រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករ៉ឺម៉ក់ម៉ូតូបុករថយន្តតាក់ស៊ីម៉ែត្រ ហើយចុះទៅរកវាយអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ តែប៉ះចំអ្នកបើកជាកីឡាករប្រដាល់ជើងចាស សៅ ប៊ុននឿន ដាល់មួយដៃសន្លប់មួយសន្ទុះដឹងខ្លួនវិញស្វាងស្រាតែម្តង ដែលហេតុការណ៍នេះកើតឡើងកាលពីកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៥ មីនា តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវរដ្ឋសភា ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាកីឡាករប្រដាល់ជើងចាស់ សៅ ប៊ុននឿន បើករថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនខ្មែរ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 2AK-4110 តាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅលិចទៅកើត ខណៈពេលមកដល់រង្វង់មូលសម្តេចជួនណាត ក៏ស្រាប់តែមានបុរសម្នាក់ជាអ្នករត់រ៉ឺម៉ក់ម៉ូតូក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរមកតាមបណ្តោយផ្លូវរដ្ឋសភាក្នុងទិសដៅពីត្បូងទៅជើង មិនបានបន្ថយល្បឿនក៏បានប៉ះ ជាមួយរថយន្តតាក់ស៊ីម៉ែត្ររេចង្កូតជ្រុលទៅបុកចំទ្វារខាងស្តាំបណ្តាលឱ្យកំពិតទ្វារខាងស្តាំ ភ្លាមៗនោះដែលម្ចាស់រ៉ឺម៉ក់ម៉ូតូចុះពីលើម៉ូតូចង់រករឿងវ៉ៃអ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រដែលជាកីឡាករប្រដាល់ជើងចាស់ត្រូវកីឡាករប្រដាល់ សៅ ប៊ុននឿន វាយមួយដៃបណ្តាលឱ្យសន្លប់អស់មួយភាំងរងរបួសបែកមាត់ ។
ក្រោយពេលកើតហេតុម្ចាស់រ៉ឺម៉ក់ម៉ូតូដឹងខ្លួនខុសបានសុំទោសកីឡាករ សៅ ប៊ុននឿន តែដោយសាររថយន្តខូចខាតដែរកីឡាករដែលជាអ្នកបើករថយន្តទាមទារសំណងចំនួន៥០ដុល្លារអ្នកបើករ៉ឺម៉ក់ម៉ូតូអត់មានប្រាក់សុំសង១៥ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ