រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់អន្តរជាតិនៅលើសង្វៀនទូរទស្សន៍ភីអិនអិន ថ្ងៃអាទិត្យទី១៩ មីនា សប្ដាហ៍នេះ កីឡាករជើងខ្លាំងកម្ពុជា២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតជាមួយកីឡាករថៃ ប៉ុន្តែលទ្ធផលចុងក្រោយយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ ។
ពៅ សក្ដិសិទ្ធ មកពីក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះឌេត ប៊ុនចុង ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ តាមការឱ្យដឹងកីឡាករថៃរូបនេះមិនធ្លាប់មកប្រកួតនៅលើសង្វៀនស្រុកខ្មែរពីមុនមកទេ ។ ដូច្នេះចំពោះប្រវត្តិប្រកួតរបស់គេយ៉ាងណានោះ អត់ទាន់មានអ្នកណាដឹងគ្រាន់តែមានការអះអាងថា គេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបធ្លាប់មានបទពិសោធប្រកួតជាច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះនៅស្រុកថៃក្នុងប្រភេទទម្ងន់បែបនេះអ្នកដែលអាចផ្ដួលគេបានកម្រមានណាស់ ។ ចំណែកពៅ សក្ដិសិទ្ធ វិញនរណាក៏ដឹងថាពីមុនគេគឺជាកំពូលអ្នកប្រដាល់ជើងខ្លាំងមួយរូបតែមួយរយៈមកនេះថ្វីដៃប្រកួតនៅលើសង្វៀនរបស់គេរាងចុះខ្សោយជាងមុនបន្តិច ។ ទោះបីជាយ៉ាងណា គេនៅតែមានជំនឿចិត្តលើពៅ សក្ដិសិទ្ធដដែល ទោះបីកីឡាកររូបនេះមិនសូវពូកែស្នៀតកែង ប៉ុន្តែផ្លែជង្គង់របស់គេពិតជាសាហាវខ្លាំងណាស់ ពេលវាយចេញម្ដងៗមានទម្ងន់ធ្ងន់ធ្វើឱ្យគូប្រកួតពិបាកទប់ទល់ ។ ចាំមើលតើការជួបកីឡាករថៃដែលមិនស្គាល់ប្រវត្តិបែបនេះ ពៅ សក្ដិសិទ្ធ អាចទៅរួច ឬអត់ ។
ឡុង ឡា មកពីក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយកីឡាករថៃឈ្មោះលេក ឃុម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ឡុង ឡា ក៏ជាអ្នកប្រដាល់ជើងចាស់មួយរូបដែលមានថ្វីដៃប្រកួតនៅលើសង្វៀនល្អគ្រាន់បើ និងមានចិត្ដសឿងទៀតផង ។ ប៉ុន្តែមួយរយៈមកនេះមិនសូវលេចមុខនៅលើសង្វៀនញឹកញាប់ប៉ុន្មានទេ ដូច្នេះសម្រាប់ការប្រកួតលើកនេះគេពិបាកសន្និដ្ឋានខ្លាំងណាស់ ដោយសារកីឡាករថៃមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរ ហើយអត់មានអ្នកណាស្គាល់ពីប្រវត្តិប្រកួតច្បាស់លាស់ទៀត ។ ដូច្នេះអ្នកណាខ្លាំងជាងអ្នកណានៅមិនទាន់ដឹងនៅឡើយទេ ។
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញ កីឡាករម៉ន វីវ៉ា មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយកីឡាករ សិទ្ធ ចន្ទ្រា មកពីក្លិបសាមគ្គីកូនខ្មែរ និងកីឡាករ តាំង សីហា មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយកីឡាករ ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សកីឡា ៕
ចែករំលែកព័តមាននេះ