ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិសេធ​ថា បុរស​ត្រូវ​ធ្វើឃាត​នៅ​ម៉ា​ឡេ​ស៊ី​ពុំ​មែន​លោក​គី​ម ជុង​ណា​ម

7 ឆ្នាំ មុន

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​១៣ មីនា បាន​បដិសេធ​ថា បុរស​ត្រូវ​គេ​ធ្វើឃាត​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ម៉ា​ឡេ​ស៊ី​ពុំ​មែន​ជា​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង

ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ប្រចាំ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​១៣ មីនា បាន​បដិសេធ​ថា បុរស​ត្រូវ​គេ​ធ្វើឃាត​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ម៉ា​ឡេ​ស៊ី​ពុំ​មែន​ជា​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន​ឡើយ រួច​ចោទប្រកាន់​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​ធ្វើឃាត​នេះ ។

ឯកអគ្គរដ្ឋទូត​រូប​នេះ​លោក KIM IL RYONG ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ការ​ធ្វើឃាត​នេះ​ជា​ផ្លែផ្កា​នៃ​អំពើ​ប្រកបដោយ​គ្រោះថ្នាក់​របស់​អាជ្ញាធរ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ជា​អំពើ​សំដៅ​បំផ្លាញ​មុខមាត់​ថ្លៃថ្នូរ​របស់​កូរ៉េ​ខាងជើង ហើយ​ធ្វើ​ឱ្យ​រលាយ​ប្រព័ន្ធ​សង្គមនិយម ។

លោក KIM IL RYONG ថ្លែង​បែប​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយ​សួរ​ពី​ការ​ធ្វើឃាត​នេះ​នា​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​លោក​រៀបចំ​ធ្វើ​ដើម្បី​ថ្កោលទោស​សេចក្តីថ្លែងការណ៍​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​រិះគន់​ការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចុង​ក្រោយ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ថា​ជា​ការ​គំរាមកំហែង​មួយ​ចំពោះ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ។ លោក​ទទួលស្គាល់​ថា ជន​រង​គ្រោះ​ដោយ​ការ​បំពុល​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ដោយ​អ្នក​វាយប្រហារ​២​នាក់​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួរ ពិតជា​ជនជាតិ​កូរ៉េ​ខាងជើង​កាន់​លិខិតឆ្លងដែន​ការទូត ។

ដោយ​ចង់​និយាយ​យោង​ដល់​ប្រការ​ដែល​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ថា​ជា​បងប្រុស​លោក​គី​ម ជុង​អ៊ុ​ន លោក KIM ថ្លែង​ថា អាជ្ញាធរ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​លើ​កូរ៉េ​ខាងជើង ដោយ​អះអាង​ថា ជន​រង​គ្រោះ​ត្រូវ​បំពុល​ដោយ​សារធាតុបំពុល​ខ្ពស់ VX ។ លោក​បន្ត​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ធ្វើ​បែប​នេះ​សំដៅ​ដុត​កំហឹង​អន្តរជាតិ​ចំពោះ​កូរ៉េ​ខាងជើង ដើម្បី​បង្ក​តាម​គ្រប់​មធ្យោបាយ​នូវ​សង្គ្រាម​នុយក្លេអ៊ែរ​មួយ​ជាមួយ​កូរ៉េ​ខាងជើង ។ លោក​សួរ​ផង​ដែរ​ថា តើ​ពួក​អ្នក​វាយប្រហារ​បាន​សារធាតុ​គីមី​ហាមឃាត់ VX ពី​ណា​មក? លោក​ថា អា​មេ​រិ​ក​មាន​ឃ្លាំង​ស្តុក​ធំ​នូវ​អាវុធ​ខុសច្បាប់​បែប​នេះ ៕