ប្រទេសឈីលី ៖ រដ្ឋមន្ត្រីនិងមន្ត្រីតំណាងប្រទេសចំនួន១២ដែលបរាជ័យក្នុងការសម្រេចកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក(TPP) រួមមួយនឹងប្រទេសចិន និងកូរ៉េខាងត្បូង បានចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងសាជាថ្មីនៅប្រទេសឈីលី កាលពីថ្ងៃអង្គារ កន្លងទៅ ប៉ុន្តែលទ្ធផលនៃការសម្រេចចិត្តលើកិច្ចព្រមព្រៀងនេះ ហាក់នៅមិនទាន់ឃើញកោះត្រើយនៅឡើយ ។
កិច្ចព្រមព្រៀង TPPដែលរួមមាន៤០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកត្រូវបានបោះបង់ចោលដោយសហរដ្ឋអាមេរិកបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះនាខែមករា ដើមឆ្នាំនេះ ។
សម្រាប់ប្រទេសឈីលី ដែលជាអ្នកគាំទ្រនៃការធ្វើពាណិជ្ជកម្មសេរី និងជាប្រទេសចូលរួមក្នុងកិច្ចព្រមព្រៀងនេះបានអញ្ជើញអ្នកតំណាង TPP មកកាន់ទីក្រុង Vina del Mar ដើម្បីព្យាយាមស្វែងរកវិធីដើរទៅមុខ ។
ប៉ុន្តែមន្ត្រីបានឲ្យដឹងថា ការចរចានេះគឺគ្រាន់តែជាការចាប់ផ្តើមនៃផ្លូវដ៏វែង និងមិនប្រាកដប្រជានៅឡើយទេ ។
មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ឧត្តមមន្ត្រីប្រទេសជប៉ុនម្នាក់បានប្រជុំទ្វេភាគីជាមួយនឹងប្រទេសឈីលី រួមជាមួយនឹងអ្នកតំណាងពីប្រទេស New Zealand និងប្រទេសធំៗចំនួន៣ទៀតក្នុងTPP។ ក្នុងកិច្ចប្រជុំនោះ លោក Takao Ochi ដែលជាទេសរដ្ឋមន្ត្រីក្នុងការិយាល័យនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់នៃកិច្ចព្រមព្រៀងនិងការសហការគ្នារវាងប្រទេសចូលរួម ។
ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រទេសឈីលីបាននិយាយថា ពួកគេសង្ឃឹមថានឹងមានកិច្ចប្រជុំបន្ថែម ។
សហរដ្ឋអាមេរិកត្រូវបានតំណាងដោយឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេសឈីលី។ ចំណែកប្រទេសចិនបានបញ្ជូនលោក Yin Hengmin ដែលជាបេសកជនរបស់ខ្លួនសម្រាប់អាមេរិកឡាទីន ។
ទាំងប្រទេសចិននិងឈីលី បានលើកឡើងថា កិច្ចប្រជុំនេះមិនគ្រាន់តែទាក់ទិនពី TPP ទេ។ យ៉ាងណាក្តី អនាគតនៃកិច្ចព្រមព្រៀងនេះនៅតែបន្តជាប្រធានបទសំខាន់ជាងគេក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនេះ ។
អ្វីដែលអាចទៅរួចរួមមាន ការកែសម្រួលឡើងវិញនូវ TPP ដោយមិនមានការចូលរួមពីសហរដ្ឋអាមេរិក ឬសម្រេចលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយោគយល់ក្នុងតំបន់(RCEP) វិញ ។
លោក Luis Videgaray រដ្ឋមន្ត្រីការបរទេសរបស់ម៉ិកស៊ិក បាននិយាយថា ប្រទេសដែលចូលរួមក៏អាចនឹងប្រើប្រាស់ TPP ជាឈ្នាន់សម្រាប់កិច្ចព្រមព្រៀងទេ្វភាគីថ្មីដែរ ។
យ៉ាងណាក្តី មន្ត្រីទាំងនោះបាននិយាយថា នៅតែមានភាពស្ទាក់ស្ទើរក្នុងការបោះបង់TPP ចោល ៕
ចែករំលែកព័តមាននេះ