ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជា​កម្មករ​បូម​ខ្សាច់ ស្រវឹងស្រា​បាន​លង់ទឹក​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ សាកសព​យុវជន​ម្នាក់​ជា​កម្មករ​បូម​ខ្សាច់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​មេគង្គ ក្នុង​សភាព​ហើម​ស្អុយ កាលពី​រសៀល​ថ្ងៃ​ទី​១៣ មីនា

ខេត្តកណ្ដាល ៖ សាកសព​យុវជន​ម្នាក់​ជា​កម្មករ​បូម​ខ្សាច់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​មេគង្គ ក្នុង​សភាព​ហើម​ស្អុយ កាលពី​រសៀល​ថ្ងៃ​ទី​១៣ មីនា ស្ថិត​នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ការ​ប្រទះ​ឃើញ​សាកសព​នេះ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​ពីរ​ថ្ងៃ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង បើកកាណូត​ទៅ​ទិញ​ស្រា​ថែម​ទៀត​ក៏​បាត់​រហូត​មក​។ មន្ត្រី​នគរបាល​ស្រុក មុខកំពូល បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ភី សុ​ផាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​បូម​ខ្សាច់ មាន​ទីលំនៅ​ភូមិ​សន្លុង ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង​។

សាក្សី​បំភ្លឺ​បាន​ប្រាប់​នគរបាល​ថា នៅ​យប់​ថ្ងៃ​ទី​១១ មីនា ជន​រង​គ្រោះ បាន​ផឹកស្រា​បៀរ នៅ​លើ​សា​ឡង់​បូម​ខ្សាច់ ជាមួយ​កម្មករ​បូម​ខ្សាច់​ដូច​គ្នា​៤​នាក់​ទៀត​។ ពេល​ផឹក​អស់​ស្រា​នៅ​ម៉ោង​ប្រហែល​១០​យប់ ជន​រង​គ្រោះ​បាន​បើកកាណូត​តែ​ម្នាក់ឯង​ថា​ទៅ​ទិញ​ស្រា​បៀរ​ថែម​ទៀត​។ ពេល​ក្រោយមក​ទៀត​គេ​មិនឃើញ ជន​រង​គ្រោះ​បើកកាណូត ត្រលប់​ទៅ​វិញ​ទេ ក៏​មិន​មានការ​ចាប់អារម្មណ៍​អី​ដែរ​។ លុះ​ពេល​ព្រឹក​ឡើង ទើប​គេ​ឃើញ​កាណូត ដែល​ជន​រង​គ្រោះ បើក​នោះ អណ្ដែត​ទឹកទន្លេ និង​មិនឃើញ​ជន​រង​គ្រោះ ក៏​មានការ​សង្ស័យ​ថា​ជន​រង​គ្រោះ អាច​ស្រវឹងស្រា​ធ្លាក់​ពីលើ​កាណូត ចូល​ក្នុង​ទឹក​បាត់​។

លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៣ មីនា ឈ្មោះ ប៉ាក់ ចាន់​ថន មេការ​បូម​ខ្សាច់​បាន​ចេញ​ធ្វើការ​បូម​ខ្សាច់​ក្នុង​ទន្លេ​កន្លែង​កើតហេតុ​ស្រាប់តែ​ឃើញ​សាកសព​អណ្ដែត​ទឹក ពីលើ​មក​ក្រោម ចម្ងាយ​ពី​ច្រាំង​ប្រហែល​៣០​ម៉ែត្រ​។ ភ្លាម​នោះ​ឈ្មោះ ប៉ាក ចាន់​ថន បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ឈ្មោះ ហិន ច​ន្ថា ដែល​កំពង់​ដើរ​រក​ជន​រង​គ្រោះ​ឲ្យ​មក​មើល និង​ស្រង់​យក​សព​ដែល​អណ្តែត​ទឹក​មក​ដាក់​នៅ​ក្នុង​វត្ត​រកា​កោង​។ នៅ​ថ្ងៃ​ដដែល​ផ្នែក​ជំនាញ​ស្រុក បាន​ចុះ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ពិនិត្យ​សាកសព ជន​រង​គ្រោះ​គឺ​ពិតជា​ឈ្មោះ ភី សុ​ផាត ដែល​បាន​ជិះ​កាណូត​ហើយ​បាត់​ខ្លួន​កាលពី​យប់ ថ្ងៃ​ទី​១១ មីនា ប្រាកដ​មែន​។

នៅ​លើ​ខ្លួន​សាកសព​ពិនិត្យ​ឃើញ​មាន​សភាព​ហើម​ធុំក្លិន និង​មាន​ស្នាម​របកស្បែក​លើ​ដងខ្លួន និង​លើ​មុខ របក​ដោយសារ​កំ​ដៅ​ថ្ងៃ មាន​ឈាម​ហូរ​ចេញ​តាម​មាត់ និង​ច្រមុះ​។ ភ្នែក​ទាំង​ពីរ​លាន អណ្ដាត​ខាំ​ជាប់​ដោយ​ធ្មេញ នៅ​គូថ​មាន​ចេញ​លាមក​។ ការ​សន្និដ្ឋាន ផ្នែក​ជំនាញ និង​គ្រូពេទ្យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​។ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕