ការប្រយុទ្ធដណ្តើមយកក្រុងម៉ូសស៊ុលអីុរ៉ាក់ចាប់ផ្តើម៥ខែមកហើយ គឺពីថ្ងៃទី១៧ តុលា ឆ្នាំ២០១៦មក ។ ចាប់តាំងពីពេលនោះមក ពួកជីហាដ៥.០០០នាក់មានវត្តមាននៅទីក្រុងនេះបានក្រាញទប់ទល់យ៉ាងស្វិតស្វាញបំផុតជាមួយកងកម្លាំងទ័ពប្រឆាំងក្រុមរដ្ឋអ៊ិស្លាមដល់ទៅប្រមាណជា១០០.០០០នាក់ ។ នេះជាកម្លាំងលើសគ្នាយ៉ាងខ្លាំង ដែលញ៉ាំងឱ្យពួកភេរវករចុះថយកម្លាំងនៅក្រុងម៉ូសស៊ុល និងក្នុងតំបន់៦ឆ្នាំ ក្រោយចាប់ផ្តើមសង្គ្រាមនៅស៊ីរី ។ ទោះបីយ៉ាងណាផ្លូវពិតជានៅវែងឆ្ងាយទៀត ហើយស្មុគ្រស្មាញមុនវាយយកបានទីក្រុងម៉ូសស៊ុលទាំងមូល ។
កាលពីថ្ងៃទី១២ មីនា បណ្តាមេបញ្ជាការកងទ័ពអីុរ៉ាក់ប្រកាសពីការវាយយកបាន១ភាគ៣នៃភាគខាងលិចក្រុងម៉ូសស៊ុល ។ ចំណែកបេសកជនអាេមរិកអមកងកម្លាំងចម្រុះអន្តរជាតិ លោក BRETT MCGURK និយាយថា ពួកជីហាដពេលនេះត្រូវឡោមព័ទ្ធជិត ហើយដោយគ្រប់ផ្លូវចេញ-ចូលទាំងអស់ត្រូវកាត់ផ្តាច់ ។ ការវាយបណ្តេញពួកជីហាដក្រុមរដ្ឋអ៊ិស្លាមចេញពីបណ្តាសង្កាត់ភាគខាងលិចនៃក្រុងម៉ូសស៊ុលនឹងអាចឱ្យកងទ័ពអីុរ៉ាក់ត្រួតត្រាទីក្រុងនេះទាំងមូល ហើយជាការវាយបកយ៉ាងអាក្រក់បំផុតលើក្រុមជីហាដដែលដណ្តើមយកបានទីក្រុងនេះកាលពីខែឧសភា ឆ្នាំ២០១៤ ។
ទោះបីជាការតស៊ូទប់ទល់របស់ក្រុមរដ្ឋអ៊ិស្លាមចុះខ្សោយនៅក្រុងម៉ូសស៊ុលកំណត់តាមរយៈការចាកចេញពីទីនោះរបស់ប្រមុខរបស់គេ លោក ABOU BAKR AL BAGHDADI តែបណ្តាអ្នកទទួលខុសត្រូវយោធាអីុរ៉ាក់ព្យាករណ៍ថា ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនានានៅមានទៀតនាពេលខាងមុខ ដើម្បីដណ្តើមយកក្រុងម៉ូសស៊ុលទាំងមូល ពិសេសនៅតំបន់ទីក្រុងចាស់ ។ ពួកយុទ្ធជនក្រុមរដ្ឋអ៊ិស្លាមលាក់ខ្លួនក្នុងចំណោមពលរដ្ឋ ហើយប្រើប្រាស់បណ្តាគ្រឿងផ្ទុះ ពួកអ្នកលបបាញ់ និងពួកអត្តឃាត ។
ទោះបីក្តីសង្ឃឹមរបស់ក្រុមចម្រុះបញ្ចប់ការប្រយុទ្ធដណ្តើមយកក្រុងម៉ូសស៊ុលកំណត់មុនឆ្នាំ២០១៦ តែការវាយរុលទៅមុខរបស់កងទ័ពពិតជាស្មុគ្រស្មាញ ដោយពួកលបបាញ់ ការរាយគ្រាប់មីន និងដាក់រាយអន្ទាក់គ្រឿងផ្ទុះរបស់ក្រុមរដ្ឋអ៊ិស្លាម ។ ដូច្នេះហើយបានជាប្រធានាធិបតីបារាំង លោកហ្វ្រង់ស្វ័រហូឡង់ អះអាងកាលពីថ្ងៃទី២ មករា ពេលលោកទៅកាន់អុីរ៉ាក់ថា យើងអាចសម្រេចបានទិសដៅអាចនារដូវផ្ការីក ឬក៏មុនរដូវក្តៅ ។ បរាជ័យសម្រាប់ក្រុមចម្រុះដែលចង់ដណ្តើមយកក្រុងម៉ូសស៊ុលឱ្យបានរយៈពេលតែប៉ុន្មានសប្តាហ៍នោះពុំបានសម្រេច ហើយជួនពេលគ្នានឹងការចប់អាណត្តិរបស់លោកបារ៉ាក់ អូបាម៉ា ។
អ្នកសិក្សាលើក្រុមរដ្ឋអ៊ិស្លាមម្នាក់លោក STEPHANE MANTOUX និយាយថា ក្រុមរដ្ឋអ៊ិស្លាមរៀបចំម៉ត់ចត់ការប្រយុទ្ធ ។ ពួកយុទ្ធជនរបស់គេបានជីកលេណដ្ឋានប្រវែងច្រើនសិបគីឡូម៉ែត្រ នៅក្រុងម៉ូសស៊ុល ដើម្បីពួនស្ទាក់វាយប្រហារពួកសត្រូវ ។ ពួកនេះក៏ប្រើដែររថយន្តផ្ទុកគ្រឿងផ្ទុះជាង៣០០គ្រឿង ទប់ទល់កងទ័ពអុីរ៉ាក់ ។
ចំណែកយោធាលោកខាងលិចម្នាក់និយាយថា ពួកជីហាដប្រើប្រាស់រាល់មធ្យោបាយសង្គ្រាមក្នុងក្រុងរារាំងការរុលទៅមុខរបស់ពួកសត្រូវ ។ ពួកជីហាដក្រុមរដ្ឋអ៊ិស្លាមពិតជាជំនាញចំពោះការប្រយុទ្ធបែបនេះ ។ ពួកគេចល័តខ្លួនលឿនបំផុតជាក្រុមតូចៗមានគ្នាពី៨ទៅ១០នាក់ ហើយសុទ្ធតែប្តូរផ្តាច់ស្ម័គ្រស្លាប់ ។
ម្យ៉ាងទៀត បើនិយាយពីកងទ័ពអុីរ៉ាក់ពិតជាមានការហត់នឿយខ្លាំងដោយសារសង្គ្រាមអូសបន្លាយ ៕
ចែករំលែកព័តមាននេះ