ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រតិកម្ម ចំពោះ​សម្តី​លោក សម រ​ង្ស៊ី ថា​ជា​ការ​កេង​ចំណេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវបាន​ប្រមុខរដ្ឋ​ស្តីទី​ចុះហត្ថលេខា​រួច​យ៉ាងណា​ក្តី ក៏​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​

រាជធានី​ភ្នំពេញ ៖ ទោះបី​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវបាន​ប្រមុខរដ្ឋ​ស្តីទី​ចុះហត្ថលេខា​រួច​យ៉ាងណា​ក្តី ក៏​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​អះអាង​ថា ព្រះមហាក្សត្រ​មិន​ព្រម​ឡាយព្រះហស្តលេខា​នោះ​ទេ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ការ​លើក​ឡើង​បែប​នេះ​ដើម្បី​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​។    

លោក សម រ​ង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក នៅ​ថ្ងៃ​ទី​១៦ ខែមីនា​ថា «​សូម​អរ​ព្រះ​គុណ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែល​ព្រះ​អង្គ​មិន​យល់ព្រម​ឡាយព្រះហស្តលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​បើកផ្លូវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាមតែ​អំពើ​ចិត្ត​» ។

លោក​ថ្លែង​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ រំលោភ​រដ្ឋ​ម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ ជា​ពិសេស​ត្រង់​ចំណុច​ដែល​តម្រូវ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ សព្វ​ថ្ងៃនេះ មាន​គណបក្ស​តែ​២​នៅ​រដ្ឋសភា ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ជា​ការ​វិល​ត្រឡប់​ទៅ​រក​របប​បក្ស​តែ​មួយ​ដូច​កាលសម័យ​កុម្មុយនីស្ត គឺ​មិន​អាច​ហៅ​ថា​ពហុបក្ស​បាន​ទេ ។

ទោះជា​យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ច្បាប់​នេះ​ត្រូវ​បាន​ឡាយ​ចុះហត្ថលេខា​រួច​ហើយ ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី ស្រប​តាម​មាត្រា​២៨​ថ្មី ជំពូក​ទី​២ នៃ​រដ្ឋធម្មនុញ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក សម រ​ង្ស៊ី គូសបញ្ជាក់​ថា «​ដោយសារ​តែ​ព្រះ​អង្គ​មិន​យល់ព្រម​ឡាយព្រះហស្តលេខា​លើ​វិសោធនកម្ម​ដ៏​ព្រៃផ្សៃ​នេះ ទើប​ព្រះ​អង្គ​បាន​យាង​ទៅ​ស្រុក​ចិន ដើម្បី​កុំ​ឲ្យ​មាន​ព្រះ​នាម​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​» ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះក៏​បាន​លើក​ពី​រឿង​អតីតកាល​របស់​ព្រះ​វររាជបិតា គឺ​សម្តេចព្រះ​នរោត្តម សីហ​នុ ដែល​កាលពី​ឆ្នាំ​២០០៤ ក៏​ព្រះ​អង្គ​មិន​បាន​យល់ព្រម
ឡាយព្រះហស្តលេខា​លើ​ច្បាប់​ព្រៃផ្សៃ​មួយទៀត គឺ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អនុញ្ញាត​ឲ្យតំណាងរាស្ត្រ​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើសរើសនាយក​រដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា តាម​រយៈ​ការ​បោះ​ឆ្នោត​តែ​មួយ តែ​ម្តង ហៅ​ថា​បោះ​ឆ្នោត​ជា​កញ្ចប់​។ ពេល​នោះ ក៏​ព្រះមហាក្សត្រ​បាន​គេចខ្លួន ដោយ​យាង​ទៅ​ប្រទេស​ចិន ទុក​ឲ្យ​ប្រមុខរដ្ឋ​ស្តីទី​ចុះហត្ថលេខា​ជំនួស​ព្រះ​អង្គ ។

សូ​ម្បី​តែ​សម្តេច ជា ស៊ី​ម ក៏​បាន​គេចខ្លួន​ទៅ​ប្រទេស​ថៃ ដោយសារ​តែ​លោក​ក៏​មិន​យល់ព្រម​ចុះហត្ថលេខា​លើ​វិសោធនកម្ម​នោះ​ដែរ ហើយ​ទុក​ឲ្យ​លោក ញឹក ប៊ុ​ន​ឆៃ ចុះហត្ថលេខា​ជំនួស​ក្នុង​ឋានៈ​ជា​អនុប្រធាន​ព្រឹទ្ធសភា ។

ទោះជា​យ៉ាងណា​ក្តី បើ​តាម​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​រដ្ឋសភា បាន​អះអាង​ថា បណ្តា​សេចក្តី​ព្រាង​ច្បាប់ ឬ​សេចក្តី​ស្នើ​ច្បាប់​ដែល​ត្រូវ​បាន​អង្គការនីតិប្បញ្ញត្តិ​អនុម័ត​តាម​នីតិវិធី​ពី​ក្នុង​អង្គប្រជុំ​រដ្ឋសភា បន្ទាប់​មក​មក​ដល់​អង្គប្រជុំ​ព្រឹទ្ធសភា​រួច​ហើយ សេចក្តីព្រាងច្បាប់ ឬ​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​ពិភាក្សា​ពី​ធម្មនុញ្ញភាព តើ​បណ្តា​ខ្លឹមសារ​នៅ​ក្នុង​ច្បាប់​នេះ មាន​អ្វី​ជា​ទំនាស់​ជាមួយ​រដ្ឋធម្មនុញ្ញ​ឬទេ ? ក្រោយ​ពី​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​រួច​ហើយ មិន​មាន​បញ្ហា​អ្វី​ប្រាសចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទេ ក្រុមប្រឹក្សាធម្មនុញ្ញ ចេញ​សេចក្តីសម្រេច​មួយ​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ឬ​សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ធម្មនុញ្ញភាព​ត្រឹមត្រូវ ។

លោក សុខ ឥ​សាន ថ្លែង​ទៀត​ថា បន្ទាប់ពី​បាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញហើយ​បែបបទ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះ​បរមរាជវាំង ដើម្បី​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ទ្រង់​ព្រះ​រាជទាន​ទ្បា​យ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​ដែល​អង្គនីតិប្បញ្ញត្តិ​បាន​អនុម័ត​រួច​នោះ​ជា​ធរមាន ។

លោក សុខ ឥ​សាន គូសបញ្ជាក់​ថា «​មាត្រា​២៨​ថ្មី ជំពូក​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​ទ្បា​យ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រម​ឲ្យ​ប្រើ​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​សព្វគ្រប់​រួច​ហើយ និង​ទ្រង់​ទ្បា​យ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ តាម​សេចក្តី​ស្នើ​សុំ​ពី​គណៈរដ្ឋមន្ត្រី ។

ក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​ប្រឈួន ហើយ​ត្រូវ​ព្យាបាល​ព្រះ​រោគ​នៅ​បរទេស ក្នុង​ពេល​នោះ​ព្រះមហាក្សត្រ​មាន​សិទ្ធិ​ផ្ទេរអំណាច​ទ្បា​យ​ព្រះ​ហស្ត​លេខា​នៅ​លើ​ព្រះរាជក្រម ឬ​ព្រះរាជក្រឹត្យ​ខាងលើ​នេះ ទៅ​ប្រមុខរដ្ឋ​ស្តីទី​ចុះហត្ថលេខា​ជំនួស​ដោយ​ព្រះរាជ​សារ​ប្រគល់​សិទ្ធិ​» ។

ជាង​នេះ​ទៀត មាត្រា​៣០​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ក្នុង​រយៈពេល​ព្រះមហាក្សត្រ​ទ្រង់​អវត្តមាន ប្រធាន​ព្រឹទ្ធសភា​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្តីទី ។ ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា ពុំ​មាន​លទ្ធភាព​បំពេញភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្តីទី​ជំនួស​ព្រះមហាក្សត្រ ពេល​ព្រះ​អង្គ​ទ្រង់​អវត្តមាន ការ​ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្តីទី ត្រូវ​អនុវត្ត​តាម​វាក្យ​ខ័​ណ្ឌ​ទី​២ និង​ទី​៣ នៃ​មាត្រា​១១​ថ្មី ។

មាត្រា​១១​ថ្មី​ចែង​ថា ក្នុង​ករណី​ដែល​ប្រធាន​ព្រឹទ្ធសភា ពុំ​មាន​លទ្ធភាព​បំពេញភារកិច្ច​ជា​ប្រមុខរដ្ឋ​ជំនួស​ព្រះមហាក្សត្រ ក្នុង​ឋានៈ​ជា​ព្រះរាជា​នុ​សិទ្ធិ ពេល​ព្រះ​អង្គ​ទ្រង់​ប្រឈួន​ជា
ទម្ងន់ ដូច​មាន​ចែង​ក្នុង​វាក្យ​ខ័​ណ្ឌ​ខាងលើ ប្រធានរដ្ឋសភា​ជា​អ្នក​បំពេញភារកិច្ច​នេះ ។

ដូច្នេះ​នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ ដែល​ព្រះ​អង្គ​យាង​ទៅ​ព្យាបាល​ព្រះរាជ​សុខភាព នៅ​ទីក្រុង​ប៉េ​កាំ​ង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ទទួល​ភារកិច្ច​ជា​ប្រមុខរដ្ឋ​ស្តីទី មាន​ភារកិច្ច​ស្របច្បាប់​ក្នុង​ការ​ចុះហត្ថលេខា​លើ​ព្រះរាជក្រម​ប្រកាស ឲ្យ​ប្រើប្រាស់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

លោក សុខ ឥ​សាន សង្កត់ធ្ងន់​ថា «​ការ​និយាយ​ថា ព្រះមហាក្សត្រ​មិន​សព្វ​ព្រះ​ហ​ប្ញ​ទ័យ មិន​ចង់​ទ្បា​យ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ គឺជា​ការ​ឃោសនា​បំភាន់​មតិ​សាធារណៈ ក្នុង​ចេតនា​កេង​ចំណេញ​ខាង​នយោបាយ ។ ការ​និយាយ​របស់​ពួក​ទាំងនេះ បាន​រំលោភ​រដ្ឋធម្មនុញ និង​ជា​ការ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​យ៉ាង​ជាក់ស្តែង មិន​អាច​ប្រកែក​បាន​ទ្បើ​យ​» ៕