តារាឆ្នើមរបស់ក្លិប Juventus កីឡាករ Paulo Dybala មានបំណងចង់ប្រកួតប៉ះក្លិបយក្សអេស្ប៉ាញ Barcelona ជាថ្មីម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រយូហ្វាឆេមពានលីគ ដូចកាលពីឆ្នាំ២០១៥ ដែរ ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ បានថ្លែងប្រាប់សារព័ត៌មាន Premium Sports ថា៖ «ក្នុងចំណោមក្លិបធំៗទាំងបីដូចជា Barcelona, Real Madrid និង Bayern ខ្ញុំចង់ប្រកួតប៉ះក្លិប Barcelona ជាងគេ ដូចជាការប្រកួតឆេមពានលីគ វគ្គផ្តាច់ព្រ័ត្រកាលពី២ឆ្នាំមុនដែរ ដែលពេលនោះខ្ញុំមិនទាន់ចូលលេងក្នុងក្លិប Juventus នេះទេ »។
Dybala បន្ថែមទាំងមានជំនឿចិត្តថា៖ «យ៉ាងណាមិញ ការចាប់ឆ្នោតនឹងប្រាប់យើងឱ្យដឹងថា យើងនឹងត្រូវប្រកួតប៉ះក្រុមណានៅវគ្គបន្ទាប់ ហើយយើងនឹងព្យាយាមយកជ័យជម្នះរហូតដល់ទីបញ្ចប់» ។
ការលើកឡើងរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ធ្វើឡើងបន្ទាប់ពីបានជួយឱ្យ Juventus យកឈ្នះ Porto ១-០ ដោយការស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទីទី៤២ កាលពីថ្ងៃទី១៤ មីនា កន្លងទៅ ខណៈលទ្ធផលសរុបទាំងពីរជើង Juventus ឈ្នះ Porto ៣-០ ៕
ចែករំលែកព័តមាននេះ