អាជ្ញាធរសូម៉ាលីអះអាងកាលពីថ្ងៃទី១៤ មីនា ថា នាវាដឹកប្រេងមួយដោតទង់ជាតិកូម័រត្រូវពួកចោរសមុទ្រចាប់ក្នុងតំបន់ឈូងសមុទ្រអាដេន ដែលជាការប្លន់នាវាលើកដំបូងរបស់ពួកចោរសមុទ្រសូម៉ាលីចាប់តាំងពីឆ្នាំ២០១២មក ។
លោក JOHN STEED សមាជិកអង្គការ OCEANS BEYOND PIRACY បញ្ជាក់ថា នាវាឈ្មោះ ARIS-13 នាថ្ងៃទី១៣ មីនា បញ្ចេញសញ្ញាអាសន្នមុនពេលដាច់សញ្ញានេះ ហើយបើកបកឆ្ពោះទៅកាន់កំពង់ផែសូម៉ាលី ALULA ស្ថិតនៅខាងចុងនៃតំបន់ស្នែងក្របីអាហ្វ្រិក ។
តាមទូរស័ព្ទលោក MOHAMUD AHMED EYNAB អធិការស្រុក CALULA ដែលមានកំពង់ផែ ALULA ថ្លែងតាមទូរស័ព្ទថា ពួកចោរសមុទ្រចាប់នាវាដឹកប្រេងនេះ ហើយនាំទៅជិតកំពង់ផែ ALULA ។ ពួកចោរសមុទ្រតំបន់នេះអះអាងប្រាប់ AFP ថា ពួកគេកំពុងរង់ចាំទទួលនាវានេះ។
អ្នកទទួលខុសត្រូវរបស់ប៉ូលិសតំបន់គូសបញ្ជាក់ថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅ ដើម្បីរំដោះនាវានេះ ។ លោក ABDIRAHMAN MOHAMUD HASSAN នាយអគ្គស្នងការកងកម្លាំងប៉ូលិសជើងទឹកតំបន់ PUNTLAND សូម៉ាលីថ្លែងថា យើងប្តេជ្ញាចិត្តជួយសង្គ្រោះនាវានេះ ព្រមទាំងក្រុមនាវិក ។
នាវា ARIS-13 ចាកចេញពីប្រទេសហ្ស៊ីប៊ូទី ទៅកាន់ទីក្រុងម៉ូហ្គាឌីស្យូ រដ្ឋធានីសូម៉ាលី ។ លើនាវានេះមានសមាជិកក្រុមនាវិក៨នាក់ ។ រដ្ឋាភិបាលស្រីលង្កានិយាយថា មានជនជាតិខ្លួន៨នាក់លើនាវាដឹកប្រេងដោតទង់ជាតិកូម័រនេះ ។ កងកម្លាំងជើងទឹកអឺរ៉ុបទទួលបន្ទុកតស៊ូប្រឆាំងអសន្តិសុខក្នុងតំបន់បានរៀបចំការហោះហើរពីលើតំបន់ប៉ុនប៉ងតាមរកនាវានេះ ។
នាវា ARIS-13 ជានាវាកាហ្គោចំណុះ១៨០០តោន របស់ក្រុមហ៊ុនប៉ាណាម៉ា ARMI SHIPPING ហើយធ្វើអាជីវកម្មដោយក្រុមហ៊ុន AURORA SHIP MANAGEMENT របស់អេមីរ៉ាត់អារ៉ាប់រួម ៕
ចែករំលែកព័តមាននេះ