ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បុរសម្នាក់ វាយមេប៉ុស្តិ៍ បែកភ្នែក និងបែកក្បាល

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ បុរស​ចំណូលស្រុក​ម្នាក់ បានវាយ​មេប៉ុស្តិ៍​ នៅភ្នំគូលែន បែកភ្នែក និងបែកក្បាល រង​របួសធ្ងន់ ត្រូវបាន​ចាប់ខ្លួន​ ហើយតុលាការបានបញ្ជូន​បុរសនោះ ទៅឃុំឃាំង​នៅពន្ធនាគារ​ជាបណ្តោះអាសន្ន​។…

ខេត្តសៀមរាប៖ បុរស​ចំណូលស្រុក​ម្នាក់ បានវាយ​មេប៉ុស្តិ៍​ នៅភ្នំគូលែន បែកភ្នែក និងបែកក្បាល រង​របួសធ្ងន់ ត្រូវបាន​ចាប់ខ្លួន​ ហើយតុលាការបានបញ្ជូន​បុរសនោះ ទៅឃុំឃាំង​នៅពន្ធនាគារ​ជាបណ្តោះអាសន្ន​។ ហេតុការណ៍វាយមេប៉ុស្តិ៍នោះ បានកើតឡើង កាលពីថ្ងៃទី០៧/ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចតូបរបស់ជនរងគ្រោះ ក្នុង​ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប បានប្រាប់​ថា ជនស​ង្ស័យ ឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុក​កំណើត និងទី​លំនៅបច្ចប្បន្ន ក្នុង​ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បុរសនោះ បានមកសា្នក់នៅលើខ្នងភ្នំគូលែន បណ្តោះអាសន្ន ចំនួន ២ថ្ងៃ ហើយបានវ៉ៃលោកមេប៉ុស្តិ៍ ទាំងយប់ បណ្តាលឱ្យរបួសធ្ងន់។

ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសនោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីល្ងាច ថ្ងៃទី៩ ខែតុលា ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

​ជន​រងគ្រោះ ជាមេប៉ុស្តិ៍ មានឈ្មោះ ឡុង ង៉ិក ភេទប្រុស អាយុ ៥៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ​នគរបាល (នាយប៉ុស្តិ៍) ខ្នងភ្នំគូលែន មានទីលំនៅបច្ចុប្បន្ន នៅ​ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកមេប៉ុស្តិ៍ បានប្រាប់ថា នៅមុនពេលកើតហេតុ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ខ្លួនកំពុងដាំបាយ នៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅភូមិព្រះអង្គធំ  ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប លុះដល់ពេលកើតហេតុ វេលាម៉ោង ១៩ និង ៣០ នាទីយប់ ថ្ងៃដដែល(០៧/១០/២០២២) ខ្លូនបានប្រទះឃើញបុរសម្នាក់ មិនធ្លាប់ស្គាល់ កំពុងស្រាយអង្រឹងនៅនឹងតូបរបស់ខ្លួន ដែលស្ថិតនៅមុខផ្ទះរបស់ខ្លួន ស្របពេលនោះ ខ្លួនក៏បានដើរទៅសួរគេថា «ស្រាយ ធ្វើអី? មិនបាច់ស្រាយទេ ដេកនៅទីនេះ ក៏បាន»។

លោកមេប៉ុស្តិ៍បន្ថែមថា ស្រាប់តែពេលនោះ ជន​សង្ស័យរូបនោះ ហាក់បីដូចជា ខឹងនឹងខ្លួនថាឱ្យ ក៏បានស្ទុះមកវាយលើខ្លួន ចំកណ្តាលមុខ ដោយកណ្តាប់ដៃ ហើយត្រូវចំភ្នែកខ្លួនខាងឆ្វេងចំនួន ០១ដៃ បណ្តាលឱ្យខ្លួនងងឹតមុខឈឹង ហើយគេបានបន្តយកដំបងឈើមួយដើម មកវាយត្រូវក្បាល និងដងខ្លួនរបស់ខ្លួន ប្រហែល ១៥ដំបងទៀត បណ្តាលឱ្យបាក់ដំបងនោះ ហើយគេយកដំបង មកចាក់ត្រូវពោះរបស់ខ្លួន ចំនួន ០២ដង បណ្តាលឱ្យខ្លួនដួល ពេលឃើញខ្លួនដួលជនសង្ស័យរូប​នោះ បានស្ទុះមកច្របាច់. ក.ខ្លួនទៀត បម្រុងសម្លាប់ ខណៈពេលនោះ ខ្លួន ក៏បានព្យាយាមរើបម្រះ រហូតអាចងើប និងរត់ទៅស្រែកហៅ​ឱ្យគេជួយ ដោយសំណាង ល្អ មានអ្នកនៅម្តុំជិតផ្ទះនោះ បានដើរមកមើល និងបានឃើញខ្លួន មានរបួសក្បាល ហូរឈាម ក៏នាំគ្នាដេញចាប់ជនសង្ស័យ​រូបនោះ បាន ក៏ប្រគល់ជូនសមត្ថកិច្ចតែម្តង។

​លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង បានបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន​សារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតប្រាកដមែន។

សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យ តែលទ្ធផលអវិជ្ជមាន។ ប៉ុន្តែក្រុមគ្រួសាររបស់ជនសង្ស័យ បាន​ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរបួស​ក្បាល។

យ៉ាងណាក៏ដោយ ជនសង្ស័យ ត្រូវបានចៅក្រម សម្រេចឱ្យកម្លាំងការិយាល័យនគរបាលជំនាញ បញ្ជូនដាក់ពន្ធនាគារខេត្ត បណ្តោះអាសន្ន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។ ចំណែក ជនរងគ្រោះ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំគូលែន ត្រូវបានក្រុមគ្រួសារ យកទៅព្យាបាលជំងឺ នៅមណ្ឌលសុខភាព ស្វាយលើ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ