ប្រទេសឥណ្ឌូណេស៊ី ៖ អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Arcandra Tahar បានថ្លែងកាលពីថ្ងៃចន្ទថា ក្រសួងព្យាករថា តម្រូវការប្រេងឥន្ធនៈនឹងកើនឡើង១៣%ជារៀងរាល់ឆ្នាំ មានន័យថា ការលូតលាស់តាមការព្យាករនេះនឹងច្រើនជាងកំណើនសេដ្ឋកិច្ចដែលស្មើ៥% ។
លោកថ្លែងថា ៖ « នេះគឺជាមុខសញ្ញាបង្ហាញថា ការផ្តោតគំនិតរបស់ពួកយើងត្រូវតែមានលើកម្មវិធីបម្លាស់ប្តូរប្រេងឥន្ធនៈ » ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមអនុញ្ញាតឲ្យយានយន្តប្រើប្រាស់កញ្ចប់បម្លាស់ប្តូរប្រេង មកប្រើប្រាស់ឧស្ម័នធម្មជាតិ និងឧស្ម័នផ្សេងទៀតកាលពីឆ្នាំ២០១២ ។ វាជំរុញឲ្យអតិថិជនផ្លាស់ប្តូរពីការប្រើប្រាស់ប្រេងឥន្ធនៈទៅប្រភពផ្សេងទៀត ដែលមិនប៉ះពាល់បរិស្ថានច្រើនដូចប្រេងធម្មតា ។
ប៉ុន្តែភាពខុសគ្នាបន្តិចបន្តួចនៃតម្លៃ ជាមួយកង្វះខាតនៃស្ថានីយឧស្ម័នទាំងនោះធ្វើឲ្យអតិថិជននៅតែប្រើប្រាស់ប្រេងឥន្ធនៈច្រើន ។ ក្រុមហ៊ុនប្រេងរបស់រដ្ឋ Pertamina ឲ្យដឹងថា នាចុងឆ្នាំ២០១៦ ស្ថានីយឧស្ម័នសរុបទូទាំងប្រទេស គឺមានតែ៥៧កន្លែងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ