ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា កំពុងសម្រុកហ្វឹកហាត់បង្កើនសមត្ថភាពត្រៀមស៊ីហ្គេម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា ចំនួន៦នាក់ ក្នុងនោះកីឡាករ៤នាក់ និង
រាជធានីភ្នំពេញ ៖ ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា ចំនួន៦នាក់ ក្នុងនោះកីឡាករ៤នាក់ និង
រាជធានីភ្នំពេញ ៖ ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា ចំនួន៦នាក់ ក្នុងនោះកីឡាករ៤នាក់ និងកីឡាការិនី២នាក់ កំពុងពុះពារហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីឈានទៅដណ្តើមលទ្ធផលល្អ ជូនជាតិ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
លោក ហែមថុន ពន្លឺ គ្រូបង្វឹកជម្រើសជាតិផ្នែកហែលទឹកពាក់ជើងទា គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទា កំពុងសម្រុកហ្វឹកហាត់យ៉ាងសកម្ម សម្រាប់ចំនួនកីឡាករ កីឡាការិនីទាំង៦នាក់ ដោយមិនទាន់បានស្វែងរកបន្ថែមនៅឡើយ ។ ម្យ៉ាងទៀត ពេលនេះមិនទាន់អាចបន្ថែមចំនួនបាន ដោយសារខ្វះខាតសម្ភារហ្វឹកហាត់លើវិញ្ញាសាហែលជើងទានេះ ។ នៅពេលខាងមុខឆាប់ៗនេះ ផ្នែកហែលជើងទា នឹងបន្ថែមចំនួនកីឡាករ កីឡាការិនីមួយចំនួនទៀត ពេលសម្ភារហ្វឹកហាត់មានគ្រប់គ្រាន់។
សម្រាប់កម្មវិធីហ្វឹកហាត់វិញ ត្រូវបានគ្រូបង្វឹករូបនេះអះអាងថា មានរយៈពេល៦ថ្ងៃ ក្នុងនោះ៣ថ្ងៃ គឺហែលទឹកសម្រាប់ត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ រីឯ៣ថ្ងៃទៀត ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ គឺហែលពាក់ជើងទា។ ក្នុង១ថ្ងៃៗ ការហ្វឹកហាត់ធ្វើឡើងចំនួន២ពេល ក្នុង១ពេលៗ មាន៣ម៉ោង ។ ដូច្នេះ ក្នុង១ថ្ងៃមានចំនួន ៦ម៉ោង ។ ក្រោយបញ្ចប់កម្មវិធីកីឡាជាតិ ការហ្វឹកហាត់នេះ នឹងត្រូវកាត់ចោលការហែលទឹក៣ថ្ងៃនោះ ដោយបង្កើនម៉ោងហ្វឹកហាត់ សម្រាប់វិញ្ញាសាហែលជើងទាសុទ្ធ ។ តាមផែនការ សហព័ន្ធខ្មែរកីឡាហែលទឹក កំពុងទាក់ទងជាមួយខាងភាគីវៀតណាម ដើម្បីបញ្ជូនក្រុមជម្រើសជាតិហែលពាក់ជើងទា ទាំង៦នាក់ ទៅហ្វឹកហាត់នៅទីនោះ នាពេលខាងមុខ។
អតីតកីឡាករជម្រើសជាតិហែលទឹករូបនេះ បានរំលឹកថា ជាមួយនឹងសមិទ្ធផលជាមេដាយ ២លើក កន្លងមក គឺមេដាយសំរឹទ្ធ១វិញ្ញាសា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេស
វៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ និងការប្រកួតពានរង្វាន់ហែលជើងទាពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ គឺជាកម្លាំងរុញឲ្យក្រុមជម្រើសជាតិនេះ ខិតខំពុះពារកាន់តែខ្លាំងក្លា ដើម្បីជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងការឈានទៅដណ្តើមមេដាយជូនជាតិជាប្រវត្តិសាស្ត្រលើកដំបូង ក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក ហែមថុន ពន្លឺ បានសង្កត់ធ្ងន់ថា តាមរយៈការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមគ្នានេះ ប្រភេទកីឡាហែលពាក់ជើងទាកម្ពុជា នឹងទទួលបានលទ្ធផលល្អជាក់ជាមិនខាន ។ កាលពីត្រៀមស៊ីហ្គេម ២០២២ នៅវៀតណាម យើងទើបនឹងចាប់ផ្តើមរយៈពេលខ្លី ប៉ុន្តែយើងទទួលបានលទ្ធផលល្អ។
ការត្រៀមស៊ីហ្គេម ២០២៣ យើងនឹងមានពេលវេលាមួយវែងជាងជាមួយនឹងការហ្វឹកហាត់ បង្កើនការហ្វឹកហាត់នៅប្រទេសវៀតណាមបន្ថែម ដោយសារប្រទេសវៀតណាម គឺជាជើងឯកលើវិញ្ញាសាហែលជើងទានេះ ។ ដូច្នេះ កត្តាត្រៀមខ្លួនរួមផ្សំទាំងអស់នេះ យើងរំពឹងថា យើងនឹងទទួលបានលទ្ធផលល្អជូនជាតិ ក្នុងពេលស៊ីហ្គេម ២០២៣ ជាក់ជាមិនខាន ៕
ចែករំលែកព័តមាននេះ