ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចថៃបានធ្វើការឃាត់ខ្លួនក្រុមអាជីវករខ្មែរ១១នាក់ ក្នុងនោះស្រី៧នាក់ ដែលស្នាក់នៅរកស៊ី លក់ដូមុខទំនិញដោយគ្មានលិខិតស្នាមត្រឹមត្រូវក្នុងផ្សារមឿងមៃ ស្ថិតក្នុងភូមិស្រែប្រី ឃុំផៃផាត់ថាណា ស្រុកភូស៊ីង ខេត្តស៊ីសាកេត ប្រទេសថៃនោះ ត្រូវបានបញ្ជូនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាវិញតាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៥ មីនា ២០១៧ ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យោងតាមការឱ្យដឹងពីក្រុមការងារបម្រើការនៅមាត់ច្រកទ្វារអន្តរជាតិជាំថា ក្រុមអាជីវករខ្មែរ ស្នាក់នៅលក់ដូរនៅក្នុងផ្សារមឿងមៃ ដែលក្រុមអាជ្ញាធរថៃធ្វើការឃាត់ខ្លួននោះ ដោយសារតែក្រុមអាជីវករខ្មែទាំង ១១នាក់ មិនបានធ្វើលិខិតស្នាម បំពេញបែបបទឱ្យបានត្រឹមត្រូវនៅពេលស្នាក់នៅ លក់ដូររាល់មុខទំនិញ ទើបក្រុម អាជ្ញាធរមានវិធានការចាប់បញ្ជូនខ្លួនប្រគល់មកកម្ពុជាវិញ។
ក្រុមការងារកម្ពុជាដដែលបានបញ្ជាក់ថា ក្រោយពីបាន ទទួលក្រុមអាជីវករខ្មែរទាំង១១នាក់ ពីក្រុមអាជ្ញាធរថៃ សមត្ថកិច្ចកម្ពុជាបានធ្វើការអប់រំ និងពន្យល់ដល់ពួកគាត់ឱ្យធ្វើ ជាលិខិតស្នាមឱ្យបានត្រឹមត្រូវសិន ទើបស្នាក់នៅលក់ដូរនៅក្នុងប្រទេសថៃបាន។ ក្រោយពីការអប់រំរួច សមត្ថកិច្ចបានឱ្យ ទៅលំនៅឋានវិញនាថ្ងៃដដែលនោះ៕
ចែករំលែកព័តមាននេះ