ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ឈ្មួញ​ឈើ​កូនប្រសា​មន្ត្រី​អាវុធហត្ថ ប្រភព​ក្រៅផ្លូវការ​សង្ស័យរ​ត់ទៅ​លាក់ខ្លួន​នៅ​វៀតណាម

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ថា

ខេត្តកំពង់ស្ពឺ ៖ លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ថា ករណី​កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ត​ដឹកឈើ ព្រមទាំង​ឃាត់​អ្នកបើកបរ​ម្នាក់​ផង​នោះ ពេល​នេះ​ខាង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​បន្ត​នីតិវិធី​សាកសួរ​រក​ឈ្មួញ​ឈើ​ដែល​នៅ​ពីក្រោយ​ខ្នង ។

លោក​មេបញ្ជាការ​បន្ត​ថា ខាង​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ឃាត់ខ្លួន​ឈ្មោះ ស៊ី ស ដែល​អ្នកបើកបរ​ឆ្លើយ​ដាក់​ថា ​ជា​ថៅកែ​ឈើ​នោះ​នៅឡើយ​ទេ​។ ចំណែក​លោក ឆេ​ង ឡុ​ង នាយ​រង​សេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត ដែល​ជា​ឪពុកក្មេក​របស់​ឈ្មោះ ស៊ី ស នោះ នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​ពាក់ព័ន្ធ​ឬ​មិន​ពាក់ព័ន្ធ​នោះ​ទេ រង់ចាំ​បើក​ការ​ស៊ើបអង្កេត​បន្ត ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា​ថា បន្ទាប់​ពី​មានការ​សួរនាំ​ទៅ​ឃើញ​ថា កូនប្រសា​របស់​លោក ឆេ​ង ឡុ​ង ឈ្មោះ ស៊ី ស ទៅ​វិញ​ទេ ដែល​ជា​ថៅកែ​។ យ៉ាងណា​ក៏​ដោយ លោក ឆេ​ង ឡុ​ង មិន​ទាន់​រក​ឃើញ​ថា មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ឈើ​នោះ​ទេ តែ​ប្រសិនបើ​រក​ឃើញ​ថា​មាន​ពាក់ព័ន្ធ​ក្នុង​ជំនួញ​ឈើ​នេះ​មែន​នោះ លោក ឆេ​ង ឡុ​ង ក៏​ត្រូវ​មានទោស​ដែរ ។

លោក អេ​ង ស៊ី បន្ត​ថា ចំពោះ​លោក ឆេ​ង ឡុ​ង នេះ​ថ្នាក់លើ​ធ្លាប់​បាន​ហៅ​មក​ធ្វើ​កិច្ចសន្យា​ច្រើន​ដង​មក​ហើយ ក្នុង​របរជំនួញ​ឈើ​ខុសច្បាប់​នេះ ។ នៅ​រសៀល​ថ្ងៃ​ដដែល មន្ត្រី​ជំនាញ​ក៏​បាន​ហៅ​មក​សួរនាំ​ផង​ដែរ ចំពោះ​ការ​លើក​ឡើង​ខាងលើ តែ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នោះ​ទេ រង់ចាំ​បញ្ចប់​ការ​ស៊ើប​អង្កេត​សិន ។

លោក​បន្ត​ទៀត​ថា​ករណី​នេះ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក៏​បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ឈ្មោះ ស៊ី ស ដែល​ត្រូវជា​កូនប្រសា​របស់​លោក ឆេ​ង ឡុ​ង ផង​ដែរ ។

ទាក់ទង​នឹង​រឿង​នេះ​មានការ​លើក​ឡើង​ថា លោក ឆេ​ង ឡុ​ង ត្រូវ​បាន​មន្ត្រី​ជំនាញ​ហៅ​មក​សួរនាំ បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​ចុះ​បង្ក្រាប​ការ​ដឹក​ជញ្ជូន និង​ទីតាំង​ស្តុក​ឈើ​នៅ​ក្នុង​ដី​ឡូត៍​ភូមិ​គ្រឹះ​របស់​លោក ។ លោក ជូ សា​រុន បញ្ជាក់​ថា នៅ​មិន​ទាន់​មានការ​ហៅ​លោក ឆេ​ង ឡុ​ង មក​សួរនាំ​នៅឡើយ​ទេ ។

បើ​តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ មួយ​រូប​ប្រាប់​ថា ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​ចាប់បាន​រថយន្ត​ខាងលើ​នោះ​រួច​មក ក៏​បន្ត​ចាប់​ឃាត់​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣ A-៩១២៦ ដឹកឈើ​ធ្នង់ និង​ម្រេញ​ពេញ​១​រថយន្ត​នៅ​ខាង​មុខ​ភូមិ​គ្រឹះ​លោក ឆេ​ង ឡុ​ង តែ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។ លុះ​នៅ​ថ្ងៃ​បន្ទាប់ កម្លាំង​អាវុធហត្ថ បាន​បន្ត​ចុះ​ទៅ​ឆែកឆេរ​នៅ​ក្នុង​ឃ្លាំង​ស្តុក​ឈើ នៅ​ក្នុង​ដី​ឡូត៍​ភូមិ​គ្រឹះ​របស់​លោក ឆេ​ង ឡុ​ង តែ​ម្តង ដោយ​រក​ឃើញ​កំណាត់ឈើ​ធំ​ៗ​ជា​ច្រើន​ដុំ ដែល​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា កម្លាំង​អាវុធហត្ថ​និង​មន្ត្រី​ជំនាញ​ស្ទូច​យក​ឈើ​ចេញពី​ភូមិ​គ្រឹះ​លោក ឆេ​ង ឡុ​ង មិន​ទាន់​អស់​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមីនា លោក​ឧត្តមសេនីយ៍ត្រី ជូ សា​រុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​ការ​សម្របសម្រួល​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ឃាត់​ចាប់​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ា​ន់​ដាយ ពណ៌​ស​ចំណុះ​៥​តោន ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C-៩៥១១ នៅ​ភូមិ​ស្គុះ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ដោយ​ចាប់ខ្លួន​អ្នកបើកបរ​ម្នាក់​ឈ្មោះ យឹ​ម សុខ​ភារ​ម្យ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​រមៀត ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ជន​នេះ​ឆ្លើយ​ថា ឈើ​ទាំងអស់​គឺ​គេ​ដឹក​ចេញពីផ្ទះ​លោក ឆេ​ង ឡុ​ង នៅ​ភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ។

គួរ​បញ្ជាក់​ថា លោក ឆេ​ង ឡុ​ង នេះ​អ្នក​ខេត្តកំពង់ស្ពឺ​ព្រមទាំង​មន្ត្រី​ជំនាញ​រូប​ណា​ក៏ស្គាល់​ថា​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ខេត្តកំពង់ស្ពឺ​ដែរ​។ ដោយឡែក​ឈ្មោះ ស៊ី ស ជា​ឈ្មួញ​ដែល​ទិញ​ឈើ​ពី​ឈ្មោះ ឆេ​ង ឡុ​ង នៅ​ច្រកព្រំដែន​វៀតណាម​តន់​ហន់ ដោយសារ​ទំនាក់ទំនង​ក្នុង​ការ​រក​សុ​ី​ឈើ​នេះ ទើប​អ្នក​ទាំង​២​បាន​ក្លាយជា​ឪពុកក្មេក​និង​កូនប្រសា​រហូត​មក​ដល់​បច្ចុប្បន្ន ។

ជាង​នេះ​ទៀត ឃ្លាំង​ស្តុក​ឈើ​ប្រណីត​គឺ​នៅ​ក្នុង​ដី​ឡូត៍​ភូមិ​គ្រឹះ​របស់​លោក ឆេ​ង ឡុ​ង តែ​ម្តង មិនមែន​នៅ​ដាច់​ដោយឡែក ដូច​ការ​លើក​ឡើង​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ទេ ។ ឯ​ចំពោះ​របាយការណ៍​ដាក់​ជូន​ថ្នាក់លើ​ពី​ឃ្លាំង​ស្តុក​ឈើ​របស់​លោក ឆេ​ង ឡុ​ង មក​ជា​របស់​លោក ស៊ី ស នោះ​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​លើក​ឡើង​ថា គ្រាន់តែ​ជា​របាយការណ៍​ជួយ​ដោះ​បន្ទុក​លោក ឆេ​ង ឡុ​ង តែ​ប៉ុណ្ណោះ ៕