រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតប្រដាល់កំពូលអ្នកប្រដាល់ជើងឯកគោជល់រដូវកាលថ្មីជំនាន់ទី៧នៅសង្វៀនទូរទស្សន៍ស៊ីអិនស៊ី នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនៅថ្ងៃទី១៨ មីនា ចុងសប្តាហ៍នេះហើយ ។ នេះគឺជាការប្រកួតនៅក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ដែលមានកីឡាករជើងខ្លាំងកម្ពុជា៤រូបនិងកីឡាករថៃ៤រូបឡើងប្រកួតដណ្ដើមខ្សែក្រវាត់គោជល់ប្រចាំឆ្នាំ២០១៧ ។
កីឡាករកម្ពុជាមាន ឆៃ សារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឌុម កែវដា មកពីក្លិបមកុដរាជសីហ៍ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងសេក គឹមរួន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ។ ចំណែក កីឡាករថៃមាន កុងមេងធី ស៊ីតប៉ុមពឺនកីឡាករ មុងឃុនកេត ណាយ៉ាវ៉ាវីវ កីឡាករផ្ស័ក្ស ស៊ុតប័ន និងកីឡាករ ភិគុនងើន ផាន់និសាមួយថៃ ។
ការប្រកួតធ្វើឡើងតាមរូបមន្តជម្រុះវិលជុំ ស្វែងរកកីឡាករជើងខ្លាំងក្នុងមួយពូលចំនួន២រូប សម្រាប់ឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រជាបន្តទៀត ។ចំណែកប្រាក់រង្វាន់វិញ កីឡាករដែលជាប់ជាម្ចាស់ជើងឯក ទទួលបានខ្សែកមាសមួយខ្សែនិងប្រាក់រង្វាន់២០លានរៀល លេខ២ទទួលបានខ្សែកមាសមួយខ្សែ និងប្រាក់រង្វាន់១០លានរៀល លេខ៣ទទួលបានខ្សែកមាសមួយខ្សែ និងប្រាក់រង្វាន់៦លានរៀល និងលេខ៤ទទួលបានពាន និងប្រាក់រង្វាន់៤លានរៀល ។ ការប្រកួតធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៥និង៤០នាទីល្ងាចដល់ម៉ោង៨យប់ ។
លោក មាន សំអុល នាយកចាត់ការទូទៅក្រុមហ៊ុនភេសជ្ជៈគោជល់បានឱ្យដឹងថា ក្រុមហ៊ុនលោករៀបចំកម្មវិធីប្រកួតកីឡាប្រដាល់នេះឡើងគឺ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ។ ជាពិសេស ក៏ជាការផ្ដល់ឱកាសឱ្យកីឡាករគ្រប់ប្រភេទទម្ងន់ទទួលបាននូវបទពិសោធន៍ក្នុងការប្រកួតជាមួយកីឡាករបរទេស ។
លោក ឆឹង យ៉ៅយេន អនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានផ្ដាំផ្ញើដល់កីឡាករ ក៏ដូចជាគ្រូបង្ហាត់មិនត្រូវធ្វើអ្វីដែលជាបញ្ហានាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់សហព័ន្ធនិងខ្លួនឯងឡើយ ។ ជាពិសេស ត្រូវតែគោរពឱ្យបាននូវសីលធម៌ វិន័យ និងលក្ខន្តិកៈនៃការប្រកួតឱ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ