ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់មានស្រុកកំណើតនៅខេត្តតាកែវ តែបានមកដើរលេង និងស្នាក់នៅលើខ្នងភ្នំគូលែនបានចំនួន២ថ្ងៃ ស្រាប់តែហ៊ានលើកដៃវា.យលោកមេប៉ុស្តិ៍ទាំងយប់ បណ្តាលឱ្យរបួសធ្ងន់តែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះថា ជនសង្ស័យខាងលើនេះមានឈ្មោះ ធឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នជនសង្ស័យមកសា្នក់នៅលើខ្នងភ្នំគូលែន ជាបណ្តោះអាសន្នចំនួន២ថ្ងៃ ស្រាប់តែហ៊ានលើកដៃវា.យលោកមេប៉ុស្តិ៍ទាំងយប់តែម្តង។
លោកបានបន្ថែមថា មុនពេលកើតហេតុ នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ឡុង ង៉ិក ភេទប្រុស អាយុ៥៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនគរបាល (នាយប៉ុស្តិ៍) ខ្នងភ្នំគូលែន មានទីលំនៅបច្ចុប្បន្នក្នុងភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីកម្លាំងនគរបាលអធិការស្រុកស្វាយលើ ទទួលពាក្យបណ្តឹងរួចមក លោកមេប៉ុស្តិ៍បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ រូបគាត់កំពុងដាំបាយនៅផ្ទះរបស់គាត់ ដែលស្ថិតនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ លុះដល់ពេលកើតហេតុវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃដដែល គាត់ក៏បានប្រទះឃើញបុរសម្នាក់មិនធ្លាប់ស្គាល់កំពុងស្រាយអង្រឹងនៅនឹងតូបរបស់គាត់ ដែលស្ថិតនៅខាងមុខផ្ទះ ស្របពេលនោះ គាត់ក៏បានដើរទៅសួរគេថា «ស្រាយធ្វើអី មិនបាច់ស្រាយទេ ដេកនៅទីនេះក៏បាន» ស្រាប់តែពេលនោះជនសង្ស័យរូបនេះហាក់បីដូចជា ខឹងនឹងគាត់ថាឱ្យ ក៏បានស្ទុះមកវា.យគាត់ចំកណ្តាលមុខដោយកណ្តាប់ដៃ ត្រូវចំភ្នែកខាងឆ្វេងចំនួន១ដៃ បណ្តាលឱ្យខ្លួនងងឹតមុខឈឹង។

លោកមេប៉ុស្តិ៍បន្តថា បន្ទាប់មកជនសង្ស័យរូបនេះ ក៏បានបន្តទៅយកដំបងឈើមួយដើមមកវា.យត្រូវក្បាល និងដងខ្លួនរបស់គាត់ប្រហែល១៥ដំបងទៀត បណ្តាលឱ្យបាក់ដំបងនោះតែម្តង ហើយគេក៏យកដំបងដែលបាក់នោះមកចាក់ត្រូវពោះរបស់គាត់ចំនួន០២ដង បណ្តាលឱ្យខ្លួនគាត់ដួលនៅលើដី។ ពេលដែលឃើញគាត់ដួល ជនសង្ស័យរូបនោះក៏បានស្ទុះមកច្របាច់.កគាត់ ទៀតបម្រុងនឹងសម្លា.ប់ ប៉ុន្តែខណៈពេលនោះគាត់ក៏បានព្យាយាមរើបំរះ រហូតអាចងើប និងរត់ទៅស្រែកហៅឱ្យគេជួយ។ ដោយសំណាងល្អ មានអ្នកនៅម្តុំជិតផ្ទះ បានដើរមកមើល និងបានឃើញគាត់មានរបួសក្បាលហូរឈា.ម ក៏នាំគ្នាដេញចាប់ជនសង្ស័យរូបនោះបាន រួចក៏ ប្រគល់ជូនសមត្ថកិច្ចតែម្តង។
លោកមេប៉ុស្តិ៍បន្តទៀតថា ក្រោយពេលកើតហេតុ គាត់មានរបួសពេញដងខ្លួន ទាំងខាងមុខនិងខាងក្រោយ ព្រមទាំងបែកក្បាលប្រវែង០៣សង់ទីម៉ែត្រទៀត ហេតុនេះហើយគាត់ក៏សំណូមពរឱ្យសមត្ថកិច្ចជំនាញ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង្ស័យឈ្មោះ ធឹម ឧត្តម រូបនេះតែម្តង។

ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «រូបគេពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតប្រាកដមែន»។ ក្រោយពីសារភាពរួច សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀ.នលើជនសង្ស័យ ជាលទ្ធផលគឺអវិជ្ជមាន(-) ប៉ុន្តែត្រូវបានក្រុមគ្រួសាររបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលដែរផង។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីសួរនាំបន្ត និងរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការខេត្តសៀមរាប ចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្នងភ្នំគូលែន ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមណ្ឌលសុខភាពស្វាយលើ៕
ចែករំលែកព័តមាននេះ