ប្រទេសជប៉ុនគ្រោងបញ្ជូននាខែឧសភានូវនាវាចម្បាំងដ៏ធំរបស់ខ្លួន ដើម្បីបំពេញបេសកកម្មមួយមានរយៈពេល៣ខែនៅសមុទ្រចិនខាងត្បូង ។ អ្នកជំនាញការយោធារុស្ស៊ីម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី SPUTNIK ពីហេតុផលទាំងឡាយនៃការផ្តួចផ្តើមគំនិតនេះរបស់ក្រុងតូក្យូ ។
តាម SPUTNIK ថា រដ្ឋាភិបាលជប៉ុនបានសម្រេចបញ្ជូននាវាចម្បាំងធំផ្ទុកឧទ្ធម្ភាគចក្រឈ្មោះ IZUMO នោះ ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែនៅសមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា ។
អ្នកជំនាញការយោធារុស្ស៊ី លោកវ៉ាស៊ីលី កាស៊ីន អះអាងប្រាប់ SPUTNIK ថា ការផ្តួចផ្តើមគំនិតនេះអាចចាត់ទុកថាជាប្រតិបត្តិការធំមួយរបស់កងនាវាចម្បាំងជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទី២មក ។ លោកបន្តថា នាវា IZUMO ជានាវាយ៉ាងធំមួយស្ថិតក្នុងប្រភេទនាវាពិឃាតផ្ទុកឧទ្ធម្ភាគចក្រដែលមានតែនៅប្រទេសជប៉ុន ។
នាវាបែបនេះត្រូវបានពិភពលោកចាត់ទុកជានាវាផ្ទុកឧទ្ធម្ភាគចក្រ ឬជានាវាផ្ទុកយន្តហោះធុនស្រាលមួយ ។ នាវានេះមានចំណុះ២៧.០០០តោន ហើយជានាវាផ្ទុកយន្តហោះធុនស្រាលធំជាងបណ្តានាវាផ្ទុកយន្តហោះធុនស្រាលនៃបណ្តាប្រទេសអឺរ៉ុប ហើយវាមានលំនាំទៅនឹងនាវាវាយលុក AMPHIBIES របស់អាេមរិក ។ តាមទ្រឹស្តីនាវា IZUMO អាចដាក់បណ្តាយន្តហោះឡើងត្រង់បំបាំងកាយ F-35B ហើយពេលនេះវាក្លាយជានាវាផ្ទុកយន្តហោះធុនស្រាលមួយ ៕
ចែករំលែកព័តមាននេះ