ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​20​ឆ្នាំ​ហើយ លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន គួរតែ​ខ្ជាក់​ដី​នេះ​ឱ្យ​ម្ចាស់​ដើម​វិញ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ រវាង​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន និង​អ្នកស្រី ចាន់ លន់

ខេត្តសៀមរាប ៖ រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ រវាង​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន និង​អ្នកស្រី ចាន់ លន់ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជា​ដី​ឡូត៍​តូច​ៗ មាន​សំណង់ផ្ទះ​តៀម​ដ៏​រខេករខាក​ស្នាក់​នៅ​តាំងពី​ដើម​មក ។

តាម​ដំណើររឿង​លក់​ដី​ទិញ​ដី​នេះ​ក្រោយ​ពី​ត្រូវ​ថ្លៃ​គ្នា​ហើយ ក្នុង​ឆ្នាំ​២០០០ លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន បាន​កក់​ប្រាក់​២០០០​ដុល្លារ ឱ្យ​ម្ចាស់​ដី​យក​ទៅ​រត់ការ​ផ្ទេរកម្មសិទ្ធិ ។ ម្ចាស់​ដី​ដែល​ធ្លាប់​ស្គាល់គ្នា​ជាមួយ​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ដែល​ជា​ឈ្មួញ​ដី ក៏​ប្រឹង​រត់ការ​ផ្ទេរកម្មសិទ្ធិ​ដី​ទាំង​២​ល្វែង​ដ៏​រខេករខាក​នេះ​បាន​រួច​ស្ថាពរ ក៏​យក​ប្លង់​ផ្ទេរកម្មសិទ្ធិ​នោះ​មក​ប្រគល់​ជូន​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ុ​ផា​ន ដល់​ផ្ទះ ព្រោះ​សង្ឃឹមថានឹង​បាន​ប្រាក់​គ្រប់​ចំនួន ព្រោះ​ការ​លក់​នោះ​មាន​តម្លៃ​ត្រឹមតែ​១៥.០០០​ដុល្លារ​តែ​ប៉ុណ្ណោះ ។

លុះ​ធ្វើ​ប្លង់​ផ្ទេរកម្មសិទ្ធិ​រួចរាល់ អ្នកស្រី ចាន់ លន់ ក៏​ប្រញាប់​ភ្លាម​យក​ប្លង់​ដែល​ផ្ទេរ​ឈ្មោះ​រួច មក​ប្រគល់​ជូន​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ដល់​ផ្ទះ​នៅ​ភ្នំពេញ ព្រោះ​សង្ឃឹមថានឹង​ទទួល​បាន​ប្រាក់​គ្រប់​ចំនួន ។

ប៉ុន្តែ​អនិច្ចា រ៉ុយ​ៗ…​ពេល​យក​ប្លង់​ផ្ទេរកម្មសិទ្ធិ​មក​ប្រគល់​ឱ្យ​ត្រូវ​លោកស្រី​ឧកញ៉ា​ឈ្មួញ​ដី​បាន​ប្រាប់​ថា​ចាំ​មួយ​អាទិត្យ​ទៀត ចាំ​ជួប​គ្នា​…​ចាំ​ប្រគល់​ប្រាក់​ជូន ។
មួយ​អាទិត្យ​ក្រោយមក ម្ចាស់​ដើម​បាន​មក​ទាមទារ​យក​ប្រាក់​តាម​ការ​កំណត់ ត្រូវ​បាន​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ឆ្លើយ​ថា ច្រឡំ​ដៃ​បាត់​ហើយ មិនដឹង​ដាក់​នៅ​កន្លែង​ណា​ទេ ចាំ​រក​ឃើញ​សិន ។

រឿង​ចាំ​បាត់​…​ចាំ​បាត់​នេះ ដល់​ពេល​អស់ជំនឿ ព្រោះ​មិន​អាច​រង់ចាំ​ការ​កុហក មិន​ឈប់​ឈរ​នេះ អ្នកស្រី ចាន់ លន់ ជា​ម្ចាស់​ដី​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ភ្លាម ចោទ​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន ពី​បទ «​បោកប្រាស់​» បាន​ឈ្នះ​រហូត​មក​ដល់​តុលាការ​កំពូល​ក៏​ឈ្នះ​ទៀត ទីបំផុត​ជាប់​គាំង​ដូច​ឡាន​បែក​កង់ មក​ដល់​ពេល​នេះ​ឆ្នាំ​២០១៧​ទៅ​ហើយ អត់​ទាន់​ចេញ​រួច​ឡើយ នៅ​ជាប់​តុលាការ​កំពូល​មិន​ទាន់​ចេញ​ដីកា​ជា​ផ្លូវការ ទោះបី​ឈ្នះក្តី ដើម្បី​ឱ្យ​ម្ចាស់​ដើម​វិញ​នៅឡើយ​ទេ ។

ខាងក្រោម​នេះ​ជា​ដំណើររឿង​រៀបរាប់​ដោយ​ម្ចាស់​ដើម​ឈ្មោះ​អ្នកស្រី ចាន់ លន់ ដ៏​គួរ​ឱ្យ​អាណិត​បំផុត មិន​គួរ​ណា​ដី​ឡូត៍​សង់ផ្ទះ​តៀម​ដ៏​រខេករខាក នៅ​គាំង​ស្មេញ​បែប​នេះ​ឡើយ ដែល​កោះសន្តិភាព​ចុះ​ផ្សាយ​ដូច​ខាងក្រោម​នេះ គួរតែ​ខ្ជាក់​វិញ​ទៅ គួរ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ផង ព្រោះ​គាត់​រស់នៅ​តែ​លើ​កន្ទេល​ទេ ។

ម្ចាស់​ដី​រៀបរាប់​ថា ដី​របស់​នាង​ខ្ញុំ ដែល​រស់នៅ​លើ​រាល់ថ្ងៃ តាំងពី​ឆ្នាំ​១៩៩០​មក​ដល់​បច្ចុប្បន្ន ហើយ​មុន​ដំបូង​នាង​ខ្ញុំ​ឈ្មោះ ចាន់ លន់ ត្រូវជា​ម្តាយ​របស់ ច័ន្ទ រស្មី បាន​ស្គាល់​អ្នកស្រី ស៊ុ​យ សុ​ផា​ន តាំងពី​ឆ្នាំ​១៩៩៩ ដែល​គាត់​ជា​អ្នក​រកស៊ី​ដីធ្លី ហើយ​ទិញ​ដី​របស់​នាង​ខ្ញុំ​ទាំង​២​ឡូត៍ មាន​ដូច​ខាងក្រោម ៖ ដី​ឡូ​តិ៍​ទី​១-​មាន​ទំហំ​៥៦០​ម៉ែត្រក្រឡា មាន​បង្កាន់ដៃ​លេខ​១០៣៧ ចុះ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០០០ និង​ឡូត៍ ។ ទី​២-​មាន​ទំហំ​៣២​ម៉ែត្រ​គុណ​នឹង​៣៦​ម៉ែត្រ ដែល​មាន​បង្កាន់ដៃ​លេខ ១០៣៨ ចុះ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០០០ នូវ​ទឹកប្រាក់​ចំនួន ១៥.០០០​ដុល្លារ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បន្ទាប់​មក​គាត់​បាន​កក់​មុន​ចំនួន​២០០០​ដុល្លារ នៅផ្ទះ​របស់​អ្នកស្រី ស៊ុ​យ សុ​ផា​ន កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០០០ ដើម្បី​ឱ្យ​នាង​ខ្ញុំ​រត់ការ​ប្លង់​ឱ្យ​គាត់ បាន​កាលណា​យក​ទៅ​ឱ្យ​គាត់​នៅផ្ទះ ទើប​គាត់​ឱ្យ​លុយ​គ្រប់​ចំនួន ។ ដល់​ពេល​នាង​ខ្ញុំ​រត់ការ​កាត់ឈ្មោះ​ប្លង់​ដី​ជូន​ទៅ​គាត់​បាន​រួចរាល់ ក៏​យក​ទៅ​ឱ្យ​គាត់​ដល់​ផ្ទះ​ព្រោះ​សង្ឃឹមថានឹង​បាន​ប្រាក់​គ្រប់​ចំនួន ។  ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​នា​ស់ អត់​បាន​ប្រាក់​ភ្លាម​ទេ ។ គាត់​ថា​ចាំ​អាទិត្យ​ក្រោយ​ចាំ​ជួប​គ្នា ។ បាន​ប្រហែល​ជិត​មួយ​អាទិត្យ ស្រាប់តែ​នាង​ខ្ញុំ​សួរ​ទៅ​អ្នកស្រី បែរជា​គាត់​ឆ្លើយ​ថា ច្រឡំ​ដៃ ភ្លេច​មិនដឹង​ទុក​នៅ​ទីណា​ទេ ។

លុះដល់​ពាក់កណ្តាល​ឆ្នាំ​២០០០ ទើប​នាង​ខ្ញុំ​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខេត្តសៀមរាប រឿង​រដ្ឋប្បវេណី​ពី​ករណី​ដែល​អ្នកស្រី​បាន​បោកប្រាស់​យក​ប្លង់​ដីធ្លី​ចំនួន​២​ឡូត៍​របស់ខ្ញុំ​តាំងពី​ឆ្នាំ​២០០០ រហូត​ដល់​បច្ចុប្បន្ន មាន​រយៈ​ជាង​២០​ឆ្នាំ​មក​ដល់​ឆ្នាំ​២០១៧ ។ នាង​ខ្ញុំ​បាន​ប្តឹងប្តល់​គ្នា​ច្រើន​លើក​ច្រើន​សា ជាមួយ​គូទំនាស់​គឺ​អ្នកស្រី ស៊ុ​យ សុ​ផា​ន មិន​ទាន់​បាន​ចប់​នៅឡើយ​ដោយសារ​ជាប់​គាំង​នៅ​តុលាការ​កំពូល ។

ដូច្នេះ​សូម​ឱ្យ​តុលាការ​កំពូល​ជួយ​រក​យុត្តិធម៌​ឱ្យ​នាង​ខ្ញុំ និង​កូន​ដែល​នាង​ខ្ញុំ​កំពុង​ដេក​ឈឺ​នៅ​នឹង​កន្ទេល​ផង ។ ក្រោយមក​ទៀត តុលាការ​សៀមរាប ចេញ​សេចក្តីសម្រេច​ឱ្យ​នាង​ខ្ញុំ​ឈ្នះ ដែល​មាន​សំណុំរឿង​រដ្ឋប្បវេណី លេខ​២២៥ ចុះ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០០២ ចេញ​ដោយ​ចៅក្រម ប្លង់ ឆ្លាម ខណៈ​ពេល​នោះ​អ្នកស្រី ស៊ុ​យ សុ​ផា​ន កើត​ទុក​មិន​សុខចិត្ត ក៏​ប្តឹង​ទៅ​ឧទ្ធរណ៍​ជាប់​គាំង​នៅ​ទីនោះ​រយៈ​១​ឆ្នាំ ។

បន្ទាប់​មក​ខាង​ឧទ្ធរណ៍​ក៏​បាន​ហៅ​នាង​ខ្ញុំ​ឡើង​ទៅ​ជួប កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០០៣ ដើម្បី​ដោះស្រាយ បែរជា​ខាង​អ្នកស្រី ស៊ុ​យ សុ​ផា​ន មិនឃើញ​ចូលខ្លួន ឃើញ​តែ​មេធាវី​របស់​គាត់​ឈ្មោះ ឃូ ឡុ​ង តែ​ប៉ុណ្ណោះ ហើយ​ខាង​សាលាឧទ្ធរណ៍​ក៏​បាន​សវនាការ​ជំនុំជម្រះ​រួច​មក បដិសេធ​សំណុំរឿង​របស់​នាង​ខ្ញុំ​ចោល​ក៏​ឱ្យ​ខាង ស៊ុ​យ សុ​ផា​ន ឈ្នះ ទាំង​បិទ​ភ្នែក ។ នៅ​ពេល​នោះ​នាង​ខ្ញុំ​កើត​ទុក​មិន​សុខចិត្ត ក៏​ឱ្យ​ខាង​សាលាឧទ្ធរណ៍​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​កំពូល​វិញ ជា​លើក​ទី ២ ។ ចំណែក​ខាង​កំពូល​ក៏​បាន​កាត់​ឱ្យមក​នាង​ខ្ញុំ​ឈ្នះ កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០០៤ រុញ​ចោល​សំណុំរឿង​របស់​អ្នកស្រី ស៊ុ​យ សុ​ផា​ន នៅ​ឧទ្ធរណ៍​លើ​សំណុំរឿង​រដ្ឋប្បវេណី លេខ ៧៩ ចុះ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​ឆ្នាំ​២០០៤ សាលដីកា​លេខ​២១៧ ចុះ​ថ្ងៃ​ទី​៣០​ខែកញ្ញា ឆ្នាំ​២០០៤ ចេញ​ដោយ​ចៅក្រម​ជំនុំជម្រះ ប្រធាន លោក ឌិ​ត មុន្នី ។

បន្ទាប់​មក​ខាង​តុលាការ​កំពូល​ក៏​បាន​ហៅ​នាង​ខ្ញុំ​មក​ជា​លើក​ទី​៣ ដើម្បី​ជំនុំជម្រះ នៃ​ការ​លក់ ទិញ​ដី​ទាំង​២​ឡូត៍​នេះ ដែល​មាន​ទីតាំង ស្ថិត​នៅ​ភូមិ​តា​វៀន ឃុំ​សាលា​កំរើក ស្រុក​សៀមរាប ខេត្តសៀមរាប មាន​ចែង​ដូច​ខាងក្រោម យល់​ឃើញ​ថា ៖ ការ​ដែល​សាលាឧទ្ធរណ៍​សម្រេច​រំលាយ​កិច្ចសន្យាលក់​ផ្តាច់​ដី និង​ផ្ទះ ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០០០ និង​ប្រគល់​ដី​ទំនាស់​ចំនួន​២​ឡូត៍​៖ ឡូត៍​ទី​១-​មាន​ទំហំ​៥៦០​ម៉ែត្រក្រឡា ដែល​មាន​បង្កាន់ដៃ​ទទួល​ពាក្យ​ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ ១០៣៧ ចុះ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០០០ និង​ឡូត៍​ទី​២-​មាន​ទំហំ​៣២​ម៉ែត្រ​គុណ​នឹង​៣៦​ម៉ែត្រ មាន​បង្កាន់ដៃ​ទទួល​ពាក្យ​ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ​១០៣៨ ចុះ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០០០ របស់​ការិយាល័យ​ភូមិបាល​ស្រុក​សៀមរាប ស្ថិត​នៅ​ភូមិ​តា​វៀន ឃុំ​សាលា​កំរើក ស្រុក​សៀមរាប ខេត្តសៀមរាប ឱ្យទៅ​អ្នកស្រី ស៊ុ​យ សុ​ផា​ន កាន់កាប់​ជា​កម្មសិទ្ធិ​នោះ ជា​ការ​មិន​ត្រឹមត្រូវ​ទេ ព្រោះថា ភាគី​ចុង​ចម្លើយ មិន​បាន​ធ្វើ​ពាក្យបណ្តឹង​ទាមទារ​សោះ ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ នាង​ខ្ញុំ ចាន់ លន់ ពេល​នេះ​ចាស់​ដើរ​លែង​រួច​ហើយ ។ ក្នុង​នាម​ជាដើម​បណ្តឹង​សូម​លោក​ប្រធាន​តុលាការ​កំពូល​មេត្តា​ជួយ​សម្រួល​ចេញ​សាលដីកា​ជា​ផ្លូវការ​ឱ្យ​នាង​ខ្ញុំ​វិញ​ផង ដោយ​ក្តី​អនុគ្រោះ ព្រោះ​បើ​បាន​ប្លង់​មក​វិញ នាង​ខ្ញុំ​និង​ចែក​ដី​មួយ​ចំនួន​ឱ្យ​កូនចៅ និង​សល់​មួយ​ចំនួន​ទៀត​សម្រាប់​លក់​ដើម្បី​មើលជំងឺ ព្រោះ​រាល់ថ្ងៃ​នាង​ខ្ញុំ​ដើរ​ពុំ​រួច ហើយ​កំពុង​ព្យាបាល​រាល់ថ្ងៃ​ផង​ដែរ ។

សូម​រំលឹក​ថា បច្ចុប្បន្ន​ផ្ទះ​របស់​នាង​ខ្ញុំ ត្រូវ​បាន​គេ​ធ្វើ​ផ្លូវ​ចូល​នៅ​សល់​តែ​២០​ម៉ែត្រ​គុណ​នឹង​២៥​ម៉ែត្រ​ប៉ុណ្ណោះ សម្រាប់​ចែក​កូនចៅ​ក្នុង​ម្នាក់​ៗ​មួយ​ស្វែង​ដី ហើយ​រាល់ថ្ងៃ​កុំ​ថា​ខែវស្សា សូ​ម្បី​ខែប្រាំង​ក៏​ទឹក​លិច​ចូល​ផ្ទះ​ដែរ ។

កំណត់​ការិយាល័យ​និពន្ធ​ ៖ កោះសន្តិភាព​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​សុំ​ការ​បំភ្លឺ​ពី​លោកស្រី​ឧកញ៉ា ស៊ុ​យ សុ​ផា​ន​ ដែរ ប៉ុន្តែ​ទូរស័ព្ទ​មិន​ដំណើរការ ដែល​សង្ឃឹមថា នឹង​រង់ចាំ​ការ​បំភ្លឺ​តប​វិញ ពេល​ណា​ក៏​បាន​ដែរ កោះសន្តិភាព​នឹង​បំភ្លឺ​ជូន​គ្រប់ពេលវេលា ៕