ព័ត៌មាន​អន្តរជាតិ » ព្រឹត្តិការណ៍អន្តរជាតិ

អា​ល្លឺ​ម៉​ង់​តប​ថា គ្មាន​ប្រាក់​ឯណា​ច្រើន​ឱ្យ​អូតង់ និង​អា​មេ​រិ​ក​ឡើយ

ដោយ ៖ ខាន់ សុខឃន   

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៣:៤៣   (20-03-2017 13:43)

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​ល្លឺ​ម៉​ង់ លោកស្រី URSULA VON DER LEYEN កាលពី​ថ្ងៃ​ទី​១៩ មីនា បាន​បដិសេធ​ការ​អះអាង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ដែល​ថា អា​ល្លឺ​ម៉​ង់​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​ដល់​អូតង់ និង​សហរដ្ឋអាមេរិក ដែល​ផ្តល់​កិច្ច​ការពារ​យ៉ាង​ខ្លាំង ហើយ​ចំណាយ​ប្រាក់​យ៉ាងច្រើន ។ ការ​ទាមទារ​នេះ​ធ្វើ​ឡើង​តាម​រយៈ​សារ TWITTER របស់​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក​ប៉ុន្មាន​ម៉ោង ក្រោយ​ជួប​ពិភាក្សា​ជាមួយ​អធិការបតី អា​ល្លឺ​ម៉​ង់ លោកស្រី​អេ​ន​ហ្សឺ​ឡា ម័​រ​កែ​ល កាលពី​ថ្ងៃ​ទី​១៧ មីនា នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

លោកស្រី URSULA VON DER LEYEN ក្នុង​សេចក្តី​ប្រកាស​មួយ​ដកស្រង់​ដោយ​រ៉​យ​ទ័​រ​ថ្លែង​ថា គ្មាន​គណនី​ណា​មាន​ដាក់​ប្រាក់​បំណុល​ក្នុង​ផ្ទៃ​អូតង់​ឡើយ ។

លោកស្រី​បញ្ជាក់​ថា ទិស​ដៅ​ប្រកាស​ដោយ​លោកស្រី​ម័​រ​កែ​ល បង្កើន​ថវិកា​យោធា​អា​ល្លឺ​ម៉​ង់​២%​នៃ​ផលទុនជាតិ សរុប​នឹង​ពុំ​មែន​សម្រាប់​តែ​បង់​ឱ្យ​អូតង់​ឡើយ ។ ការ​ចំណាយ​ខាង​កិច្ច​ការពារ​ក៏​នឹង​ត្រូវ​ផ្តោត​ផង​ដែរ​ដល់​បេសកកម្ម​របស់​យើង​នៅ​អឺរ៉ុប ព្រមទាំង​ការ​រួមចំណែក​របស់​យើង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ គ្រប់​គ្នា​ចង់​ចែក​រំលែក​​អ​ម្រែ​កដោយ​ស្មើភាព ។ ក៏​ប៉ុន្តែ​ដើម្បី​ឱ្យ​វា​ទៅ​រួច​ទស្សនាទាន​ទំនើប​មួយ​នៃ​សន្តិសុខ​គឺ​ចាំបាច់ ។ វា​រួម​បញ្ចូល​ទាំង​អូតង់​ផង ក៏​ប៉ុន្តែ​សម្រាប់​កិច្ច​ការពារ​អឺរ៉ុប ព្រមទាំង អ.ស​.​ប ផង​ដែរ ។

ថវិកា​យោធា​អា​ល្លឺ​ម៉​ង់​ត្រូវ​មាន​រហូត​ដល់​៣៨,៥​ពាន់​លាន​អឺ​រ៉ូ​ក្នុង​ឆ្នាំ​២០១៨ ពោល​១,៤​ពាន់​លាន​អឺ​រ៉ូ លើស​ថវិកា​បច្ចុប្បន្ន ។ ក្នុង​ឆ្នាំ​២០១៦ ការ​ចំណាយ​ខាង​យោធា​របស់​អា​ល្លឺ​ម៉​ង់​តំណាង​ឱ្យ​១,១៨%​នៃ​ផលទុនជាតិ​សរុប ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​លោក​ត្រាំ លោកស្រី​ម័​រ​កែ​ល ថ្លែង​ថា បច្ចុប្បន្ន​យើង​សន្យា​ទិស​ដៅ​បង្កើន​ថវិកា​យោធា​២% នៃ​ផលទុនជាតិ​សរុប​រហូត​ដល់​ឆ្នាំ​២០២៤៕