រាជធានីភ្នំពេញ ៖ បុរសម្នាក់ដោយសារតែមិត្តភក្កិខ្ចីម៉ូតូយកទៅបញ្ចាំ ពិបាកចិត្តមិនហ៊ានចូលផ្ទះ រួចក៏ទិញគ្រឿងញៀនប្រើប្រាស់ ហើយព្យាយាមរត់ចូលរថយន្តប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវប្រជាការពារសង្កាត់ឬស្សីកែវ ឃាត់ទាន់។ ហេតុការណ៍ នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះលេខ៩៣០ ក្នុងភូមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ បុរសដែលមានវិបត្តិរូបនោះឈ្មោះ ពៅ សាភឿន អាយុ៣៦ឆ្នាំ មានមុខរបរជាសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតាខិន ឃុំចន្ទ្រា ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកម៉ូតូដែលមិត្តភក្តិខ្ចីយកទៅបញ្ចាំនោះម៉ាកឌុក ពណ៌ស លាយខ្មៅ ដែលមានស្លាកលេខ ភ្នំពេញ 1FS-8344។ តាមប្រភពព័ត៌មានឲ្យដឹងថា នៅព្រឹកនោះគេឃើញបុរសរូបនោះអង្គុយយំ នៅលើសួនច្បារ និងដើរចុះដើរឡើងមួយសន្ទុះក៏បានរត់ចូលរថយន្តប៉ុនប៉ងសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាការពារ ក៏បានទៅអន្តរាគមន៍ឃាត់នាំមកប៉ុស្តិ៍។ តាមបុរសរូបនោះបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៤ ខែមីនា ខ្លួនបានជួបជុំមិត្តភក្តិប្រមាណ៤ទៅ៥នាក់ផឹកស៊ីនៅក្នុងសង្កាត់ឫស្សីកែវ។
បន្ទាប់ពីផឹកស៊ីស្រវឹងមិត្តភក្តិម្នាក់ឈ្មោះ តូរ៉ា បានខ្លីម៉ូតូទៅទិញសាច់ក្លែម ហើយក៏បានជិះម៉ូតូយកទៅបញ្ចាំបានប្រាក់ចំនួន ៩២០ដុល្លារ ដើរស៊ីចាយអស់ហើយគេចខ្លួនបាត់។ បន្ទាប់បាត់ម៉ូតូខ្លួនបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចជួយរកម៉ូតូ។ បុរសរូបនោះបានឲ្យដឹងទៀតថា នៅពេលបាត់ម៉ូតូ ខ្លួនពិបាកចិត្តមិនហ៊ានចូលផ្ទះ ព្រោះខ្លាចម្តាយឪពុក ហើយនិងប្រពន្ធស្តីបន្ទោស ក៏បានសម្រេចចិត្តទៅទិញថ្នាំញៀនមកប្រើប្រាស់ជាមួយមិត្តភក្តិពេញមួយយប់ហើយព្រឹកឡើង ក៏បានរត់ចូលរថយន្តប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវប្រជាការពារឃាត់ទាន់។ បន្ទាប់ពីនាំទៅប៉ុស្តិ៍ នគរបាលក៏បានទាក់ទងខាងមន្ទីរសង្គមកិច្ចនាំយកទៅមណ្ឌលដើម្បីបន្សាបគ្រឿងញៀន៕
ចែករំលែកព័តមាននេះ