កម្ពុជាមានមហិច្ឆតាបង្កើនការបង្កើតព្រលានយន្តហោះនៅខេត្តសំខាន់ៗមួយចំនួនបន្ថែមលើផែនការសាងសង់ព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និង ខេត្តព្រះសីហនុ។ប៉ុន្តែមហិច្ឆតាបែបនេះទំនងជាមិនដំណើរការលឿនដូចដែលកម្ពុជាចង់បាននោះឡើយ។ការស្តារ និងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍កម្ពុជា គឺជាផែនការអទិភាពមួយ ដើម្បីបំពេញ និងអនុវត្តនូវគោលនយោបាយបើកចំហរជើងមេឃនៅកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជាក៏នៅមិនទាន់ដាក់ផែនការនេះឲ្យធំហួសមាឌរហូតដល់ខ្លួនអាចធ្លាក់នៅក្នុងអន្លងនៃវិបត្តិអន្ទាក់បំណុលដូចជាប្រទេសមួយចំនួននោះទេ។ បើតាមឯកសាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា…
កម្ពុជាមានមហិច្ឆតាបង្កើនការបង្កើតព្រលានយន្តហោះនៅខេត្តសំខាន់ៗមួយចំនួនបន្ថែមលើផែនការសាងសង់ព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និង ខេត្តព្រះសីហនុ។ប៉ុន្តែមហិច្ឆតាបែបនេះទំនងជាមិនដំណើរការលឿនដូចដែលកម្ពុជាចង់បាននោះឡើយ។
ការស្តារ និងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍កម្ពុជា គឺជាផែនការអទិភាពមួយ ដើម្បីបំពេញ និងអនុវត្តនូវគោលនយោបាយបើកចំហរជើងមេឃនៅកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជាក៏នៅមិនទាន់ដាក់ផែនការនេះឲ្យធំហួសមាឌរហូតដល់ខ្លួនអាចធ្លាក់នៅក្នុងអន្លងនៃវិបត្តិអន្ទាក់បំណុលដូចជាប្រទេសមួយចំនួននោះទេ។

បើតាមឯកសាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា មកដល់ពេលនេះ ជាមួយនឹងសាច់ប្រាក់ដែលខ្លួនបានវិនិយោគ និងបោះទុននៅលើហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ស៊ីវិលនេះពីឆ្នាំ១៩៩៥ ដល់២០១៨ គឺមានទំហំទឹកប្រាក់ប្រមាណជា១.០១៧លានដុល្លារ នៅអាកាសយានដ្ឋានបី គឺនៅភ្នំពេញ សៀមរាប និងព្រះសីហនុ។ជាមួយនឹងទឹកប្រាក់ទាំងនេះយើងឃើញថា អាកាសយានដ្ឋានទាំងបីនេះបានក្លាយជាច្រកអភិវឌ្ឈន៍ដ៏សំខាន់ដែលគាំទ្រដល់វិស័យជាច្រើនទៀតជាពិសេស គឺ ទេសចរណ៍វិនិយោគទុន ពាណិជ្ជកម្ម ដែលសុទ្ធសឹងតែជាប្រភពចំណូលថវិកាជាតិដ៏សម្បើម។
ព្រលានយន្តហោះទាំងនេះបានសម្របសម្រួលដល់ការធ្វើដំណើរដល់អ្នកដំណើរហូតដល់ទៅ១១,៦លាននាក់នៅក្នុងឆ្នាំ២០១៩។គេក៏រំពឹងថា ចំនួននឹងកើនឡើងថែមទៀតប៉ុន្តែវាបានដាំក្បាលចុះមកវិញដោយសារតែវិបត្តិនៃការរីករាលដាលដោយកូវីដ១៩ពីឆ្នាំ២០២០ដល់២០២១សឹងតែមិនមានសកម្មភាព។

ប៉ុន្តែបច្ចុប្បន្ននេះ វិស័យនេះចាប់ផ្តើមកម្រើកឡើងវិញហើយដោយពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២នេះ កម្ពុជាទទួលអ្នកដំណើរប្រមាណជា១,១៣លាននាក់ កើន២៤ភាគរយធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១ តែបើធៀបនឹងឆ្នាំ២០១៩ គឺនៅតែធ្លាក់ចុះ ពោលគឺដល់ទៅ៧៦ភាគរយឯណោះ។នេះជាសភាពការពិភពលោក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជាមិនសុទិដ្ឋិនិយមនឹងវាដែរហើយនៅតែបន្តដំណើរការវិនិយោគនៅលើហេដ្ឋារចនាសម្ព័ន្ធចម្បងមួយចំនួនគ្រាន់តែរអាក់រអូលបន្តិចបន្តូច។រហូតដល់ទៅឆ្នាំ២០២៤ កម្ពុជាបានបន្តអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធលើផ្នែកនេះមានទំហំទឹកប្រាក់ដល់ទៅ ៣.៨៤៧លានដុល្លារជាមួយនឹងគម្រោង៦ថ្មី គឺការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ១.៥០០ លានដុល្លារបានកសាងឡើងសម្រេច៣៣ភាគរយ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីតម្លៃ៨៨០លានដុល្លារ ដែលមកដល់ពេលនេះសម្រេចបាន៤០ភាគរយ អាកាសយានដ្ឋាន អន្តរជាតិ តារាសាគរតម្លៃ២០០លានដុល្លារ បានសាងសង់សឹងតែរួចរាល់ ហើយបានកំណត់ពេលវេលាទទួលយន្តហោះសាកល្បងនៅខែកក្កដា បានត្រូវពន្យាវិញ។
ដោយឡែកគម្រោងដែលហាក់មិនទាន់ដំណើរការអាកាសយានដ្ឋានកោះកុងថ្មី ដែលមានតម្លៃ៨០លានដុល្លារ អាកាសយានដ្ឋានប៉ោយប៉ែតតម្លៃ៦៥លានដុល្លារ និងអាកាសយានដ្ឋានមណ្ឌលគីរីថ្មីតម្លៃប្រមាណជា១០០លានដុល្លារ។ពាក់ព័ន្ធនឹងគម្រោងដែលមិនទាន់មានសកម្មភាពទាំងនេះក្រុមអ្នកជំនាញការបានអះអាងថា ទោះបីជាគម្រោងទាំងនេះមិនដំណើរការ ប៉ុន្តែវាក៏មិនប៉ះពាល់ ឫ រំខានដល់ដំណើរការចរាចរណ៍អ្នកដំណើរផ្លូវអាកាសកម្ពុជាដែរពីព្រោះថា គម្រោងទាំងនេះ គឺជាគម្រោងបម្រើថ្នាក់តំបន់ជាគម្រោងសម្រាប់ដំណើរការរបស់ក្រុមហ៊ុនឯកជន។ប៉ុន្តែបើគម្រោងជាតិដូចជា មណ្ឌលគីរី ក៏មិនជាអ្វីប៉ះពាល់អ្វីដែរពីព្រោះសក្តានុពលនៅទីនោះមិនទាន់ដើរពេញទំហឹងដែលទាមទារ ការវិនិយោគលើអាកាសយានដ្ឋាននៅឡើយ ខណៈដែលកម្ពុជាកំពុងតែពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ដែលជាបច្ច័យមួយចូលរួមចំណែក និងបំពេញដល់ការខកខាននៃការអនុវត្តគម្រោងមួយនេះ។

ក្រៅពីគម្រោងទាំងនេះរាជរដ្ឋាភិបាលក៏បានគិតគូរគម្រោងអាកាសយានដ្ឋានផ្សេងទៀតដូចជា នៅអាកាសយានដ្ឋាននៅកំពង់ឆ្នាំងដែលជាអាកាសយានដ្ឋានបន្សល់ទុកតាំងពីសម័យខ្មែរក្រហម ហើយកន្លងមកមុនពេលសម្រេចចិត្តកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានដែលទុកចោលទោះបីជាធ្លាប់ប្រើប្រាស់ដោយកងទ័ពអង្គការសហប្រជាជាតិកាលពីដើមទស្សវត្ស៍នៃឆ្នាំ១៩៩០ក៏ពិតមែន អាកាសយានដ្ឋានកំពង់ឆ្នាំងនេះ គឺជាជម្រើសអភិវឌ្ឈន៍បន្ថែម ប្រែក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិមួយ។
ប៉ុន្តែក្រោមផែនការថ្មីវាអាចនឹងបន្តទុកចោល ហើយអនាគតអាចជាមូលដ្ឋានកងទ័ពអាកាសមួយ។ក្រៅពីគម្រោងនេះអាកាសយានដ្ឋានបាត់ដំបងក៏អាចនៅក្នុងក្រសែភ្នែករបស់រាជរដ្ឋាភិបាល និងវិនិយោគទុនផងដែរដោយសារតែវាត្រូវបានកសាងឡើងនៅលើផ្ទៃដីសរុបជិត១ម៉ឺនហិកតា ដែលមានសមត្ថភាព និងបម្រើសេវាកម្មអាកាសចរណ៍ប្រហាក់ប្រហែលនឹងអាកាសយានដ្ឋាន សៀមរាបបច្ចុប្បន្នកាលពីមិនទាន់វិនិយោគដោយក្រុមហ៊ុនបារាំង។

សរុបមកវិញ នេះគឺជាស្ថានភាពខ្លះៗនៃគម្រោងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ហើយជាមួយនឹងគម្រោងទាំងនេះ យើងខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគតវានឹងអាចបម្រើអ្នកដំណើរលើសពី១៦លាននាក់ នៅឆ្នាំ២០២៣ ហើយដល់ទៅជាង៣០លាននាក់ នៅក្នុងឆ្នាំ២០៣០ ទៅតាមផែនការដែលយើងបានគ្រោងកាលពីពិភពលោកមិនទាន់មានការរាតត្បាតដោយសារតែមេរោគកូវីដ១៩ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងទណ្ឌកម្ម ហើយវាអាចនឹងបង្កើនការតភ្ជាប់រវាងកម្ពុជាទៅនឹងគោលដៅថ្មីៗដែល មាននៅក្នុងបច្ចុប្បន្ន ពោល គឺជាមួយនឹងឥណ្ឌាមជ្ឈឹមបូពារ សហភាពអឺរ៉ុប និង ពីចិនជាច្រើនគោលដៅថែមទៀត៕ អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ