កិច្ចព្រមព្រៀងស្តីពីការលក់ដែនដីអាឡាស្កាឱ្យសហរដ្ឋអាេមរិកត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោនកាលពី១៥០ឆ្នាំមុន ។ ចាប់តាំងពីពេលនោះមក ការជជែកដេញដោលគ្នានៅតែបន្តក្តៅគគុកលើបណ្តាមូលហេតុនៃការលក់នេះរបស់រុស្ស៊ី និងថាហេតុអីវាទៅរួច?
បណ្ឌិតខាងប្រវត្តិវិទ្យារុស្ស៊ី២រូប លោកអាឡិចសាន់ ប៉េតូវ និងលោកអីុអ៊ូរី ប៊ូឡា តូវ ជួយយើងក្នុងការបំភ្លឺរឿងនេះ ។
លោកអាឡិចសាន់ប៉េតូវ រៀបរាប់ថា អាឡាស្កា ត្រូវបានប្រគល់នាម័យកាលនោះគេនិយាយច្បាស់ថា ឱ្យ រួចពុំមែនលក់ទេ កាលពី១៥០ឆ្នាំមុនដល់សហរដ្ឋអាេមរិក ។ ចាប់តាំងពីពេលនោះមក យើងមានពេលពិចារណាលើបណ្តាហេតុផល ។ ទស្សនៈផ្សេងៗត្រូវបានបញ្ចេញទាំងសងខាងជួនកាលផ្ទុយគ្នាទាំងស្រុង ។
ដែនដីដ៏ធំល្វឹងល្វើយនោះ បច្ចុប្បន្នជាទីតាំងគន្លឹះនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិសេសជាទីតាំងផលិតកម្មប្រេងកាត និងធនធានរ៉ែឯទៀតៗ ។ ការប្រគល់ដែនដីនេះពុំទាក់ទិនត្រឹមតែសហរដ្ឋអាមេរិក និងរុស្ស៊ីទេ តែអង់គ្លេស បារាំង និងអេស្ប៉ាញក៏ទាក់ទិនដែរ ។
ការប្រគល់ដែនដីអាឡាស្កាចាប់ផ្តើមតាមរយៈសារលិខិតមួយច្បាប់របស់ហ្គ្រង់ឌុច កុងស្តង់ទីននីកូឡាអីុ យេវិក ព្រះអនុជរបស់ព្រះចៅអធិរាជអាឡិចសាន់ទី២ ផ្ញើឱ្យរដ្ឋមន្ត្រីការបរទេសលោកអាឡិចសាន់ ហ្គតឆាកូវ ដោយគូសបញ្ជាក់ថា គេត្រូវប្រគល់ដែនដីនេះដល់សហរដ្ឋអាមេរិក ។ នេះជារឿងមិនគួរឱ្យជឿ ក៏ប៉ុន្តែជារឿងពិត ។ សារលិខិតនេះរបស់កុងស្តង់ទីននីកូឡាអីុ យេវិក ត្រូវបានសរសេរទុក១០ឆ្នាំមុនការលក់អាឡាស្កា ។
ចំណែកលោកអីុអ៊ូរី វិញ រៀបរាប់ថា ពេលនេះគេផ្តោតការចាប់អារម្មណ៍កាន់តែខ្លាំងលើការលក់អាឡាស្កា ។ បណ្តាអ្នកស្រាវជ្រាវ ព្រមទាំងសាធារណជនចាប់អារម្មណ៍លើរឿងនេះ ។ បញ្ហាចោទមកពីគ្មានបណ្តាឯកសារដែលអាចឱ្យដឹងចំពោះអ្វីដែលកើតមានពិតប្រាកដ ។ គេក៏ត្រូវស្វែងយល់ដែរពីហេតុផលនៃសមានចិត្តដ៏អាថ៌កំបាំងរបស់រជ្ជកាលរ៉ូម៉ាណូវចំពោះអាមេរិក និងអាថ៌កំបាំងនៃការលក់អាឡាស្កា ។ ឯកសារនៃការលក់នេះចែងថា រាល់បណ្ណាសារដែលមាននាសម័យកាលនោះអំពីដែនដីនេះរបស់រុស្ស៊ីនៅទ្វីបអាមេរិកត្រូវបានប្រគល់ឱ្យសហរដ្ឋអាមេរិកទាំងអស់ ។ ពួកអាមេរិកដឹងពីបណ្តារឿងរ៉ាវ តែលាក់ហើយចង់ទុកដែនដីនេះសម្រាប់តកូនតចៅ ។
កាលពីឆ្នាំ១៨៥៧ កុងស្តង់ទីននីកូឡាអីុយេវិកបានបញ្ជូនសារលិខិតមួយដល់រដ្ឋមន្ត្រីការបរទេសលោកអាឡិចសាន់ដ្រ៍ ហ្គតឆាកូវ ដែលរាយការណ៍ប្រាប់ដល់ព្រះចៅអាឡិចសាន់ដ្រ៍ទី២ ។ ព្រះចៅអធិរាជសរសេរថា ទាក់ទិនដល់សាររបស់ព្រះអនុជ គេត្រូវពិចារណាគំនិតនេះ ។
ការលើកឡើងក្នុងសារលិខិតពិតជាចម្លែកខ្លាំងណាស់ ។ កុងស្ត់ទីននីកូឡាអីុយេវិក ប្រធានក្រុមភូមិសាស្ត្ររុស្ស៊ីហាក់និយាយថា អាឡាស្កាស្ថិតនៅដាច់ឆ្ងាយបំផុតពីភាគកណ្តាលនៃចក្រភពរុស្ស៊ី ។ នេះជារឿងមួយថា ហេតុអីបានជាលក់អាឡាស្កា?
ទឡ្ហីករណ៍ទី២គឺគេលើកឡើងថា ព្រោះក្នុងឃ្លាំងអស់ប្រាក់ ។ តើវាពិតដែរទេ? ក៏ប៉ុន្តែទឹកប្រាក់៧,២លានដុល្លារ នៃការលក់នេះ ស្មើជាង១០លានរូប្លិ៍ នាសម័យកាលនោះមិនអាចផ្លាស់ប្តូរអ្វីបានទេ ។ សម័យកាលនោះ ថវិការុស្ស៊ីមានដល់៥០០លានរូប្លិ៍ ។ លើសពីនេះទៀត បំណុលរុស្ស៊ីមាន១,៥ពាន់លានរូប្លិ៍ ។
គឺរុស្ស៊ីមិនអាចថែរក្សាដែនដីនេះក្នុងករណីមានជម្លោះយោធា ។ កាលពីឆ្នាំ១៨៥៤សង្គ្រាមនៅគ្រីមេ ពុំមែនកើតមានតែនៅគ្រីមេទេ តែក៏នៅតំបន់បាល់ទិក និងចុងបូព៌ា។ នៅ PETROPAVLOVSK-KAMTCHATSKI កងនាវាចរណ៍រុស្ស៊ីទប់ទល់ការវាយប្រហាររបស់កងនាវាចម្បាំងបារាំង-អង់គ្លេស ។ ក្នុងឆ្នាំ១៨៦៣ នាវាចម្បាំង២កងត្រូវបានបញ្ជូនតាមបញ្ជារបស់កុងស្តង់ទីន នីកូឡាអីុយេវិក គឺមួយកងបញ្ជូនទៅញូវយ៉ក ហើយមួយកងទៀតទៅសាន់ហ្វ្រាន់ស៊ីស្កូ ។ បែបនេះព្រោះរុស្ស៊ីចង់រារាំងសង្គ្រាមស៊ីវិលនៅសហរដ្ឋអាមេរិកកុំឱ្យប្រែក្លាយទៅជាជម្លោះអន្តរជាតិ ។
ទឡ្ហីករណ៍ចុងក្រោយការលក់អាឡាស្កាឱ្យអាមេរិក ព្រោះចង់ឱ្យមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ។ រជ្ជកាលរ៉ូម៉ាណូវមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពុំមិត្តភាពទេ ហើយសង្គមក៏មិនដឹងចំពោះអ្វីដែលកើតមានដែរ ។ ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីការពារប្រទេសសុទ្ធតែគ្មានគំនិតចង់ឱ្យលក់ដែនដីនេះឡើយ ហើយបានដឹងពីការលក់នេះតាមកាសែតប៉ុណ្ណោះ ។ អ្នកទាំងនេះបើដឹងពិតជាប្រឆាំងជំទាស់ ៕
ចែករំលែកព័តមាននេះ