ខេត្តមណ្ឌលគិរី ៖ សាខាកាំកុងត្រូលខេត្តបាននាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានចុះត្រួតពិនិត្យទំនិញខូចគុណភាពគ្រប់ប្រភេទក្នុងផ្សារកែវសីមា និងទំនិញនាំចូលតាមច្រកឡាប៉ាខេ ព្រមទាំងចុះត្រួតពិនិត្យលើម្ហូបអាហារការនៅពិព័ណ៌ពាណិជ្ជកម្មខេត្ត ស្ថិតនៅក្រុងសែនមនោរម្យក្រោយពេលមន្ត្រីជំនាញបានរកឃើញសារធាតុគីមីហាមឃាត់នៅលើខ្ទឹមសដែលនាំចូលពីប្រទេសវៀតណាមកាលព្រឹកពីថ្ងៃទី១៦ មីនា ។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា ដោយផ្អែកទៅលើការណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជាបានណែនាំដល់មន្ត្រីកាំកុងត្រូលគ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអារហារ តាមទីផ្សារជាប្រចាំដើម្បីរក្សាឲ្យបាននូវសុខមាលភាពជូនប្រជាពលរដ្ឋ ។ ក្នុងនោះដែរមន្ត្រីសាខាកាំកុងត្រូលបានធ្វើការចុះត្រួតពិនិត្យមុខទំនិញប្រមាណ៤០មុខរួមមាន ប៉េងប៉ោះ ម្ទេសប្លោក ផ្កាខាត់ណា សណ្តែកគួរ សណ្តែកបណ្តុះ រួមជាមួយនឹងមឹក បង្ការ ត្រីងៀត សាច់ក្រក សសៃគុយទាវ និងបន្លែជាច្រើទៀត ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់នោះទេ ។
ដោយឡែករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានសាខាកាំកុងត្រូលបានបន្តពិនិត្យលើខ្ទឹមសដែលនាំចូលមកពីប្រទេសវៀតណាមនៅច្រកទ្វាភាគីឡាប៉ាខេ មន្ត្រីជំនាញបានរកឃើញសារធាតុគីមីនៅលើខ្ទឹមសនោះហើយមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករឲ្យបញ្ឈប់នូវការនាំចូលខ្ទឹមសនេះបន្តទៀត ។
លោកបានបន្ថែមថា ប្រសិនជាភាគីខាងវៀតណាមចង់នាំចូលនូវប្រភេទខ្ទឹមសនេះមកលក់នៅកម្ពុជាលុះត្រាតែមានការអនុញ្ញាតិពីសមត្ថកិច្ចរបស់ប្រទេសវៀតណាមជាមុនសិន ហើយមន្ត្រីជំនាញនឹងពិនិត្យឡើងវិញ បន្ទាប់មកមន្ត្រីជំនាញបានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីពិនិត្យលើចំនីអាហារគ្រប់ប្រភេទលើកការដាក់ តាំងលក់ពិព័រណ៌ ពាណិជ្ជកម្មខេត្ត ស្ថិតនៅក្រុងសែនមនោរម្យជាលទ្ធអត់មានសារធាតុគីមីនោះទេ ៕
ចែករំលែកព័តមាននេះ