ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​ស្ត្រី​លួច​ទារិកា​5​ខែ​ប្លុង​ចោល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាប់ពង្រត់​ទារិកា​អាយុ​៥​ខែ ដោយ​យក​ស្កុ​ត​បិទ​មាត់ រួច​ដាក់​ចូល​ក្នុង​ស្បោង​ខ្មៅ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចាប់ពង្រត់​ទារិកា​អាយុ​៥​ខែ ដោយ​យក​ស្កុ​ត​បិទ​មាត់ រួច​ដាក់​ចូល​ក្នុង​ស្បោង​ខ្មៅ និង​ញាត់​ក្រោម​កែបម៉ូតូ​យក​ទៅ​ប្លុង​ចោល​ក្បែរ​គំនរ​សំរាម​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ។

ស្ត្រី​សង្ស័យ​ឈ្មោះ យិ​ន សុធា​រ៉ា ហៅ មុំ អាយុ​៣៤​ឆ្នាំ មុខរបរ​បោក​អ៊ុត ស្នាក់​នៅផ្ទះ​ជួលក្នុងភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ចំណែក​ម្តាយ​ទារិកា​ឈ្មោះ មាស សុ​វ​ណ្ណា អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៧ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​ទឹកថ្លា​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ពិត​ករណី​ខាងលើ​នេះ​ជា​ករណី​ប៉ុនប៉ង​ជំរិត​ច្រើន​ជាង​មូលហេតុ​លួច​យក​ទៅ​ចិញ្ចឹម ។ សមត្ថកិច្ច​ស​ន្និ​ដាន​បែប​នេះ ដោយសារ​ស្ត្រី​សង្ស័យ​ជំពាក់​លុយ​គេ​រហូត​ជាង​៩​ពាន់​ដុល្លារ ។ ពេល​ធ្វើ​សកម្មភាព​លួច​ទារិកា​ខាងលើ​បាន​ហើយ ដោយសារ​សាច់ញាតិ​ទារិកា​តាម​កិត​ៗ​ពេក​ទើប​បែក​ការណ៍ ក៏​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​គំនរ​សំរាម​តែ​ម្តង សំណាងល្អ​ទារិកា​មិន​ស្លាប់ ក្រោយ​ពី​លួច​យក​ទៅ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​៨ ខែមីនា​កន្លង​ទៅ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់  ស្ត្រី​សង្ស័យដែល​ជា​មិត្ដភក្តិ​ម្តាយ​ទារិកា​បាន​ទៅ​លេងបៀ​នៅផ្ទះ​ម្តាយ​ទារិកា ។ ពេល​កំពុង​លេងបៀ ជនសង្ស័យ​បាន​ឡើង​ទៅ​បន្ទប់ទឹក​នៅ​ជាន់​ឡៅតឿ និង​ឃើញ​ទារិកា​កំពុង​ដេក​នៅ​ទីនោះ ។

ភ្លាម​នោះ ជនសង្ស័យ​ក៏​យក​ស្កុ​ត​បិទ​មាត់​ទារិកា រួច​ដាក់​ចូល​ក្នុង​ថង់​ប្លា​ស្ទិ​ក​ពណ៌​ខ្មៅ ហើយឡើង​ទៅ​លើដំបូល​ផ្ទះ​ដាក់​សម្រូត​ចុះ​មក​ដី​។ បន្ទាប់​មក ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​ជា​លេងបៀ​ជាមួយ​គេ​ធម្មតា ប៉ុន្តែ​បាន​ប្រហែល​២-៣​ក្ដារ ក៏​ប្រញាប់ប្រញាល់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​យក​ទារិកា​ដែល​បាន​សម្រូត​ខ្សែ​ទម្លាក់​ចុះ​មក​ដី​នោះ​ទៅ​ជាមួយ​ផង ។
ចំណែក​ម្តាយ​ទារិកា ខណៈ​ឡើង​ទៅ​មើល​កូនរបស់​ខ្លួន​នៅ​ជាន់​ឡៅតឿ​ស្រាប់តែ​បាត់​មិនឃើញ​ក៏ផ្អើល​ឆោឡោ​ឡើង ហើយ​នាំ​គ្នា​ដើរ​រក​។ លុះដល់វេលា​ម៉ោង​ប្រហែល​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែមីនា ជនសង្ស័យ​ឈ្មោះ យិ​ន សុធា​រ៉ា បាន​ជិះ​ម៉ូតូ​ចេញពី​ផ្ទះ​ដោយ​យក​ទារិកា​ដែល​ដាក់​ចូល​ក្នុង​ថង់​ខ្មៅ​បិទស្កុ​តមាត់​ញាត់​ក្នុង​ឃ្លុប​ម៉ូតូ យក​ទៅ​ប្លុង​ចោល​នៅ ក្បែរ​គំនរ​សំរាម ។ ពេល​នោះ​ក្រុម​គ្រួសារ​របស់ ទារិកា​ឃើញ ក៏​យក​ត្រឡប់​មក​វិញ និង​បាន​ឃាត់ខ្លួនជនសង្ស័យ​យក​មក​ប្រគល់​ឱ្យ​នគរបាល​រដ្ឋបាល ប៉ុស្ដិ៍​ទឹកថ្លា ចាត់ការ​តាម​ច្បាប់​៕