យោងតាម YONHAP ថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី១៤ មីនា បានថ្កោលទោសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចំពោះសមយុទ្ធយោធារួម ដោយព្រមានថា បណ្តាមធ្យោបាយយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោនស្ថិតក្នុងរង្វង់សកម្មភាពនៃបណ្តាមីស៊ីលរបស់ខ្លួន ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ថា ក្រុងព្យុងយ៉ាងត្រៀមធ្វើការវាយប្រហារពុំត្រាប្រណីដោយចំៗបំផុតពីដែនដី ពីអាកាស ពីដែនសមុទ្រ និងពីបណ្តានាវាមុជទឹក ប្រសិនបើក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពកូរ៉េខាងជើង ។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវដឹងថា បណ្តានាវាផ្ទុកយន្តហោះ និងមធ្យោបាយយុទ្ធសាស្ត្រឯទៀតៗរបស់ពួកចក្រពត្តិនិយមអាមេរិក សុទ្ធតែស្ថិតក្នុងការតម្រង់របស់បណ្តាមធ្យោបាយវាយប្រហារខ្លាំងក្លា និងត្រង់បំផុតរបស់កងទ័ពប្រជាជនកូរ៉េ ។
ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនចាប់ផ្តើមសមយុទ្ធយោធារួមប្រចាំឆ្នាំ KEY RESOLVE និង FOAL EAGLE ។ កូរ៉េខាងជើងចាត់ទុកសមយុទ្ធទាំងនេះថាជាការរៀបចំសង្គ្រាមឈ្លានពានមួយប្រឆាំងខ្លួន ទោះបីជាកូរ៉េខាងត្បូង និងសហរដ្ឋអាេមរិកអះអាងថា សមយុទ្ធទាំងនេះមានលក្ខណៈការពារក្តី ។
សមយុទ្ធយោធារួមឆ្នាំនេះនឹងមានការចូលរួមនៃបណ្តាអាវុធយុទ្ធសាស្ត្ររបស់អាមេរិកក្នុងនោះមាននាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ USS CARL VISON ព្រមទាំងយន្តហោះប្រដេញបំបាំងកាយទំនើប F-35B ។
KCNA ធ្វើការកត់សម្គាល់ថា បែបនេះបង្ហាញយ៉ាងច្បាស់ថា ផែនការគ្មានការពិចារណារបស់ពួកចក្រពត្តិនិយមធ្វើការវាយប្រហារបង្ការប្រឆាំងកូរ៉េខាងជើងនឹងអនុវត្តដោយពិតប្រាកដ ៕
ចែករំលែកព័តមាននេះ