អាជ្ញាធរអាមេរិក កាលពីថ្ងៃទី១៥ មីនា បានចោទប្រកាន់បណ្តាភ្នាក់ងារស៊ើបការណ៍រុស្ស៊ី FSB ថា ជាអ្នកទទួលខុសត្រូវលើការវាយប្រហារព័ត៌មានវិទ្យាប្រឆាំងក្រុមហ៊ុនអុីនធើរណេត YAHOO ដែលនេះជាការចោទប្រកាន់ថ្មីទៀត លើការលូូកដៃរបស់រុស្ស៊ីក្នុងប្រព័ន្ធព័ត៌មានវិទ្យានៅសហរដ្ឋអាមេរិក ។
ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា សរុបមានការចោទប្រកាន់៤ ចំពោះការវាយប្រហារនេះ ដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤ ហើយចាត់ទុកថាជាការវាយប្រហារសំខាន់បំផុតមួយពុំធ្លាប់មានប៉ះពាល់ដល់គណនីអ្នកប្រើប្រាស់យ៉ាងតិច៥០០លាននាក់ ហើយជាការលួចប្រព័ន្ធព័ត៌មានវិទ្យាដែលមានរហូតដល់ឆ្នាំ២០១៦ ។
ជនជាប់ចោទ២នាក់ជាភ្នាក់ងារ FSB ពីមុនហៅ KGB លោកឌីមីទ្រី ដូគូ ឆាអីុយេវ និងលោកអីុហ្គ័រ ស៊ូតឈីន ដោយអ្នកទាំង២ត្រូវចោទថា ជួយការពារដឹកនាំ សម្រួល និងចាយប្រាក់សម្រាប់ពួកចោរលួចព័ត៌មានវិទ្យា ដើម្បីប្រមូលបណ្តាព័ត៌មានតាមរយៈការលុកចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យានៅសហរដ្ឋអាមេរិក និងនៅកន្លែងផ្សេងៗទៀត ។
HACKERS ២នាក់ ដែលធ្វើការឱ្យពួកចារបុរសរុស្ស៊ី ក៏ទទួលការចោទប្រកាន់ដែរ កាលពីថ្ងៃទី១៥ មីនា គឺជនជាតិរុស្ស៊ីឈ្មោះអាឡិចសី ប៊ីឡាន ព្រមទាំងបុរសជនជាតិកាណាដា-កាហ្សាក់ស្ថាន ឈ្មោះការីម បារ៉ាតូវ ដែលចាប់ខ្លួនកាលពីថ្ងៃទី១៤ មីនា នៅកាណាដា ។ អាឡិចសី ប៊ីឡាន ត្រូវឃាត់ខ្លួននៅអឺរ៉ុបកាលពីឆ្នាំ២០១៣ ក៏ប៉ុន្តែអាចរត់គេចខ្លួនមកកាន់រុស្ស៊ី ។
ពេលលូកដៃចូលប្រព័ន្ធព័ត៌មានវិទ្យា YAHOO ពួកចោរព័ត៌មានវិទ្យាវាយប្រហារគណនីអ្នកប្រើប្រាស់៥០០លាន ហើយក៏ប្រើផងដែរ បណ្តាព័ត៌មានដែលលួចបានដើម្បីបញ្ចូលក្នុងគណនីរបស់សេវាកម្មអីុនធើរណេតឯទៀតៗ ដូចជា GOOGLE ជាដើម ។ ការវាយប្រហារសំដៅជាពិសេសបណ្តាអ្នកកាសែតរុស្ស៊ី បណ្តាអ្នកទទួលខុសត្រូវរដ្ឋាភិបាលរុស្ស៊ី និងអាមេរិក ព្រមទាំងនិយោជិតនៃបណ្តាសហគ្រាសឯកជន ៕
ចែករំលែកព័តមាននេះ