ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ​ខេត្ត​ចាប់​រថយន្ត​ដឹកឈើ​គ្រញូង ប្រគល់​ឱ្យ​មេព្រៃ​ខណៈ​បម្រុង​លោតឆ័ត្រ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ស្ទាក់​ចាប់​ឃាត់​រថយន្ត​ទំនើប​ដឹកឈើ​គ្រញូង ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខណៈ​បម្រុង​លោតឆ័ត្រ

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ស្ទាក់​ចាប់​ឃាត់​រថយន្ត​ទំនើប​ដឹកឈើ​គ្រញូង ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខណៈ​បម្រុង​លោតឆ័ត្រ ដើម្បី​ឆ្លង​ដែន​រក​ទីផ្សារ​ដែល​មាន​តម្លៃ​ខ្ពស់ ចំណែក​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​។ ហេតុ​ការ​ឃាត់​រថយន្ត​ដឹកឈើ​គ្រញូង​នោះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ត្រង់​ចំណុច​ភូមិ​សសរស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ដែល​ផ្ទុក​ឈើ​គ្រញូង​បម្រុង​លោត​ឆ្ពោះទៅ​រក​ទីផ្សារ​ខ្ពស់​។

លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែមីនា ឆ្នាំ​២០១៧​នេះ​ថា រថយន្ត​ដែល​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​នោះ​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ គ្មាន​ស្លាក​លេខ ហើយ​រថយន្ត​ដែល​ផ្ទុក​ឈើ​គ្រញូង​នោះ​បាន​ចេញដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ ហើយ​បម្រុង​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម ជាប់​ប្រំ​ប្រទល់ ខេត្ត​ត្បូងឃ្មុំ​។ លោក​បាន​បន្ត​ថា រថយន្ត​នេះ​បាន​ផ្ទុក​ឈើ​គ្រញូង​(​ប្រភេទ​ក្រាក់​)​ចំនួន​១៣៧​ដុំ ទម្ងន់​៤៩៨​គីឡូក្រាម​ស្មើ​០.៤១៥​ម៉ែត្រគូប​។

លោក​បន្ត​ថា ក្នុង​ពេល​ស្ទាក់​ចាប់​រថយន្ត​នោះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ ប៉ុន្តែ​គេ​អាច​សង្ស័យ​ថា លោកនាយ​ខណ្ឌ​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ព្រៃឈើ គឺ​ត្រូវ​បិទ​ប្រកាស​រយៈពេល​៣០​ថ្ងៃ​ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ទទួល​ការ​ផាកពិន័យ​។ ប៉ុន្តែ​បើ​៣០​ថ្ងៃ​ម្ចាស់​មិន​ចូលខ្លួន​ទេ​នោះ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ តែ​ក្នុង​ករណី​ប្រមូល​ស្តុក និង​ដឹក​ជញ្ជូន​ឈើ​ដ៏​កម្រ​នេះ បើ​ទោះបី​ម្ចាស់​ចូលខ្លួន​ក៏​ត្រូវ​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​តុលាការ​ដែរ​។ បច្ចុប្បន្ន រថយន្ត​បទល្មើស និង​ឈើ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប្រគល់​ឱ្យទៅ​មន្ត្រី​ជំនាញ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ក្នុង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​៕