ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ផ្ទះ​តាម​បុរី​មិន​ប្រែប្រួល បើ​ទោះជា​គម្រោង​លំនៅ​ឋាន​សាធារណៈ​កើនឡើង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា នៅ​ពេល​គម្រោង​លំនៅ​ឋាន​សាធារណៈ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ចេញ​ជា​រូបរាង​នោះ តម្លៃ​លំនៅ​ឋាន

រាជធានី​ភ្នំពេញ ៖ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា នៅ​ពេល​គម្រោង​លំនៅ​ឋាន​សាធារណៈ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ចេញ​ជា​រូបរាង​នោះ តម្លៃ​លំនៅ​ឋាន​នៅ​តាម​បុរី​នានា​ក្នុង​រាជធានី​ភ្នំពេញ នឹង​ធ្លាក់​ចុះ ព្រោះ​ដោយសារ​លំនៅ​ឋាន​សាធារណៈ​មាន​តម្លៃ​ទាប ប៉ុន្តែ​អ្វី​ដែល​រំពឹង​នោះ វា​មិន​ដូចនេះ​ទេ មាន​ន័យ​ថា លំនៅ​ឋាន​តាម​បុរី​នៅ​តែ​មាន​តម្លៃ​ថេរ​ចំពោះ​បុរី​ធំ​ៗ​ដែល​មានកេរ្តិ៍ឈ្មោះ​នៅ​កម្ពុជា​។ ចំណែក​លំនៅ​ឋាន​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ជា​លក្ខណៈ​តូចតាច​អាច​នឹង​ប្រែប្រួល​តិចតួច​ប៉ុណ្ណោះ ។

បើ​តាម​ម្ចាស់​គម្រោង​លំនៅ​ឋាន​សាធារណៈ ធ្លាប់​បានឱ្យ​ដឹង​ថា គម្រោង​របស់​ខ្លួន​អភិវឌ្ឍន៍​ឡើង មិនមែន​ជា​ដៃគូ​ប្រកួត​ជាមួយ​អ្នក​អភិវឌ្ឍន៍​តាម​បុរី​ទេ ព្រោះ​គម្រោង​លំនៅ​ឋាន​សាធារណៈ ផ្តោត​ទៅ​លើ​អ្នកមាន​ចំណូល​ទាប និង​មធ្យម ហើយ​សម្រាប់​លំនៅ​ឋាន​នៅ​ក្នុង​បុរី​វិញ គឺ​ផ្តោត​លើ​អតិថិជន​មាន​ចំណូល​លើ​មធ្យម ។ ដូចនេះ អតិថិជន​គោលដៅ​នៃ​គម្រោង​ទាំង​ពីរ​មិន​ដូច​គ្នា​ទេ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ​សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម​បាន​កើន​មួយ​ហើយ បន្ទាប់​ពី​ក្រុមហ៊ុន Worldbridge Land ប្រកាស​ចាប់ផ្ដើម​សាងសង់​លំនៅ​ឋាន​សាធារណៈ​ជា​ផ្លូវការ​នៅ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល ។

លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក KFA ជា​ក្រុមហ៊ុន​ទទួល​បានការ​លក់​គម្រោង​លំនៅ​ឋាន​សាធារណៈ​ពី​ក្រុមហ៊ុន Worldbridge Land ធ្លាប់​និយាយ​ថា គម្រោង​លំនៅ​ឋាន​សាធារណៈ​ថ្មី មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​គម្រោង​របស់​ក្រុមហ៊ុន Worldbridge Land ទេ ព្រោះ​ទីតាំង​នៅ​ឆ្ងាយ​ខុស​ពី​គ្នា ហើយ​ការ​កើតឡើង​នៃ​គម្រោង​លំនៅ​ឋាន​សាធារណៈ​ជា​បន្តបន្ទាប់ ក៏​មិនមែន​ជា​ការ​ប្រកួតប្រជែង​ជាមួយ​គម្រោង​លំនៅ​ឋាន​នៅ​ក្នុង​បុរី​ដែរ ព្រោះថា អតិថិជន​ដែល​ទិញ​គម្រោង​លំនៅ​ឋាន​សាធារណៈ និង​លំនៅ​ឋាន​នៅ​ក្នុង​បុរី មាន​ប្រាក់​ចំណូល​ផ្សេង​ៗ​គ្នា ដូចនេះ មិន​ប៉ះពាល់​គ្នា​ទេ ។

លោក ហ៊ុយ វ​ណ្ណា អគ្គលេខាធិការ​សមាគម​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា បានឱ្យ​ដឹង​ដែរ​ថា ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​សាធារណៈ​តម្លៃ​ទាប​សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម ជា​ពិសេស មន្ត្រីរាជការ គឺ​មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​តាម​បុរី​ទេ ។ ជាក់ស្ដែង ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​តាម​បុរី នៅ​តែ​បន្ត​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ជា​បន្តបន្ទាប់ គ្មាន​ការ​ផ្អាក​ដំណើរការ​ទេ បើ​ទោះជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​ទាប​ក៏​ដោយ ។ លោក​និយាយ​ថា ៖ « មិន​ត្រឹមតែ​ការ​ផ្គត់ផ្គង់​លំនៅ​ឋាន​តាម​បុរី​នៅ​តែ​បន្ត​ទេ តែ​តម្លៃ​ផ្ទះ​នៅ​តាម​បុរី​ក៏​បាន​កើន​ឡើងជា​បន្តបន្ទាប់​រៀង​រាល់​ឆ្នាំ​ផង​ដែរ គឺ​អត់​មាន​ធ្លាក់​ទេ ហើយ​ក៏​មិន​នៅ​ថេរ​ដែរ » ។

លោក​បន្ត​ថា វា​ជា​ការ​ល្អ​មួយ​ដែល​មាន​ក្រុមហ៊ុន​ងាក​មក​អភិវឌ្ឍន៍​លំនៅ​ឋាន​សម្រាប់​អ្នក​ចំណូល​ទាប និង​មធ្យម ព្រោះ​ដូច​យើង​បានដឹង​ហើយ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ចូល​មក​រស់នៅ​ទីក្រុង​ភ្នំពេញ មាន​ច្រើន ហើយ​ភាគច្រើន​ធ្វើការ​មាន​ចំណូល​ទាប និង​មធ្យម ។ ដូចនេះ ការ​សាងសង់​លំនៅ​ឋាន​មាន​តម្លៃ​ទាប គឺជា​រឿង​ល្អ​បំផុត ។ លោក​មាន​ប្រសាសន៍​ថា ៖ « បើ​តាម​ខ្ញុំ​ដឹង ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ប្រភេទ​នេះ មិនមែន​មាន​ត្រឹមតែ​ពីរ​ហ្នឹង​ទេ គឺ​នឹង​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត ក៏​គ្រោង​សាងសង់​លំនៅ​ឋាន​តម្លៃ​ទាប​នៅ​តាម​បណ្ដា​ខេត្ត​ផង​ដែរ »  ។

លោក​បញ្ជាក់​ថា ទាំង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​សាធារណៈ​តម្លៃ​ទាប និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ក្នុង​បុរី សុទ្ធតែ​ជួយ​សង្គម​ទាំងអស់ ។ ជាក់ស្ដែង តំបន់​វាលស្រែ និង​ស្ងាត់ជ្រងំ​កាលពីមុន បច្ចុប្បន្ន​នេះ បាន​ប្រែ​ក្លាយជា​តំបន់​មាន​ពន្លឺ​ចែងចាំង មានផ្ទះ មាន​សាលា រៀន និង​អ៊ូអរ ដែល​ធ្វើ​ឲ្យ​ទីក្រុង​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ ៕