ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមុន​ឃុំ​ព្រះ​ដាក់​… ថ្ងៃនេះ ឃុំ​បាគង ស៊ូ​ស្លា​.​ប់​មិន​ព្រម​រុះរើ (​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • សៀមរាប

ប្រជាពលរដ្ឋ​ប្រុស​ស្រី​ប្រមាណ​៥០០​នាក់ មក​ពី​ឃុំ​ចំនួន​២ ក្នុង​៨​ភូមិ ធ្វើការ​តវ៉ា​នៅ​មុខ​សាលាឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ប្រឆាំង​នឹង​ការ​ទាមទារ​ឱ្យ​ពួក​គេ​ចាក​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក ដែល​ជា

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ប្រមាណ​៥០០​នាក់ មក​ពី​ឃុំ​ចំនួន​២ ក្នុង​៨​ភូមិ ធ្វើការ​តវ៉ា​នៅ​មុខ​សាលាឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ប្រឆាំង​នឹង​ការ​ទាមទារ​ឱ្យ​ពួក​គេ​ចាក​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក ដែល​ជា​ភូមិ​អភិវឌ្ឍន៍​ថ្មី ប៉ុន្តែ​ពួក​គាត់​នាំ​គ្នា​ស៊ូ​ស្លា​.​ប់​មិន​ព្រម​ចាក​ចេញពី​ភូមិកំណើត​ចាស់​របស់​ពួក​គេ​ជា​ដាច់ខាត​។

តំណាង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ឪឡោក ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ប្រាប់​ភ្នា​ក់កោះ​សន្តិភាព​យើង​ឱ្យ​ដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​នេះ ក្រោយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ចុះ​មក​ស្រង់​ស្ថិតិ និង​សម្របសម្រួល និង​សន្យា​រក​ដំណោះស្រាយ ដើម្បី​ឱ្យ​ពួក​គាត់​រុះរើ​ផ្ទះ​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ចាក​ចេញពី​ភូមិកំណើត​ចាស់​ជា​ដាច់ខាត​។

តំណាង​ពលរដ្ឋ​បន្ត​ថា គាត់​នឹង​រក​ដំណោះស្រាយ​មិន​ឱ្យ​បងប្អូន​ពួក​គាត់​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ចាស់​របស់​គាត់​ឡើយ បើ​ទោះបី​មន្ត្រី​ជំនាញ ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​ដោះ​ដូរ​លំនៅ​ដ្ឋា​ន​នេះ​យ៉ាង​ក៏​ដោយ ក៏​ពួក​គាត់​សុខចិត្ត​ស៊ូ​ស្លា​.​ប់​នៅ​លើ​ដីធ្លី​នេះ​ដដែល មិន​ព្រម​ចាកចេញ​ឡើយ​។

តំណាង​បាន​បញ្ជាក់​ទៀត​ថា ពួក​គាត់​មិន​ព្រម​ចាក​ចេញពី​ភូមិកំណើត​ដែល​គាត់​បាន​រស់នៅ ច្រើន​ជំនាន់​មក​ហើយ ដែល​ជា​កេរ្តិ៍​ដំណែល​វប្បធម៌​ខ្មែរ តាំងពី​បរម​បុរាណ​មក​ម្ល៉េះ​។ គាត់ បន្ថែម​ទៀត​ថា​៖ « ខ្ញុំ​អត់​ទៅ​ទេ ខ្ញុំ​ម៉េច​ទៅ ខ្ញុំ​អត់​ស្ម័គ្រចិត្ត​ទៅ​ផង ព្រោះ​អី​ខ្ញុំ​រស់នៅ​ទី​នេះ ក​វែក ក​ឆ្នាំង​នៅ​លើ​ទឹកដី​ពី​ជីដូន​ជីតា​ខ្ញុំ​នៅ​ហ្នឹង តាំងពី​មុន​ឆ្នាំ​១៩៧៩​ម្ល៉េះ ខ្ញុំ​អត់​ចង់ទៅ បាន​សំណង​ពី​រាជរដ្ឋាភិបាល​ដី ២០ x ៣០ ម៉ែត្រ ហើយ​អត់​ចង់បាន​គោលនយោបាយ​ប័ណ្ណ​ក្រីក្រ​មួយ​សន្លឹក​ហ្នឹង​ដែរ ដែល​មាន​រយៈពេល​១០​ឆ្នាំ និង​លុយ​ជាង​១​លាន​រៀល​នោះ​ទេ​»​។ ហើយ​ពួក​គេ​មាន​សិទ្ធិ​ស្របច្បាប់ ព្រមទាំង​មាន​ប័ណ្ណ​ចេញ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​អនុញ្ញាត​ឱ្យ ពួក​គាត់​សាងសង់​ផ្ទះសម្បែង​សម្រាប់​រស់នៅ​ផង​ដែរ មិនមែន​អ្នក​ចំណាកស្រុក​មកពីណា​ឡើយ គឺ​អ្នក​ភូមិ​នេះឯង​។ ពាក្យស្លោក​មួយ​ឃ្លា​ថា «​ខ្មែរ​មួយ​ម៉ាត់ សូម​ឱ្យ​ខ្ញុំ​មាន​លទ្ធភាព​រស់នៅ​លើ​ទឹកដី​ដ៏​បវរ​នេះ​ផង សូម​មេត្តា​កុំ​ធ្វើការ​បណ្ដេញ​ពួក​ខ្ញុំ​អី​»​។

ក្នុង​នោះ​ផង​ដែរ លោក យន់ វន់ មេឃុំ​បាគង បាន​មក​សម្របសម្រួល​ថា ក្រុមការងារ​តម្រង់​ទិស​ដោយសារ​បញ្ហា​សំណង់​ខុសច្បាប់​ជា​ច្រើន​កន្លែង ក្នុង​រមណីយដ្ឋាន​អង្គរ បាន​ចាប់ផ្តើម​ចុះ​វាស់វែង​ក្បាលដី​នៅ​ឃុំ​បាគង កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់​ខេត្តសៀមរាប ចុះ​សួរនាំ​ព័ត៌មាន​ពី​រឿង​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក​ថ្មី​។

លោក​មេឃុំ​ថា «​គាត់​មក​សួរ​យោបល់​បងប្អូន​ប្រជាពលរដ្ឋ តើ​ពួក​គាត់​ព្រម​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​រុន​តា​ឯក​អត់? បើ​ទៅ គាត់​នឹង​រៀបចំ​ឯកសារ​ជូន​ទៅ​ថ្នាក់លើ ដើម្បី​បាន​ចាប់ឆ្នោត​យក​ក្បាលដី​នៅ​រុន​តា​ឯក​។ ហើយ​ព្រឹក​នេះ ក្រុមការងារ​ចុះ​មក​ទៀត ក៏​មាន​បញ្ហា​ដល់​បងប្អូន​តែ​ម្តង ទើប​ពួក​គាត់​នាំ​គ្នា​ប្រមូលផ្ដុំ​តវ៉ា ដោយសារ​ពលរដ្ឋ​ថា គាត់​ជា​ពលរដ្ឋ​រស់នៅ​ចាស់​យូរយា រ​ណាស់​មក​ហើយ សំណូមពរ​សុំ​មិន​ចាកចេញ​ជា​ដាច់ខាត​»​។

លោក​មេឃុំ បាន​ប្រាប់​ទៀត​ថា លោក​និង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួក​គាត់ និង​ផ្តល់​យោបល់​តាម​ក្រោយ​ទៀត តែ​មិន​បញ្ជាក់​ថា មាន​លទ្ធភាព​បែប​ណា​នោះ​ទេ​។

ក្នុង​ឱកាស​នោះ​ដែរ លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​មាន​ប្រសាសន៍​ប្រាប់​ថា គោលបំណង​ដែល​ប្រជាពលរដ្ឋ​មក​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាឃុំ​បាគង ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ទុក​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួក​គាត់ ដែល​ជា​លំនៅ​ដ្ឋា​ន​ចាស់​នោះ​ឱ្យ​នៅ​ដដែល ដូច្នេះ​លោក​នឹង​យក​សំដី​របស់​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ជា​មុន​សិន និង សូម​ឱ្យ​បងប្អូន​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ឱ្យ​អាជ្ញាធរ​ធ្វើការ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​អប្សរា​។

លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើការ​តវ៉ា​ព្រឹក​មិ​ញ​នេះ ដែល​មក​ពី​ភូមិ​ចំនួន​៨ ក្នុង​ឃុំ​ចំនួន​២ នោះ គឺ​ពាក់ព័ន្ធ​បារាយណ៍​ខាងកើត​នេះ មាន​ភូមិ​ចំនួន​២ ដែល​ពាក់ ព័ន្ធ គឺ​ភូមិ​លលៃ និង​ភូមិ​ស្ទឹង ក្រៅពី​នោះ​ភូមិ​ផ្សេង​ពាក់ព័ន្ធ​ផ្លូវ​បុរាណ និង​ផ្លូវ​ជុំវិញ​ប្រាសាទ​ជាដើម មិន​ពាក់ព័ន្ធ​បារាយណ៍​ទេ ហើយ​ការ​វាស់វែង​ធ្វើ​ជំរឿន​ជូន​ប្រជាពលរដ្ឋ​នោះ បាន​ចប់​សព្វគ្រប់​។

លោក​បាន​បន្ថែម​ថា ចំពោះ​ភូមិ​ទាំង​៨​ភូមិ ដែល​ពលរដ្ឋ​មក​ធ្វើការ​តវ៉ា​នេះ ដោយសារ​មានការ​ពាក់ព័ន្ធ​ជាមួយ​ផែនទី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ត្រូវ​រើ​ចេញ ហើយ​ភូមិ​មួយ​ៗ​មិនមែន​ឱ្យ​រើ​ទាំង​អស់នោះ​ទេ គឺ​រើ​កន្លែង​ណា​ដែល​អប្សរា គាត់​គូស​គំនូស​ក្រហម យើង​មិន​ទាន់​ដឹង​មាន​ប៉ុន្មាន​គ្រួសារ​នោះ​ទេ នៅ​ក្នុង​បន្ទាត់​ក្រហម​នោះ ដោយសារ​ពាក់ព័ន្ធ​នឹង​៨​ភូមិ​។ ភូមិ​ខ្លះ​តិច ភូមិ​ខ្លះ​ច្រើន ព្រោះ​វា​អាស្រ័យ​ទៅ​លើ​នៅ​ក្នុង​ស្សូន ពណ៌​ក្រហម ដែល​ជា​មុខសញ្ញា​។ មូលហេតុ សំខាន់​ដែល​ពួក​គាត់​ធ្វើការ​តវ៉ា​នោះ ដោយសារ​ពួក​គាត់​យល់​ថា គាត់​ជា​អ្នក​ភូមិ​ចាស់​បុរាណ​ជា​យូរលង់​ណាស់​មក​ហើយ នេះ​ជា​ចំណុច​សំខាន់​ដែល​គោលដៅ​របស់​ពួក​គាត់ មិន​ចង់ទៅ​នៅ​កន្លែង​ថ្មី​។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ក្រុមការងារ​ចុះ​ស្រង់​ទិន្នន័យ​តាម​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ប្រាសាទបាគង​កន្លង ខណ​:​ពេល​នោះ​ក៏​សម្តេច​បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​រុះរើ​ចេញពី​តំបន់​អង្គរ ទៅ​រស់នៅ​ក្នុង​តំបន់​ភួ​មិ​រុន​តា​ឯក ដែល​ជា​ភូមិ​អភិវឌ្ឍន៍ រុន​តា​ឯក​ថ្មី ថា សុំ​អាជ្ញាធរ​មេត្តា​មើល​ឡើង​វិញ​នូវផ្ទះ​ណា ដែល​ត្រូវ​រុះរើ ផ្ទះ​ណា​ដែល​មិន​ត្រូវ​រុះរើ​ក្នុង​តំបន់​អង្គរ ទៅ​តាម​ជាក់ស្តែង តាម​ហ្នឹង​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​មក​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ក្លាយជា​គោលដៅ​មួយ​សំខាន់​ក្នុង​ការ​កៀរគរ​ឱ្យ​ចាកចេញ​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក ក្រោយ​រាជរដ្ឋាភិបាល​ប្រកាស​ពី​បំណង​ស្ដារ​បារាយណ៍​ខាងកើត​ឡើង​វិញ​។ ក្នុង​នោះ​មាន ៖ ភូមិ​ចំនួន​៨ គឺ​មាន​ភូមិ​រលួស ដែល​ជា​ភូមិ​បុរាណ តែ​វា​ស្ថិត​នៅ​ក្នុង​បារាយណ៍​ខាងកើត ដែល​រដ្ឋាភិបាល​ចង់​បញ្ចូល​ទឹក​ក្នុង​អាង​បុរាណ​នេះ​ឡើង​វិញ ក្នុង​បំណង​ប្រមូល​ទឹក ដើម្បី​ប្រើប្រាស់ និង​អភិរក្ស​ប្រាសាទ ឡើង​វិញ​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ស្ម័គ្រចិត្ត​ចេញ​ទៅ​រស់នៅ​ភូមិ​រុន​តា​ឯក នា​ថ្ងៃ​ទី​១ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ចង់ឱ្យ​មានទឹក​ក្នុង​បារាយណ៍​ខាងកើត ដែល​អាច​ស្ដុក​ទឹក បាន​៣០​លាន​ម៉ែត្រ​គីប ហើយ​ថា ទោះបី​មិន​បាន​ទាំងអស់ ក៏​បាន​ពាក់កណ្ដាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ