ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់សោ.ក.ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឱ្យដឹង នារសៀលថ្ងៃទី០៦ ខែតុលានេះថា ករណីចោរលួចកាច់សោ.ក.ម៉ូតូរបស់ប្រជាពលរដ្ឋនោះ បានធ្វើឡើង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៣និង ៤០នាទី ទៀបភ្លឺ មានជនសង្ស័យ ០២នាក់ ជិះម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពុំមានផ្លាកលេខ លេខតួ+ម៉ាស៊ីន៦៣៥០៨៨០ បានធ្វើសកម្មភាពលួចកាច់សោ.ក.ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ យ.ស ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិក ផ្ទះសំណាក់យីហោ (ប.ថ) ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ សៀមរាប 1AK-០៤០៨ លេខតួ+ម៉ាស៊ីន៦០០១៩៤១ ដែលចតទុកនៅក្នុងកន្លែងធ្វើការ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាមក្រុង- ខេត្តសៀមរាប រួចក៏ជិះម៉ូតូគេចខ្លួនបាត់។
លោកបន្ថែមថា ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះខាងលើ សមត្ថកិច្ចយើង រួមទាំងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានល្បាត ហើយប្រទះឃើញមុខសញ្ញា ហើយបានដេញតាមជនសង្ស័យ ទៅដល់ភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងបានសហការគ្នាជាមួយកម្លាំងនគរបាលស្រុកបន្ទាយស្រី ចុះឃាត់ខ្លួន ជនសង្ស័យទី១.ឈ្មោះ វ៉ាន់ ធី ហៅវ៉ាន់ ថា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ ទី២.ឈ្មោះ នួន ប៊ុនទេពីន ហៅពីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប រួមជាមួយវត្ថុតាង (ម៉ូតូជនរងគ្រោះ) រួចយកមកសួរនាំ។
ក្រោយពីសួរនាំជនសង្ស័យ ឈ្មោះ វ៉ាន់ ធី ហៅវ៉ាន់ថា បានឆ្លើយសារភាពថា ខ្លួនទើបតែចេញពីពន្ធធនាគារ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ហើយខ្លួនពិតជាបានលួចកាច់សោ យកម៉ូតូខាងលើ ជាមួយឈ្មោះ នួន ប៊ុនទេពីន ពិតមែន។
ចំណែកឈ្មោះ នួន ប៊ុនទេពីន ហៅពីន បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព កាច់សោ ក លួចយកម៉ូតូ ជាមួយឈ្មោះ វ៉ាន់ ធី ហៅ វ៉ាន់ថា ពិតប្រាកដមែន ហើយកាលពីមុនខ្លួនធ្លាប់ធ្វើសកម្មភាព លួចយកម៉ូតូរបស់គេចំនួន ០២ដងរួចមកហើយ ជាមួយជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុយ ហៅ មូស ដែលលើកទី១ មិនចាំថ្ងៃ តែនៅក្នុងខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២៤:០០នាទី ខ្លួន និងឈ្មោះអ៊ុយ បានចូលលួចយកម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ មិនចាំ លេខតួ និង លេខម៉ាស៊ីន ព្រមទាំងស្លាកលេខ ស្ថិតនៅចំនុច សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប, លើកទី២ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទី ខ្លួន និងឈ្មោះ អ៊ុយ បានចូលលួចយកម៉ូតូ ០១គ្រឿងទៀតម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ មិនចាំលេខតួ និងលេខម៉ាស៊ីន ព្រមទាំងស្លាកលេខ ស្ថិតនៅចំនុច ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីលួចបាន ឈ្មោះ អ៊ុយ ជាអ្នកយកទៅលក់នៅភ្នំពេញ ហើយលែងឃើញឈ្មោះ អ៊ុយ មកវិញតែម្ដង។
ជនសង្ស័យឈ្មោះ សុខ វាសនា ហៅ ស្នា បានឆ្លើយសារភាពថា ខ្លួនត្រូវបានបក្ខពួក ឱ្យយកម៉ូតូពីឈ្មោះ វ៉ាន់ ធី ហៅ វ៉ាន់ថា ក្នុងពេលមកយកម៉ូតូ ក៏ត្រូវសមត្ថកិច្ចឃាត់បានតែម្តង ហើយវត្ថុតាងដកហូតមានម៉ូតូចំនួន ០២គ្រឿង មាន: ទី១/ម៉ាកHonda dream c125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២១ពុំមានផ្លាកលេខ លេខតួ+ម៉ាស៊ីន៦០០១៩១៤។ទី២ /ម៉ាក Honda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពុំមានផ្លាកលេខលេខតួ+ម៉ាស៊ីន ៦៣៥០៨៨០។ ទី៣/សោរកែច្នៃចំនួន ១គ្រាប់។ ទី៤./ទូរស័ព្ទដៃចំនួន ០២ គ្រឿង។
លោកបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំរួច កម្លាំងនគរបាលជំនាញយើង បានធ្វើតេស្តរកសារធាតុញៀនលើខ្លួនជនសង្ស័យខាងលើ ទាំង ០៣នាក់ ជាលទ្ធ ផលជនសង្ស័យឈ្មោះ នួន ប៊ុន ទេពីន ភេទប្រុស( វិជ្ជមាន)។ ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបញ្ជូនបន្ត ទៅកាន់តុលាការខេត្ត ចាត់ការតាមនីតិវិធីនៃច្បាប់ព្រហ្មទណ្ឌ៕ ច័ន្ទ រស្មី




ចែករំលែកព័តមាននេះ