ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង និង​ឃី​ម បូ​រ៉ា ដល់​ថ្ងៃ​ប្រកួត​យក​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​5

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ព្រឹត្តិការណ៍​TV5 Knock Out Series រដូវ​កាល​ទី​៣​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៨ មីនា ស្អែកនេះ ។ កីឡាករ ឡុ​ង សំណាង និង ឃី​ម បូ​រ៉ា បាន​ក្លាយជា​បេក្ខភាព​ចុង​ក្រោយ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ព្រឹត្តិការណ៍​TV5 Knock Out Series រដូវ​កាល​ទី​៣​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​សៅរ៍​ ទី​១៨ មីនា ស្អែកនេះ ។ កីឡាករ ឡុ​ង សំណាង និង ឃី​ម បូ​រ៉ា បាន​ក្លាយជា​បេក្ខភាព​ចុង​ក្រោយ​នៅ​ក្នុង​វគ្គ​ដណ្ដើម​ពាន និង​ប្រាក់​លាន ខណៈ​ដែល​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ភាគច្រើន​បាន​ប៉ាន់​ស្មានថា ឃី​ម បូ​រ៉ា នឹង​កាន់​ពាន តែ​មួយ​ក្រុម​ផ្សេង​ទៀត បែរជា​យល់​ថា ឡុ​ង សំណាង សម​នឹង​កាន់​ពាន​ដូច​គ្នា បើ​ទោះជា​គេ​ទើបនឹង​ឈាន​ឡើង​ក្ដី ។

ការ​ប្រកួត​ដែល​ត្រូវធ្វើ​ឡើង​នៅ​សង្វៀន​Tiffy Arena ជ្រោយចង្វា​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នា​ល្ងាច​ថ្ងៃ​សៅរ៍​នេះ គឺជា​ការ​ប្រកួត​លើក​ទី​៣​ហើយ បន្ទាប់​ពី​រដូវ​កាល​មុន​ៗ​ដែល​បាន​បញ្ចប់​ទទួល​បាន​ជោគជ័យ ។ នេះ​ជា​ព្រឹត្តិការណ៍​ដែល​មានការ​ប្រមូលផ្ដុំ​ដោយ​កីឡាករ​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដោយ​សមាសភាព​របស់​ពួក​គេ​ទាំង​៣២​រូប គឺ​មាន​ខ្លះ​ជា​សមាសភាព​ថ្មី និង​ខ្លះ​ជា​សមាសភាព​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​ប្រដាល់ ។

អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​ព្រឹត្តិការណ៍​នោះ​ក៏​មាន​វត្តមាន​កីឡាករ​ល្អ​ៗ​ដែល​ធ្លាប់​ជាប់​ជា​ជើងឯក​រង​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ចូលរួម​ប្រកួត​ផង​ដែរ នោះ​គឺ​ឃី​ម បូ​រ៉ា ដែល​ជា​ជើងឯក​រង​ក្នុង​ការ​ប្រកួត​នា​ពេល​កន្លង​មក ។

លោក សេង ក​ដិ​កា បាន​អះអាង​ថា កីឡាករ​ដែល​បាន​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​លោក​កាន់តែ​ពេញចិត្ត​ខ្លាំង​ឡើង​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ។ ធៀប​នឹង​ការ​ប្រកួត​កាលពី​២​រដូវ​កាល​មុន លោក​ថា​ការ​ប្រកួត​លើក​នេះ ចម្រុះ​ដោយ​កីឡាករ​ល្អ​ៗ ហើយ​មានឈ្មោះ​បោះ​សំឡេង​ច្រើន​ជាង ដោយ​មិន​មែន​សុទ្ធតែ​កីឡាករ​ថ្មី​ៗ​ដូច​ការ​ប្រកួត​កាលពី​២​រដូវ​កាល​មុន​ឡើយ ។ ព្រឹត្តិការណ៍​លើក​នេះ លោក​បាន​រំលឹក​ថា សមាសភាព​ទាំង​៣២​រូប​ដែល​ជ្រើស​ឱ្យ​ប្រកួត​តាំងពី​ដំណាក់កាល​ដើម​ទី សុទ្ធតែ​មាន​បទពិសោធន៍ ទើប​ធ្វើ​ឱ្យ​មហាជន​កាន់តែ​ជក់ចិត្ត​ថែម​ទៀត នៅ​ពេល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ឈាន​ចូល​មក​ដល់ ។ យុទ្ធសាស្ត្រ​បូក​បញ្ចូល​រវាង​កីឡាករ​ល្បី​ៗ​ជើង​ចាស់ និង​កីឡាករ​ជើង​ថ្មី គឺជា​ចំណុច​ជួយ​ឱ្យ​ការ​ប្រកួត​ក្លាយជា​ព្រឹត្តិការណ៍​លេចធ្លោ​តាំងពី​វគ្គ​ជម្រុះ​៣២​នាក់​យក​១៦​នាក់ និង​កាន់តែ​មាន​ចំណុចក្ដៅ​គគុក​លើស​ដើម​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នា​ល្ងាច​នេះ ។ លោក​ថា ឡុ​ង សំណាង ជា​កីឡាករ​ល្អ ហើយ​លោក​ក៏​ជឿ​៥០​ភាគរយ​ផង​ដែរ​ថា​កីឡាករ​រូប​នេះ​នឹង​ប្រកួត​អស់ពី​សមត្ថភាព​ជាមួយនឹង​ឃី​ម បូ​រ៉ា ដើម្បី​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត ។ ព្រឹត្តិការណ៍​នេះ ក៏​នឹង​រំលេច​ធនធាន​កីឡាករ​កាន់តែ​ល្អ​ៗ​ដូច​ការ​រំពឹង​ទុក​សម្រាប់​អាជីព​អ្នក​ប្រដាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ខាង​មុខ ដោយសារ​តែ​រវាង​កីឡាករ​ដែល​ត្រូវ​ប្រកួត​ចុង​ក្រោយ​ទាំង​២ គឺ​ម្នាក់​ណា​ក៏​វ័យក្មេង​ហើយ​អាច​នៅ​ប្រកួត​ទាន់​ពេល​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ បើ​ទោះជា​ចង់​ជ្រេ​បន្តិច ។

លោក សេង ក​ដិ​កា បាន​អះអាង​ថា រូបមន្ត​ចាញ់​ធ្លាក់​ៗ​គឺជា​អ្វី​ដែល​ធ្វើ​ឱ្យ​កីឡាករ​គ្រប់​រូប​ប្រឹង​ប្រកួត​អស់ពី​សមត្ថភាព ហើយ​មិន​ភ័យ​រឿង​កីឡាករ​ណា​ម្នាក់​លក់ដូរ​សមត្ថភាព​ដូច​ការ​ប្រកួត​នានា​នោះ​ទេ ដោយសារ​តែ​ជ័យជម្នះ​របស់​ពួក​គេ​សំខាន់​រៀងខ្លួន ។ ក្នុង​នោះ​ការ​ប្រកួត​ដណ្ដើម​យក​ពាន​ចុង​ក្រោយ គឺ​រឹតតែ​មិន​ភ័យ​រឿង​លក់​ឧត្តមគតិ​ថែម​ទៀត​ដោយសារ​តែ​កីឡាករ​ម្នាក់​ៗ​ត្រូវការ​មុខមាត់ និង​ប្រាក់​លាន ។ លោក​ថា កីឡាករ ឡុ​ង សំណាង គឺជា​សមាសភាព​ទី​១​ដែល​បាន​ឡើង​អង្គុយ​កៅអី​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ដែល​កីឡាករ ឃី​ម ប៉ូ​រ៉ា ជា​សមាសភាព​ទី​២ ដែល​ឡើង​ទៅ​អង្គុយ​កៅអី​នោះ​ដែរ ។ លោក​ថា កីឡាករ​ដែល​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ អម​ដោយ​ពាន​ជើងឯក​មួយ ខណៈ​ដែល​ការ​ប្រកួត​ល្ងាច​នេះ ក៏​មានការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​ផង​ដែរ សម្រាប់​អ្នក​ចាញ់​ក្នុង​វគ្គ​៤​នាក់​កាលពី​២​ស​ប្ដា​ហ៍​មុន។ អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជា​ច្រើន​កំពុង​រង់​អ៊ុត​មើល​ថា​តើ​រវាង​កីឡាករ ឡុ​ង សំណាង និង​ឃី​ម បូ​រ៉ា អ្នក​ណា​ក្លាយជា​ម្ចាស់​ពាន ខណៈ​ឃី​ម បូ​រ៉ា គឺជា​ជើង​ខ្លាំង ប៉ុន្តែ​ត្រូវ​គេ​កត់​សម្គាល់ថា លោក​ដូច​ជា​នៅ​ស៊យ​មិន​ទាន់​មានឱកាស​បាន​កាន់​ពាន ដោយសារ​តែ​ការ​ប្រកួត​ចុង​ក្រោយ លោក​ច្រើន​តែ​ជួប​រឿង​ស៊យ​ចាញ់​ប្រៀប​គូប្រកួត ៕