ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​នៅ​តែ​នាំ​ចូល​សាច់​និង​បន្លែ ប្រសិនបើ​មិន​ឱ្យ​តម្លៃ​ផលិតផល​ក្នុងស្រុក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​កសិកម្ម ប៉ុន្ដែ​អ្វី​ដែល​នៅ​តែ​ជា​ច​ម្ង​ល់​របស់​សាធារណជន​នោះ គឺ​យើង​កំពុង​នាំ​ចូល​បន្លែ និង​សាច់​ពី​ប្រទេស​ជិតខាង​យ៉ាង​សន្ធឹកសន្ធាប់ ហាក់ដូចជា​ពុំ​ទាន់​មាន​គោលនយោបាយ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជា​ប្រទេស​កសិកម្ម ប៉ុន្ដែ​អ្វី​ដែល​នៅ​តែ​ជា​ច​ម្ង​ល់​របស់​សាធារណជន​នោះ គឺ​យើង​កំពុង​នាំ​ចូល​បន្លែ និង​សាច់​ពី​ប្រទេស​ជិតខាង​យ៉ាង​សន្ធឹកសន្ធាប់ ហាក់ដូចជា​ពុំ​ទាន់​មាន​គោលនយោបាយ​ជួយ​ទ្រទ្រង់​កសិករ​ក្នុងស្រុក​នៅឡើយ ។ ជា​រៀងរាល់ថ្ងៃ កម្ពុជា​បាន​នាំ​ចូល​បន្លែ និង​សាច់​ពី​ប្រទេស​ជិតខាង​យ៉ាងច្រើន ជា​ពិសេស​ពី​វៀតណាម ខណៈ​បន្លែ និង​ផ្លែ​ឈើ​របស់​ប្រទេស​នេះ ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី លែង​អនុញ្ញាត​ឱ្យ​នាំ​ចូល ដោយសារ​តែ​មាន​ផ្ទុក​សារធាតុ​គីមី​ខ្ពស់ ។ ដោយឡែក ចំពោះ​កម្ពុជា​វិញ​បាន​នាំ​ចូល​ច្រើន ជា​ពិសេស បន្លែ និង​សាច់ ខណៈ​កសិករ​ខ្មែរ​ផលិត​បាន​ហើយ ប៉ុន្តែ​គ្មាន​ទីផ្សារ​ឬ​តម្លៃ​ទាប​។ ជាក់ស្ដែង កសិករ​ខ្មែរ​ដាំ​ល្ពៅ​បាន​ផល​ច្រើន​តែ​តម្លៃ​ទាប ដែល​មិន​អាច​ឱ្យ​ពួក​គាត់​ទទួល​ចំណូល​ស្មើ​ថ្លៃដើម​វិញ (​កម្លាំង​ពលកម្ម និង​ថ្លៃ​ជី​ជាដើម​) ។

កាលពី​ពេល​ថ្មី​ៗ​នេះ កសិករ​នៅ​ជាយ​ដែន​ដែល​ដាំ​ត្រសក់​បាន​ផល​ល្អ​ហើយ​សង្ឃឹមថា នឹង​ចំណេញ​ច្រើន ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​រំពឹង​ទុក​នោះ ត្រូវ​បាន​រលាយ​ទៅ​វិញ ដោយ​សារ​តែ​តម្លៃ​ត្រសក់​ខ្មែរ​ធ្លាក់​ចុះ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ ។ ក្រៅពី​ត្រសក់​មាន​តម្លៃ​ទាប​ហើយ​នោះ ស្រាប់តែ​ឮដំណឹង​ថា ស្ពៃក្ដោប​ដែល​កសិករ​ខំ​ដាំ​បាន​ផល​ហើយ​ធ្លាក់​ថ្លៃ​សឹង​ហៅ​លែង​ឮ ដោយ​មិនដឹង​មូលហេតុ ។ បើ​នៅ​តែ​បែប​នេះ តើ​កសិករ​មាន​កម្លាំង​ឯណា​ដាំ​ដុះ​បន្លែ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត​នោះ ។ ដូចនេះ មាន​តែ​បន្ត​នាំ​ចូល​ទាំង​យើង​មិន​ដឹង​ថា តើ​បន្លែ និង​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ប្រើ​គីមី​កម្រិត​ណា ខណៈ​ដែល​ក្រសួងកសិកម្ម​ចង់​ឲ្យ​មាន​កន្លែង​ត្រួតពិនិត្យ បែរជា​មាន​អ្នក​រារាំង​ទៅ​វិញ ។ ចំណែក​របស់​ដែល​ខ្មែរ​ផលិត​បាន និង​មាន​ប្រភព​ជាក់លាក់ ហេតុ​អ្វី​ប្រជាពលរដ្ឋ​ខ្មែរ​១៦​លាន​នាក់ មិនសូវ​មាន​អ្នកគាំទ្រ ឬ​រង់​ចាំតែ​របស់​នាំ​ចូល ទើប​គិត​ថា មាន​សុវត្ថិភាព ? ។

ជា​រឿយ​ៗ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​តែង​ចុះ​ផ្សាយ​ពី​ការ​ចាប់​បាន​ផលិតផល​ហួស​គុណភាព និង​ផ្ទុក​សារធាតុ​គីមី​ខ្ពស់​ពី​ប្រទេស​ជិតខាង​យក​មក​ដុត​កម្ទេច​ចោល តែ​ក៏​មិន

ដែល​ឃើញ​ចាប់​អ្នក​នាំ​ចូល​ទាំងនោះ​មក​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ម្ដងណា​ឡើយ បើ​ទោះបី​ដឹង​ថា​ទំនិញ​ខូចគុណភាព​ទាំងនោះ​កំពុង​យាយី​អាយុជីវិត​ប្រជាជន​ខ្មែរ​ក៏​ដោយ ។
យ៉ាងណា​ក៏​ដោយ ការ​ចាប់​បាន​នេះ​ក៏​ជា​ការ​ប្រសើរ​បំផុត​មួយ​ដែរ តែ​ចុះបើ​ចាប់​មិន​បាន​វិញ វា​ទៅ​ជា​យ៉ាងណា ? ហើយ​ផ្សារ​រាប់រយ​រាប់​ពាន់​ទៀត​នៅ​កម្ពុជា​ដែល​កំពុង​ដាក់​លក់​ចំណីអាហារ សុទ្ធតែ​ល្អ​ឬ​យ៉ាងណា ?

យោង​តាម​អង្គការ​សេ​ដាក ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា​បាន​នាំ​ចូល​បន្លែ​ប្រមាណ​៨០%​ពី​ប្រទេស​ជិតខាង ខណៈ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ​តែ​២០%​ប៉ុណ្ណោះ​សម្រាប់​ផ្គង់​ផ្គង់​ក្នុងស្រុក ។

ចំណែក​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា លោក ស្រ៊ុ​ន ពៅ បានឱ្យ​ដឹង​ថា ការ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​នៅ​តាម​ផ្ទះ​ស្ទើរតែ​លែង​មាន​ទៅ​ហើយ ព្រោះ​ការ​ចំណាយ​លើ​ចំណី និង​ប្រាក់​ចំណូល​មិន​សមតុល្យ​នឹង​គ្នា ដោយសារ​ជ្រូក​មាន​តម្លៃ​ទាប ។ លោក​ថា ៖ « កសិករ​ដែល​ចិញ្ចឹម​ជ្រូក​ពី​មុន​មក​នោះ ពេល​នេះ​បាន​បោះបង់​ចោល​បណ្ដើរ​ៗ​ហើយ ព្រោះ​ចំណាយ​ច្រើន តែ​ដល់​ពេល​ប្រមូល​ផល ពេល​ចាប់ បែរជា​ធ្លាក់​ថ្លៃ​ដោយសារ​ជ្រូក​នាំ​ចូល​ពី​បរទេស​មាន​តម្លៃ​ទាប​។ យើង​ក៏​ត្រូវ​គិត​ផង​ដែរ ជ្រូក​នាំ​ចូល​សព្វ​ថ្ងៃនេះ មិនមែន​សុទ្ធតែ​ជ្រូក​ល្អ​ៗ​នោះ​ទេ ជួនកាល​ជ្រូក​ឈឺ គេ​យក​មក​ចាក់ចោល​នៅ​យើង អីចឹង​ហើយ​តម្លៃ​ក៏​ត្រូវ​តែ​ទាប​ដែរ ។ បើ​ប្រៀប​ជាមួយ​ជ្រូក​ក្នុងស្រុក​យើង ដែល​ជា​ជ្រូក​ល្អ​លក់​តម្លៃ​ដូច​គេ​ម្ដេច​នឹង​កើត​ទៅ » ។

លោក​បន្ត​ថា បច្ចុប្បន្ន ការ​ឱ្យ​ច្បាប់​នាំ​ចូល មិន​ច្រើន​ទេ តែ​ការ​នាំ​ចូល​ដោយ​គេចពន្ធ និង​ខុសច្បាប់ ទើប​វា​ច្រើន ហើយ​ក៏​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដែរ ព្រោះ​អី​ការ​នាំ​ចូល​ខុស​ច្បាប់ គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ មិន​អាច​ដឹង​ថា​ជ្រូក​នាំ​ចូល​មាន​ជំងឺ​អី ឬ​ដាក់​ថ្នាំ​អី​ទេ ។ ដូចនេះ​ហើយ​បានជា​ជ្រូក​កសិករ​ខ្មែរ​មួយ​ចំនួន​ឈឺ​ងាប់​ម្ដង​ៗ​យ៉ាងច្រើន និង​មិន​អាច​ជួយ​សង្គ្រោះ​បាន ។

លោក​បន្ថែម​ថា ថ្វី​ដ្បិតតែ​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ក៏​ដោយ តែ​សាច់​ជ្រូក និង​ជ្រូក​រស់​មិន​សមតុល្យ​សោះ ។ ជ្រូក​រស់​របស់​កសិករ​តម្លៃ​ត្រឹមតែ​ជាង​៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​សាច់​ជ្រូក​លក់​លើ​ទីផ្សារ​វិញ​មាន​តម្លៃ​ជាង​២​ម៉ឺន​រៀល ។ ចំណែក​តម្លៃ​សាច់​ជ្រូក​នាំ​ចូល​ក៏​ប្រហែល​សាច់​ជ្រូក​ក្នុងស្រុក​ដែរ ហេតុ​អ្វី​បានជា​មិន​ទប់ស្កាត់ ឬ​រឹត​បន្តឹង​ការ​នាំ​ចូល ហើយ​ឱ្យ​ថ្លៃ​ទៅ​លើ​ជ្រូក​ក្នុងស្រុក ។ លោក​ថា ៖ « ខ្ញុំ​មិន​ចង់ឱ្យ​រាជរដ្ឋាភិបាល​បិទ​ការ​នាំ​ចូល​ទាំងស្រុង​ទេ តែ​ខ្ញុំ​សុំ​ឱ្យ​កាត់​បន្ថយ​ដើម្បី​ឱ្យ​កសិករ​ងាក​មក​ចិញ្ចឹម​ជ្រូក ឬ​ពង្រីក​របរ​ចិញ្ចឹម​ជ្រូក​បន្ថែម​ដើម្បី​រក​ចំណូល​ទ្រទ្រង់​គ្រួសារ និង​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ។ បើសិនជា​នៅ​តែ​មានការ​នាំ​ចូល​កាន់តែ​ច្រើន ថ្ងៃ​អនាគត កម្ពុជា​លែង​មាន​របស់​ក្នុងស្រុក​ហូប​ទៀត​ហើយ ហើយ​យើង​ក៏​មិនដឹង​របស់​ដែល​គេ​នាំ​មក​ឱ្យ​យើង​នោះ​មានគុណ​ភាព ឬ​គ្មាន​គុណភាព​ដែរ » ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ជ្រូក​នាំ​ចូល​ពី​ប្រទេស​ជិតខាង ក្នុង​មួយ​ថ្ងៃ​មាន​ជាង​១​ពាន់​ក្បាល ឬ​ស្មើនឹង​ជាង​១០០​តោន ។ នេះ​មិន​ទាន់​គិត​ពី​ការ​នាំ​ចូល​គេចពន្ធ​ផង បើ​សរុប​ទៅ​ជាង​២០០​តោន​ឯណោះ ក្នុង​នោះ​នាំ​ចូល​ពី​វៀតណាម​ច្រើន​ជាងគេ ។ លោក​បញ្ជាក់​ថា ៖ « ដូច​យើង​បានដឹង​ហើយ​ផលិតផល​ពី​វៀតណាម ប្រទេស​មួយ​ចំនួន​គេ​លែង​អនុ​ញ្ញាត​​ឱ្យ​ចូល​ហើយ ឬ​ក៏​ត្រូវ​ពិនិត្យ​ហ្មត់ចត់​ទើប​អនុញ្ញាត​ឱ្យ​ចូល តែ​យើង​នៅ​តែ​នាំ​ចូល​ក្នុង​ទំហំ​ច្រើន​ដដែល នេះ​ជា​បញ្ហា​ត្រូវ​គិត​ទាំងអស់​គ្នា » ៕