​មួយ​គ្រឿង​ហើយ​បាញ់​ត្រូវ​មួយ​គ្រឿង​ទៀត តែ​អុ​ី​ស្រា​អែ​ល​បាន​បដិសេធ ។

នេះ​ជា​ការ​ប៉ះទង្គិច​គ្នា​ធ្ងន់ធ្ងរ​មួយ​រវាង​ប្រទេស​ទាំង​២ តាំងពី​ចាប់ផ្តើម​ជម្លោះ​នៅ​ស៊ី​រី​ពី​ខែមីនា ឆ្នាំ​២០១១​មក ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អីុស្រា​អែ​ល​បន្ត​ថា រាល់​លើក​ពេល​យើង​កំណត់​ដឹង​ពី​ការ​ផ្ទេរ​អាវុធ​របស់​ស៊ី​រី ទៅ​កាន់​លី​បង់​នោះ​យើង​នឹង​ធ្វើ​សកម្មភាព​ដើម្បី​រារាំង ។ រឿង​នេះ​នឹង​គ្មាន​ការ​សម្របសម្រួល​ណាមួយ​ឡើយ ។ ពួក​ស៊ី​រី​ត្រូវ​តែ​យល់​ថា ពួក​គេ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​ផ្ទេរ​អាវុធ​ឱ្យ​ដល់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ហើយ​បើ​ដរាបណា​បន្ត​ធ្វើ​នោះ​យើង​នឹង​ត្រូវ​បញ្ចេញ​ប្រតិកម្ម​ដែល​យើង​ត្រូវធ្វើ ៕