ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស សុវណ្ណ គី​រី បាន​ចូល​សិល្បៈ​លែង​ងាក​ក្រោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​គ្រូ​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ​ដូ ដែល​បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​សមាគម​កា​រ៉ា​តេ​ដូ​ក្រសួងមហាផ្ទៃ លោក សុវណ្ណ គី​រី ត្រូវ​បាន​គេ​កត់​សម្គាល់ថា

រាជធានី​ភ្នំពេញ ៖ ជា​គ្រូ​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ​ដូ ដែល​បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​សមាគម​កា​រ៉ា​តេ​ដូ​ក្រសួងមហាផ្ទៃ លោក សុវណ្ណ គី​រី ត្រូវ​បាន​គេ​កត់​សម្គាល់ថា បាន​ក្លាយជា​តារា​សិល្បៈ​យ៉ាង​ពេញ​មុខ​ពេញមាត់​ព្រោះតែ​ទេព​កោសល្យ​និយាយ​កំប្លែង និង​អាច​វាយតប់​បាន​យ៉ាង​រស់​រវើក ។ អ៊ីចឹង​ហើយ​ទើប​កីឡាករ​រូប​នេះ​លែង​ងាក​ក្រោយ​តែ​ម្ដង នៅ​ពេល​សួរ​ថា​តើ​អាជីព​កា​រ៉ា​តេ​ដូ​ពេល​ណា​ទើប​មានការ​ប្រកួត ។

ទោះបី​យ៉ាងណា លោក​ក៏​មិន​ភ្លេច​បង្វឹក​សិស្ស​ឱ្យ​ចេះ​ក្បាច់គុន​នោះ​ដែរ ដ្បិតថា​រវល់​ការងារ​សិល្បៈ​លែង​ចង់​មាន​ពេល​សម្រាក ។

ម្ចាស់​មេដាយមាស​៣​លើ​៣​វិញ្ញាសា​កា​រ៉ា​តេ​ដូ​កាលពី​ឆ្នាំ​២០១០​រូប​នេះ ត្រូវ​គេ​ស្គាល់​កាន់តែ​ច្បាស់​ថា ជាតា​រា​សិល្បៈ​ដែល​ជោគជ័យ​ម្នាក់​។

លោក​គឺជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​សហព័ន្ធ​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​រយៈពេល​១​ឆ្នាំ​នៅ​ឯ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២០០៥ ហើយ​គេ​ក៏​ជា​គ្រូបង្វឹក​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ​ដូ​ដ៏​ឆ្នើម​ម្នាក់ នា​ពេល​បច្ចុប្បន្ន ។ ក្នុង​តួនាទី​ជា​កីឡាករ​របស់​សមាគម​កា​រ៉ា​តេ​ដូ​ក្រសួងមហាផ្ទៃ លោក សុវណ្ណ គី​រី បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ នៅ​លើ​វិញ្ញាសា​កា​តា​ឯកត្តជន​បុរស​អាយុ​១៧​ឆ្នាំ​ឡើង វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​ទម្ងន់​៦៥​គីឡូក្រាម និង​វិញ្ញាសា​ប្រយុទ្ធ​ឯកត្តជន​ទម្ងន់​សេរី ។

កីឡាករ​រូប​នេះ​រមែង​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​ខ្លួន​ទទួល​ជោគជ័យ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចាប់តាំងពី​គេ​បាន​វិ​វត្ត​ក្លាយជា​កីឡាករឆ្នើម​ម្នាក់ ។ ក្នុង​នោះ​ការ​ប្រកួត​ស្ទើរ​គ្រប់​លើក​ក៏​ដណ្ដើម​បាន​មេដាយ​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មិនធម្មតា​នៅ​ក្នុង​វិស័យ​កីឡា ។ យ៉ាងណាមិញ ងាក​ទៅ​មើល​វិស័យ​សិល្បៈ​វិញ លោក​ក៏​ទទួល​ជោគជ័យ​មិនធម្មតា​ដែរ មិន​ថា​អាជីព​សម្ដែង ពិធីករ និង​តារាចម្រៀង​នោះ​ទេ ។ លោក​គឺជា​តារា​ក្បាច់គុន​ដែល​មាន​រូប​សង្ហារ និង​មាន​ទេព​កោសល្យ​សិល្បៈ ទើប​ហាក់​ដាច់​ឆ្ងាយ​ខ្លាំង​ឡើង​ជាមួយនឹង​ការ​ប្រកួត​កីឡា ។

លោក សុវណ្ណ គី​រី បាន​អះអាង​ថា លោក​គឺជា​កីឡាករ​ផ្នែក​កា​រ៉ា​តេ​ដូ ដែល​មាន​ចំណូលចិត្ត​លើ​វិស័យ​សិល្បៈ ទើបបាន​ហក់​ចូល​ការ​សម្ដែង​នៅ​ពេល​មាន​គេ​ទាក់ទង​ឱ្យ​ថត​ជា​តួ​វាយតប់ ហើយ​ហក់​ទៅ​ថត​ជា​តួ​ក្រមិចក្រមើម និង​កំប្លុកកំប្លែង​បន្ថែម​ទៀត ដោយសារ​តែ​លោក​ជា​មនុស្ស​ចូល​ចិត្ត​លេងសើច​ច្រើន​ស្រាប់ ។ លោក​ថា អាជីព​២​គឺ​កីឡា​កា​រ៉ា​តេ​ដូ និង​សិល្បៈ​ជោគជ័យ​ព្រម​គ្នា តែ​លោក​ក៏​ទទួលស្គាល់​ផង​ដែរ​ចំពោះ​ការ​រយាល​ដាច់​ឆ្ងាយ​ពី​ការ​ប្រកួត រហូត​សឹង​ធ្វើ​ឱ្យ​អ្នក​ស្គាល់​លោក​ភ្លេច​ថា លោក​គឺជា​កីឡាករ​ឆ្នើម​ម្នាក់ ។ លោក​បាន​បង្ហាញខ្លួន​បន្តបន្ទាប់​ក្នុង​រឿង​មួយ​ច្រងាង​ដែល​ត្រៀម​នឹង​បង្អួត​នា​ចុងខែ​មីនា​នេះ គឺ​រឿង​«​លត់ដែក​ថែប​»​ដែល​លោក​ត្រូវ​សម្ដែង​ជា​តួ​អាក្រក់ តួ​កាច ហើយ​ប៉ះ​ក្បាច់គុន​ជាមួយ​កញ្ញា​សម ថា​រ័​ត្ន និង​លោក សុខ ដែន ដែល​ជា​កីឡាករ​កីឡាការិនី​ល្បីឈ្មោះ​ផ្នែក​ល្បុក្កតោ ។ លោក​ថា កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​ច្រើន​ឡើង​បាន​ទទួល​ជោគជ័យ​ក្រោយ​ពេល​ហក់​ចូល​ការ​សម្ដែង ក្នុង​នោះ​កីឡាករ​បាល់ទាត់ កីឡាករ​ប្រដាល់​មួយ​ចំនួន​ក៏​បាន​ក្លាយជា​តារា​យ៉ាង​ព្រោងព្រាត​ផង​ដែរ ។ យ៉ាងណាមិញ លោក​សុវណ្ណ គី​រី គឺជា​គ្រូបង្វឹក និង​ជា​កីឡាករ​ជម្រើសជាតិ​កា​រ៉ា​តេ​ដូ ដែល​បាន​ក្លាយជា​តារា​សិល្បៈ​ហើយ​ល្បី​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាងគេ ដោយ​លោក និង​សម ថា​រ័​ត្ន ត្រូវ​គេ​កត់​សម្គាល់ថា​ល្បី​តាំងពី​ក្នុង​វិស័យ​កីឡា ហើយ​ក្រោយ​ហក់​ចូល​ការ​សម្ដែង​ក៏​ល្បី​រក​ពេលទំនេរ​លែង​បាន​រឿង​ថត និង​ការងារ​សិល្បៈ​តែ​ម្ដង ។

លោក សុវណ្ណ គី​រី ធ្លាប់​អះអាង​ថា លោក​ចង់​ក្លាយជា​អាជ្ញាកណ្តាល ប៉ុន្តែ​ជំហាន​ជោគជ័យ​នៅ​ក្នុង​សិល្បៈ ហាក់​រុញ​ឱ្យ​លោក​ឃ្លាតឆ្ងាយ​ពី​តួនាទី​មួយ​នោះ បន្ទាប់​ពី​លោក​បាន​យក​សិល្បៈ​ធ្វើ​ឆ្នាំងបាយ ហើយ​លែង​ងាយ​ក្រោយ​មើល​ការ​ប្រកួត ។ ទោះបី​យ៉ាងណា លោក​ថា​មិន​បោះបង់​អាជីព​កា​រ៉ា​តេ​ដូ​នោះ​ទេ គឺ​នៅ​តែ​បន្ត​បង្វឹក​ក្មេង និង​ទទួល​ចាត់ចែង​រាល់ពេល​សហព័ន្ធ​មានការ​ប្រកួត​ជា​ទ្រង់ទ្រាយ​ធំ​ដូច​មុន​ដដែល​ដើម្បី​កុំឱ្យ​បាត់ឈ្មោះ​ក្រោយ​ប្រឹង​ដណ្ដើម​បាន​មេដាយ​រហូត​ក្លាយជា​មន្ត្រី​មាន​តំណែង​ធំ​ម្នាក់​នៅ​ក្នុង​សហព័ន្ធ​កីឡា ។ លោក​មាន​គម្រោង​ចេញ​មុខ​ក្នុង​រឿង​ជា​ច្រើន​ទៀត ដោយសារ​តែ​ក្រោយ​ក្លាយជា​តារា​សិល្បៈ​ក៏​មានរឿង​ដុំ រឿង​ភាគ​ទាក់ទង​ឱ្យ​លោក​ធ្វើ​តួ​ជា​តួ​ឡប់​ៗ និង​តួ​វាយតប់​ច្រើន​ឡើង ។

លោក​ថា ខ្លួន​មិន​ចង់បាន​តំណែង​តួឯក​នោះ​ទេ បើ​ទោះជា​លោក​បាន​ក្លាយជា​តារា​សម្ដែង​រហូត​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នា​ពេល​នេះ ។

លោក​បាន​ងាក​ទៅ​ចាប់​អាជីព​ជា​ពិធីករ​ក្នុង​ឆាក និង​ក្រៅ​ឆាក ខណៈ​ដែល​តម្លៃ​ខ្លួន​ក៏​ក្រែល​ជាង​មុន​ផង​ដែរ បើ​ធៀប​នឹង​ការ​ប្រកួត​ម្ដង​ៗ​ដែល​លោក​ទទួល​បាន​មិន​ច្រើន បើ​ទោះជា​បាន​មេដាយ​ជា​កិត្តិយស ។ លោក​ថា សិល្បៈ​បាន​កែប្រែ​មុខមាត់​របស់​ខ្លួន និង​ជីវភាព ប៉ុន្តែ​បើ​គ្មាន​កីឡា​ក៏​ប្រហែលជា​ឱកាស​ហក់​ចូល​ការ​សម្ដែង​មិន​មាន​នោះ​ដែរ ក្នុង​ពេល​ដែល​លោក​បាន​អះអាង​ថា មិនមែន​ជា​ប្រុស​ស្អាត​សម្រាប់​ការ​សម្ដែង​នៅ​ក្នុង​សិល្បៈ ។ លោក​ថា ខ្លួន​នឹង​យក​ការ​សម្ដែង​ជា​អាជីព ហើយ​ដរាបណា​មហាជន​នៅ​តែ​ផ្ដល់​ការងារ​ឱ្យ​លោក គឺ​លោក​នឹង​ទទួល​សម្ដែង​មិន​ថា​តួ​ឡប់ តួ​ច្រឡឺម ឬ​តួ​មួយ​ប្លង់​នោះ​ទេ ៕