ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្ដាប់​មហិច្ឆតា​អ្នក​ប្រដាល់​បងប្អូន​បង្កើត​ប្រុស​-​ស្រី​២​រូប

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​សាកល​ជម្រើសជាតិ​កម្ពុជា​២​រូប​គឺ​កីឡាករ វី សុ​ភ័ស និង​កីឡាការិនី

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​សាកល​ជម្រើសជាតិ​កម្ពុជា​២​រូប​គឺ​កីឡាករ វី សុ​ភ័ស និង​កីឡាការិនី
វី ស្រី​ស្រស់​ដែល​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​និងកំពុង​ចាប់ដៃ​គ្នា​ប្រឡូក​ក្នុង​អាជីព​ប្រដាល់សកល
យ៉ាង​សកម្ម​។

អ្នក​ប្រដាល់​ត្រកូល​«​វី​»​មក​ពី​ខេត្តកណ្តាល​ទាំង២​រូប និយាយ​ថា ដោយសារ​ក្រុម​គ្រួសារ​មាន
ជីវភាព​​ខ្វះខាត ទើប​ពួក​គេ​បាន​តាំងចិត្ត​ខ្ពស់​ដើម្បីឈាន​ទៅ​រក​សមិទ្ធផល​ធំ​ក្នុង​អាជីព ។ ពួក​គេ​មិនត្រឹមតែ​មានការ​តាំងចិត្ត​ខ្ពស់​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ សូ​ម្បី​ក្រុម​គ្រួសារ និង​សាច់ញាតិ​ក៏​លើកទឹកចិត្ត​ពួក​គេ​ខ្លាំង​ណាស់​ដែរ​។

វី សុ​ភ័ស ដែល​មាន​វ័យ​២២​ឆ្នាំ បាន​និយាយ​ថា ប្រដាល់​ជួយ​សម្រាល​បន្ទុកគ្រួសារ​របស់​គេ​ច្រើន​ណាស់ ។ សព្វ​ថ្ងៃនេះ ពុក​ម៉ែ​គេ​មិនសូវ​លំបាក​ដូច​មុន​ទេ​។ កីឡាករ​រូប​នេះ​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់សកល​ក្នុង​ឆ្នាំ​២០០៩ និង​សង្ឃឹម​តំណាង​ឲ្យ​កម្ពុជា​នៅ​ពេល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ បងប្រុស​ឈ្មោះ វី សា​វុ​ធ ដែល​ជា​អតីត​កីឡាករ​ប្រដាល់សកល​ជា​បុគ្គល​មាន​ឥទ្ធិពល​លើ​រូបគេ​ក្នុង​ការ​ចូល​អាជីព​ប្រដាល់​នេះ​។

វី សុ​ភ័ស បាន​និយាយ​ដោយ​ក្ដី​សង្ឃឹមថា ថ្ងៃ​ណាមួយ​រូបគេ នឹង​ក្លាយជា​កីឡាករ​ប្រដាល់​អាជីព និង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​។

កីឡាករ​រូប​នេះ​បាន​ឈ្នះ​ជើងឯក​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០២១ និង​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​២​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​មុន​ៗ​។ រូបគេ​បាន​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​២០១៩​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នៅ​ប្រទេស​ចិន ហើយ​ពេល​នោះ​ទទួល​បាន​មេដាយ​សំរឹទ្ធ​។

ដោយឡែក​កីឡាការិនី​វ័យ​២០​ឆ្នាំ​វី ស្រី​ស្រស់​ដែល​ជា​ប្អូន​វី សុ​ភ័ស បាន​ជម្នះ​នឹង​ការ​ជំទាស់​របស់​ឪពុក​ម្តាយ​រហូត​ទទួល​បានការ​យល់ព្រម និង​គាំទ្រ​ពេញទំហឹង​ក្នុង​ការ​ចូល​ហ្វឹកហាត់​ប្រដាល់​។

វី ស្រី​ស្រស់ បាន​និយាយ​ថា ពេល​បងប្រុស​ចូល​ហាត់​ប្រដាល់ ខ្លួន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ពួក​គាត់​ឲ្យ​គាំទ្រ​ខ្លួន​ចូល​ប្រដាល់​ដែរ ។ ឥឡូវនេះ ពួក​គាត់​លែង​ជំទាស់ ហើយ​ក៏​សប្បាយចិត្ត​ឃើញ​ខ្លួន​ប្រឹងប្រែង​។
តាម​ពិត​ទៅ កីឡាការិនី​រូប​នេះ​បាន​ឈប់​រៀន​ដើម្បី​ចូល​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​ពេញលេញ​។

ការ​តស៊ូ និង​ប្រឹងប្រែង​ហ្វឹកហាត់​របស់​នាង​ជា​លទ្ធផល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ពីរ​ដង​ក្នុង​កា​រប​កួត​ជើងឯក​ថ្នាក់​ជាតិ ។ វី ស្រី​ស្រស់ បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០១៩​ជា​ពេល​ដែល​នាង​ទទួល​បាន​មេដាយ​សំរឹទ្ធ ។ ទោះជា​ទទួល​បាន​សមិទ្ធផល​ខ្លះ​ៗ កីឡាការិនី​រូប​នេះ​ជឿ​ថា នាង​នៅ​មាន​ពេលវេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​ស្វែងរក​ភាព​ជោគជ័យ​បន្ថែម​។ ដូច​បងប្រុស​របស់​នាង​ដែរ វី ស្រី​ស្រស់ ក៏​ចង់​ឃើញ​ក្មេង​ជំនាន់​ក្រោយ​ចូលរួម​សកម្មភាព​កីឡា និង​ចាប់​អាជីព​ក្នុង​វិស័យ​កីឡា​ឲ្យ​បាន​ច្រើន​។

សម្រាប់​ឥឡូវនេះ បងប្អូន​ប្រុស​ស្រី​ទាំង​ពីរ​នាក់បាន និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ហ្វឹកហាត់
យ៉ាង​ខ្លាំង​ដើម្បី​អភិវឌ្ឍ​ខ្លួន​សម្រាប់​ចូលរួម​ប្រកួតកីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ