ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សង្វៀន​បញ្ជល់មាន់​អួត​ថា បង់លុយ​ឱ្យ​ប៉ូលិស​ខ្លាច​អី​កាសែត

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ល្បែង​បញ្ជល់មាន់​និង​ល្បែង​អាប៉ោង​២​កន្លែង​ធំ​ៗ កំពុង​បើក​ដំណើរការ​លេង​យ៉ាង​រលូន​នៅ​ក្នុង​ទឹកដី​ស្រុក​កំពង់ត្របែក

ខេត្តព្រៃវែង ៖ ល្បែង​បញ្ជល់មាន់​និង​ល្បែង​អាប៉ោង​២​កន្លែង​ធំ​ៗ កំពុង​បើក​ដំណើរការ​លេង​យ៉ាង​រលូន​នៅ​ក្នុង​ទឹកដី​ស្រុក​កំពង់ត្របែក ដែល​មួយ​កន្លែង​នៅ​ភូមិ​គោ​ក្រោក ឃុំ​គោ​ខ្ចក និង​មួយ​កន្លែង​ទៀត​នៅ​ភូមិ​តង្កៀបក្តាម ឃុំ​ពាម​មន្ទារ  ។ មហាជន​មួយ​ចំនួន​និយាយ​ថា កន្លែងទាំង​២​នេះ បាន​បើក​ដំណើរការ​យូរ​ខែ​ណាស់​មក​ហើយ ឯ​សមត្ថកិច្ច​មិន​ដែល​ឃើញ​មាន​វិធានការ​បង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ ។

បើ​តាម​ម្ចាស់​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​នៅ​ភូមិ​គោ​ក្រោក និយាយ​ថា មុន​នឹង​គាត់​អាច​ដំណើរការ​វង់ល្បែង​នេះ​បាន គឺ​បាន​រត់ការ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍ អធិការដ្ឋាន និង​ស្នងការដ្ឋាន​រួចរាល់​ហើយ បើ​មិន​រត់ការ​ជា​មុន​ទេ មិន​អាច​លេង​ស្រួល​ទេ សមត្ថកិច្ច​នឹង​បង្ក្រាប​មិន​ខាន ។ ជា​រៀង​រាល់​ខែ គាត់​ត្រូវ​ចំណាយ​លុយ​ជា​ច្រើន​សម្រាប់​សមត្ថកិច្ច​តាំងពី​ក្រោម​រហូត​ដល់​លើ ក្នុង​មួយ​ខែ​មិន​ក្រោម​៨​លាន​រៀល​ទេ គឺ​ពិបាក​ណាស់​មិនសូវ​ចំណេញ​ទេ ។

ម្ចាស់​សង្វៀន​ល្បែង​នេះ​និយាយ​ទៀត​ថា ប្រសិន​ជា​អ្នក​សារព័ត៌មាន​ចង់​ផ្សាយ​ក៏​ផ្សាយ​ទៅ ព្រោះថា​មិនមែន​អ្នក​សារព័ត៌មាន​ជា​អ្នក​ចាប់​ទេ គឺ​សមត្ថកិច្ច​ជា​អ្នក​ចាប់​បង្ក្រាប ។ ជាមួយ​នេះ បើ​ចង់​ផ្សាយ​គឺ​ផ្សាយ​២​កន្លែង​តែ​ម្តង​ទៅ ព្រោះក្រៅពី​កន្លែង​គាត់​នេះ នៅ​ភូមិ​តង្កៀបក្តាម ឃុំ​ពាម​មន្ទារ ក៏​មាន​បើក​លេង​ដូច​គ្នា​ដែរ​ហើយ​សង្វៀន​ធំ​ជាង​កន្លែង​គាត់​ទៅ​ទៀត ហើយ​រត់ការ​តែត្រឹម​អធិការដ្ឋាន​ទេ ចំណែក​គាត់​រត់ការ​តាំងពី​ក្រោម​រហូត​ដល់​លើ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ន​ឃុំ​គោ​ខ្ចក​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ និង​អាប៉ោង​នៅ​ទី​នេះ​កើត​មាន​ច្រើន​ខែ​ហើយ តែ​គេ​រត់ការ​ដល់​ថ្នាក់លើ​មិន​ហ៊ាន​ទៅ​មើល​ទេ ព្រោះ​អាច​ត្រូវ​ពួក​គេ​នោះ​ចំអក​ដាក់ ។

ចំណែកឯ​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង​ដុះ​ស្លែ​នៅ​ភូមិ​តង្កៀបក្តាម​វិញ ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​និយាយ​ថា ម្ចាស់​សង្វៀន​បាន​សុំ​ថ្នាក់លើ​ដើម្បី​បើក​សង្វៀន​នេះ​រួចរាល់​ហើយ​។ បើ​មិន​សែនអ្នកតា ហ៊ាន​តែ​លេង​ដឹង​តែ​ពី​ចប់​ហើយ​បញ្ជល់​មិន​បាន​មួយគូ​ទេ សមត្ត​កិច្ច​មក​ដល់​ភ្លាម​។ សង្វៀន​បញ្ជល់មាន់​នេះ ក្នុង​មួយ​ថ្ងៃ​មាន​បញ្ជល់​ពី​១០​ទៅ​១២​គូ ហើយ​ក្នុង​មួយគូ​ភ្នាល់​ចាប់ពី​១​លាន​រៀល​ឡើង​ទៅ ។ នៅ​ចុង​ស​ប្តា​ហ៍ មាន​បញ្ជល់​ចាប់ពី​១២​គូ​ទៅ​២០​គូ គឺ​បញ្ជល់​ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ល្ងាច ។ បើ​គូ​ណាត់​វិញ គេ​ភ្នាល់​ពី​៤​លាន​រៀល​ឡើង​ទៅ ដោយ​ម្ចាស់​សង្វៀន​ដក​តុង​១០​ភាគរយ ហើយ​បើ​អាប៉ោង​វិញ​យក​ប្រចាំ​ថ្ងែ​តែ​មិនដឹង​ប៉ុន្មាន​ទេ តែ​ឮ​ម្ចាស់​សង្វៀន​ថា​ចាយ​លុយ​មន្ត្រី​នគរបាល​ស្រុក​ច្រើន​ណាស់ ។

អធិការ​នគរបាល​ស្រុក​កំពង់ត្របែក លោក សួន សំ​អឿ​ន ថ្លែង​ថា ការ​ចោទប្រកាន់​ថា​មានការ​បង់លុយ​របស់​ម្ចាស់​សង្វៀន​នោះ​លោក​មិន​បានដឹង​ទេ ។ លោក​នឹង​ឲ្យ​មន្ត្រី​ចុះ​ទៅ​បង្ក្រាបហើយ​រឿង​ដែល​ថា​យក​លុយ​ជា​ថ្នូរ​នឹង​ការ​បើកភ្លើង​ខៀវ​នោះ​មិន​ពិត​ទេ ។

លោក ពៅ ជីវី ស្នងការ​រង​នគរបាល​ខេត្ត​ថ្លែង​ថា សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​២​កន្លែង​នៅ​ស្រុក​កំពង់ត្របែក​នោះ លោក​មិន​បានដឹង​ទេ ហើយ​ព័ត៌មាន​ដែល​ថា​មាន​អ្នក​រត់ការ​បង់លុយ​ទើប​មិន​បង្ក្រាប​នោះ​ជា​រឿង​មិន​ពិត​ឡើយ ។ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ភ្លាម ។

សង្វៀន​បញ្ជល់​មាន់នៅ​ស្រុក​ម៉ា​ឡៃ ជាយ​ដែន​ខ្មែរ​-​ថៃ

ខេត្តបន្ទាយមានជ័យ ៖ សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង កំពុង​បើ​ក​លេង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ហើយ​អ្នកញៀន​បញ្ជល់មាន់​មាន​ទាំង​ខ្មែរ​និង​ថៃ ឯ​សមត្ថកិច្ច​ហាក់​មិន​ខ្វល់​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​ឡើ​យ ទើប​សង្វៀន​បញ្ជល់មាន់​នេះ​មានដំណើរ​ការ ។ នៅ​ទីនោះ អ្នកលេង​ល្បែង​បញ្ជល់មាន់​មាន​ចាស់​មាន​ក្មេង ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​និយាយ​ទាំង​ភាសា​ខ្មែរ​និង​ថៃ ។ ពួក​គេ​ហាក់​មិន​ខ្លាច​កាមេរ៉ា​របស់​អ្នកកាសែត​ឡើយ ថែម​ទាំង​នាំ​គ្នា​ស្រែក​ឌឺដង​ថា​ខ្លាច​អី​យេ​ី​ង​លេង​លុយ​យើង​តើ ។

នៅ​ទីតាំង​សង្វៀន​បញ្ជល់មាន់​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​អះអាង​ថា គេ​លួច​លេង​យូរ​ហើ​យដោយ​ក្នុង​១​ស​ប្តា​ហ៍​បើ​ក​លេង​២​ថ្ងៃ គឺ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​ព្រហស្បតិ៍ ។ ម៉ូតូ​និង​យានយន្ត​នានា ត្រូវ​គេ​យក​លាក់​ទុក​តាម​ព្រៃ ម៉ូតូ​ខ្លះ​ពាក់​ផ្លា​ក​លេខ​ខេមរភូមិន្ទ ឯ​រថយន្ត​ខ្លះ​ពាក់​ផ្លា​ក​លេខ​ធម្មតា តែ​មាន​អាវ​និង​មួក​នគរបាល​នៅ​ក្នុង​រថយន្ត ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​លួច​បើក​លេងល្បែង​ស៊ីសង​ខាង​លើ​នេះ លោក មាស ថា​ន នាយ​ស្តីទី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ម៉ា​ឡៃ ប្រាប់​កោះសន្តិភាព​ថា លោក​នឹង​ហៅ​ម្ចាស់​ទីតាំង​មក​ធ្វើកិច្ចសន្យា​បញ្ឈប់​ការ​លួច​បើ​ក​ល្បែងស៊ីសង​តទៅ​ទៀត ។ បើ​សិន​ម្ចាស់​ទីតាំង​មិន​បញ្ឈប់​តាម​កិច្ចសន្យា​ទេ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ចុះ​បង្ក្រាប​តែ​ម្តង ៕