យោងតាម YONHAP ថា បណ្តាសារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី១៥ មីនា ថា ម៉ាឡេស៊ីអះអាងពីអត្តសញ្ញាណរបស់លោកគីម ជុងណាម ដែលត្រូវគេធ្វើឃាតនាពេលថ្មីៗនេះនៅព្រលានយន្តហោះអន្តរជាតិក្រុងគូឡាឡាំពួរ ដោយសារគំរូ DNA ផ្តល់ដោយកូនម្នាក់ក្នុងចំណោមកូនៗរបស់លោក ។
លោក AHMAD ZAHID HAMIDI ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្លែងប្រាប់ AFP ថា ពួកអ្នកស៊ើបអង្កេតអះអាងថា សពពិតជាសពរបស់លោកគីម ជុងណាម ដោយសារគំរូ NDA បានមកពីកូនលោកម្នាក់ ។
ចំណែករ៉យទ័រគូសបញ្ជាក់ថា គំរូ DNA យកមកពីកូនម្នាក់របស់លោកគីម ជុងណាម ដែលមានកូន២នាក់គឺគីម ហានស៊ូល អាយុ២២ឆ្នាំ និងកូនស្រីម្នាក់ ។
ប៉ូលិសម៉ាឡេស៊ីធ្លាប់ប្រកាសកាលពីថ្ងៃទី១០ មីនា ថា បានកំណត់ជាផ្លូវការអត្តសញ្ញាណជនរងគ្រោះដោយការវាយប្រហារសារធាតុបំពុលខ្លាំង VX ពីសំណាក់នារី២នាក់ ថា ពិតជាលោកគីម ជុងណាម ។ ប៉ូលិសស្នើដល់សាច់ញាតិសពឱ្យបង្ហាញខ្លួន ដើម្បីកំណត់អត្តសញ្ញាណសពតែពុំមានសាច់ញាតិណាម្នាក់ហ៊ានបង្ហាញខ្លួនឡើយ ៕
ចែករំលែកព័តមាននេះ