នេះជាការវាយបកថ្មីរបស់តុលាការចំពោះលោកដូណាល់ត្រាំ ។ ចៅក្រមសហព័ន្ធអាមេរិក២រូបកាលពីថ្ងៃទី១៥ មីនា បានរាំងខ្ទប់ការអនុវត្តក្នុងដែនដីអាមេរិកទាំងមូលក្រិត្យទី២ប្រឆាំងអន្តោប្រវេសន៍របស់ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ។
ប៉ុន្មានម៉ោងប៉ុណ្ណោះមុនការចូលជាធរមាននៃក្រិត្យថ្មីនោះចៅក្រមមួយរូបនៃកោះហាវ៉ៃបានចេញមុខរាំងខ្ទប់ដំបូងដោយវិនិច្ឆ័យថាក្រិត្យនោះមានភស្តុតាងនានាហើយមិនអាចប្រកែកបានប៉ះពាល់ដល់សាសនានិងថាការផ្អាកបណ្តោះអាសន្នគឺចៀសវាងការខូចខាតមួយដែលពុំអាចប៉ះប៉ូវបាន ។
បន្ទាប់មកចៅក្រមសហព័ន្ធម្នាក់ទៀតនៃក្រុង SEATTLE រដ្ឋវ៉ាស៊ីនតោនដែលយល់ស្របតាមសំណើរបស់រដ្ឋវ៉ាស៊ីនតោននិងរដ្ឋអូរីហ្គោន បានចេញការសម្រេចមួយផ្អាកអនុវត្តក្រិត្យនោះសម្រាប់រយៈពេល១៤ថ្ងៃព្រោះខ្លាចមានការខូចខាតពុំអាចប៉ះប៉ូវបាន ។
នៅឯកិច្ចប្រជុំមួយក្នុងក្រុង NASHVILLE រដ្ឋតេននីស៊ី ប្រធានាធិបតីអាមេរិកបានបញ្ចេញប្រតិកម្មដោយបរិហារការសម្រេចចិត្តនោះថាខុសឆ្គង ដោយលោកថាបែបនេះជាការប្រព្រឹត្តដោយរំលោភបំពានពុំធ្លាប់មានពីមុនមក ។ លោកសន្យាធ្វើការតវ៉ាទៅតុលាការកំពូល ៕
ចែករំលែកព័តមាននេះ